ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ជម្នះ​ការ​នឿយ​ហត់ ជា​ច្រើន​ឆ្នាំ ដែល​បណ្តាល​មក​ពី​ការ​ឈឺ​ចាប់​ដ៏​រាំរ៉ៃ និង​ការ​នឿយ​ណាយ ដោយសារ​ខ្ញុំ​មាន​ភាព​ពិការ​ដែល​ធ្វើ​ឲ្យ​ពិបាក​ផ្លាស់​ទី។ ដោយ​ភាព​ទោមនស្ស ខ្ញុំ​ក៏​បាន​ប្រែ​ជា​មាន​ការ​ទាម​ទា​ច្រើន ហើយ​ក៏​រមិល​គុណ​ផង​ដែរ។ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​រអ៊ូរ​ទាំ អំពី​របៀប​នៃ​ការ​ថែ​ទាំ​ដែល​ស្វាមី​ខ្ញុំ​បាន​ផ្តល់​ឲ្យ​ខ្ញុំ។  ​ខ្ញុំ​មាន​ការ​ធុញ​ទ្រាន់​នឹង​របៀប ដែល​គាត់​សម្អាត​ផ្ទះ។ ទោះ​បី​ជា​ខ្ញុំ​ដឹង​ថា គាត់​ជា​ចុង​ភៅ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​រអ៊ូ​រទាំ​ចំពោះ​ការ​ដែល​គាត់​ធ្វើ​ម្ហូប មិន​បាន​ច្រើន​មុខ។ តែ​ខ្ញុំ​ក៏​មាន​ការ​ស្តាយ​ក្រោយ ពេល​ដែល​គាត់​ចែក​ចាយ​ពី​អារម្មណ៍​របស់​គាត់ ឲ្យ​ខ្ញុំ​ដឹង​ថា ការ​រអ៊ូ​រទាំ​របស់​ខ្ញុំ បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់។ គាត់​មិន​ដឹង​ថា ខ្ញុំ​កំពុង​តែ​មាន​បញ្ហា​អ្វី​ទេ។ ទី​បំផុត ព្រះ​ទ្រង់​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​មើល​ឃើញ​កំហុស​របស់​ខ្លួន​ឯង ហើយ​ខ្ញុំ​ក៏​បាន​សូម​ការ​អត់​ទោស​ពី​គាត់ និង​ពី​ព្រះ​អម្ចាស់។

ការ​ចង់​បាន​ធ្វើ​ដែល​ខុស​ប្លែក​ពី​មុន អាច​បណ្តាល​ឲ្យ​យើង​មាន​ការ​រអ៊ូ​រទាំ ហើយ​ថែម​ទាំង​អាច​នាំ​ឲ្យ​មាន​ភាព​អាត្មា​និយម ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង។ ជន​ជាតិ​អ៊ីស្រាអែល​ធ្លាប់​មាន​បញ្ហា​នេះ ជា​ច្រើន​លើក។ ពួក​គេ​ហាក់​ដូច​ជា​មិនចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ហើយ​ចេះ​តែ​រអ៊ូរ​ទាំ​អំពី​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ជា​ម្ចាស់(និក្ខមនំ ១៧:១-៣)។ ព្រះ​អម្ចាស់​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​រាស្រ្ត​ទ្រង់ នៅ​វាល​រហោ​ស្ថាន ដោយ​ទំលាក់​នំម៉ាណា​ពី​ស្ថាន​សួគ៌​មក​ឲ្យ​ពួក​គេ(១៦:៤) តែ​ពួក​គេ​ចង់​បាន​អាហារ​ផ្សេង​ពី​នោះ​(ជន​គណនា ១១:៤)។ ពួក​គេ​មិន​បាន​អរសប្បាយ​នឹង​ការ​អស្ចារ្យ នៃសេចក្តី​ស្មោះ​ត្រង់ និង​ការ​ថែ​ទាំ​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ជា​រៀង​រាល់​ថ្ងៃ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​បែរ​ជា​ចង់​បាន​អ្វី​ៗ​បន្ថែម​ទៀត​ អ្វី​ៗ​ដែល​ល្អ​ជាង​មុន អ្វី​ៗ​ដែល​ខុស​ប្លែក​ពី​មុន ឬ​សូម្បី​តែ​អ្វី​ដែល​ពួក​គេ​ធ្លាប់​មាន​ក៏​ដោយ(ខ.៤-៦)។ ពួក​គេ​ក៏​បាន​ទៅ​រអ៊ូរ​ទាំ​ដល់​លោក​ម៉ូសេ​ទៀត(ខ.១០-១៤)។

ការ​ទុក​ចិត្ត​សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​ជា​ម្ចាស់ អាច​ជួយ​ឲ្យ​យើង​ប្រកាន់​ខ្ជាប់ នូវ​ការ​ដឹង​គុណ ចំពោះព្រះ​អង្គ។ សព្វ​ថ្ងៃ​នេះ យើង​អាច​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ថែទាំ​យើង តាម​មធ្យោបាយ​ជា​ច្រើន​រាប់​មិន​អស់។—XOCHITL DIXON