កាលពី​ឆ្នាំ ១៩៨៤ អ្នក​ការសែត​ម្នាក់ បាន​សួរ​លោក បប់ ឌីលែន(Bob Dylan) ថា “តើ​លោក​នៅ​តែ​សង្ឃឹម​ថា  សន្តិភាព​នឹង​កើត​មាន​ដែរ​ឬទេ?” លោក​ឌីលែន​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​មិន​សង្ឃឹម​ថា សន្តិ​ភាព​នឹង​កើត​មាន​ទេ”។ ការ​ឆ្លើយ​តប​របស់​គាត់ បាន​នាំ​ឲ្យ​មាន​ការ​រិះ​គន់ តែ​គេ​មិន​អាច​បដិសេធន៍​បាន​ឡើយ​ថា សន្តិ​ភាព​ នៅ​សម័យ​នោះ គឺ​គ្រាន់​តែ​ជា​ការស្រមើរ​ស្រមៃ​ប៉ុណ្ណោះ។

ប្រហែល​៦០០​ឆ្នាំ មុន​សម័យ​ព្រះយេស៊ូវ​យាង​មក​ចាប់​កំណើត ពួក​ហោរា​ភាគ​ច្រើន​កំពុង​តែ​ថ្លែង​ទំនាយ​ថា សន្តិភាព​នឹង​កើត​មាន។ ប៉ុន្តែ ហោរា​របស់​ព្រះ មិន​បាន​ថ្លែង​ទំនាយ​ដូច​នេះ​ឡើយ។ ហោរា​យេរេមា បាន​រំឭក​ពួក​បណ្តា​ជន អំពីព្រះ​បន្ទូល​ព្រះ​ជា​ម្ចាស់ ដែល​បាន​មាន​បន្ទូល​ថា “ចូរ​ស្តាប់​តាម​ពាក្យ​អញ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ”(យេរេមា ៧:២៣)។ ប៉ុន្តែ​ ពួក​គេ​នៅ​តែ​មិន​អើពើ​ចំពោះ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់ ម្តង​ហើយ​ម្តង​ទៀត។ ពួក​ហោរា​ក្លែង​ក្លាយ​របស់​ពួក​គេ​បាន​ប្រកាស់​ច្រំ​ដែល​ថា សុខ​សន្តិ​ភាព នឹង​កើត​មាន(៨:១១)។ ប៉ុន្តែ លោក​យេរេមា​បាន​ថ្លែង​ទំនាយ អំពី​គ្រោះ​មហន្ត​រាយ។ ទីក្រុង​យេរូសាឡិម​ក៏​បាន​ដួល​រលំ ក្នុង​ឆ្នាំ៥៨៦ មុន​គ្រីស្ទ​សករាជ។

សុខ​សន្តិភាព​កម្រ​កើត​មាន​ណាស់។  ប៉ុន្តែ នៅ​ក្នុង​កណ្ឌ​គម្ពីរ​យេរេមា ដែល​ជា​គម្ពីរ​បទ​ទំនាយ អំពី​ទុក្ខ​វេទនា យើង​បាន​រក​ឃើញ​ព្រះ​មួយ​អង្គ ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ។ ព្រះ​អម្ចាស់​ក៏​បាន​ប្រាប់​រាស្រ្ត​របស់​ទ្រង់ ដែល​ចេះ​តែ​បះ​បោរ​ថា ព្រះ​អង្គ​បាន​ស្រឡាញ់​ពួក​គេ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់​កល្ប ហើយ​ព្រះ​អង្គ​នឹង​សង់ពួក​គេ​ឡើង​វិញ(៣១:៣-៤)។

ព្រះ​ជា​ម្ចាស់ ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់​ និង​សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត។ ជម្នោះ​កើត​មាន ដោយ​សារ​កា​របះ​បោរ ដែល​យើង​មាន​ចំពោះ​ទ្រង់។ អំពើ​បាបបានបំផ្លាញ​សន្តិភាព​របស់​ពិភព​លោក ហើយ​ប្លន់​យក​សន្តិ​ភាព ដែលមាន​នៅ​ក្នុង​ចិត្ត​យើង។ ព្រះ​យេស៊ូវ​បាន​យាង​ចុះ​មក​ក្នុង​លោកិយ​នេះ ដើម្បី​ផ្សៈ​ផ្សា​យើង ឲ្យ​ជា​នឹង​ព្រះ ហើយ​បាន​ប្រទាន​យើង​នូវ​សន្តិភាព​នៅ​ក្នុង​ចិត្ត។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ដូច្នេះ ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយ​សារ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ”(រ៉ូម ៥:១)។ ព្រះ​បន្ទូល​ទ្រង់ គឺ​ជា​ពាក្យ​ដែល​នាំ​មក​នូវ​ក្តី​សង្ឃឹម​បំផុត ដែល​បាន​កត់​ទុក។

ព្រះ​គ្រីស្ទ​បាន​អញ្ជើញ​យើង ឲ្យ​ទទួល​សន្តិភាព ឬភាពសុខសាន្ត​របស់​ទ្រង់ ទោះ​យើង​កំពុង​រស់​នៅ ក្នុង​សមរ​ភូមិ ឬ​កំពុង​រស់​នៅ ក្នុង​តំបន់​ដ៏​ស្ងប់​សុខ ដោយ​គ្មាន​ការ​និយាយ​អំពី​សង្រ្គាម​ក្តី។ —TIM GUSTAFSON