ខ្ញុំ​នៅ​ចាំ​ថា ប៉ា​របស់​ខ្ញុំ​ធ្លាប់​និយាយ​ថា គាត់​ពិបាក​នឹង​ដើរ​ចេញ​ពី​ការ​ជជែក​គ្នា ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ អំពី​ការកាត់​ស្រាយ​ខគម្ពីរ​ខុស​ៗ​គ្នា។ ប៉ុន្តែ គាត់​ក៏​បាន​រំឭក​ថា រឿង​ល្អ​ក៏​បាន​កើត​មាន ពេល​ដែល​ភាគី​ទាំង​សង្ខាង​ព្រម​បញ្ចប់ការ​ជជែក​គ្នា​រក​ខុស​រក​ត្រូវ ដែល​គ្មាន​លទ្ធ​ផល។

ប៉ុន្តែ តើ​គេ​ពិត​ជា​អាច​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​មែន​ឬ ពេល​ដែល​ម្នាក់​ៗ​សុទ្ធ​តែ​គិត​ថា ការ​យល់​ឃើញ​របស់​ខ្លួន​ត្រឹម​ត្រូវ ហើយ​សំខាន់​យ៉ាង​ខ្លាំង? យើង​អាច​រក​ឃើញ​ចម្លើយ សម្រាប់​សំណួរ​នេះ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម។ កាល​នោះ អ្នក​អាន​សំបុត្រ​របស់​គាត់​ ស្ថិត​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា ផ្នែក​សង្គម ​នយោបាយ និង​សាសនា បាន​ជា​គាត់​បង្រៀន​ពួក​គេ ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ទោះ​ពួក​គេ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ណា​ក៏​ដោយ(១៤:៥-៦)។

តាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដើម្បី​បញ្ឈប់​ការ​ជជែក​គ្នា រក​ខុស​រក​ត្រូវ​ ដែល​គ្មាន​ទីបញ្ចប់ យើង​ត្រូវ​នឹក​ចាំថា យើង​ម្នាក់​ៗ នឹង​ត្រូវ​ឈរ នៅ​ទី​ជំនុំ​ជម្រះ​របស់​ព្រះ​ជា​ម្ចាស់ ដើម្បីឆ្លើយ ចំពោះ​ការ​អ្វី​ដែល​យើង​បាន​គិត ក៏​ដូច​ជា​អំពី​ការអ្វី​ដែល​យើង​បាន​ប្រព្រឹត្ត ​ចំពោះគ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​ការ​យល់​ឃើញ​ខុសគ្នានោះ(ខ.១០)។

ការប៉ះ​ទង្គិច​គ្នា ដោយ​ពាក្យ​សម្តី ឬ​ការ​យល់​ឃើញ​ដែល​ខុស​គ្នា ពិត​ជា​អាច​ក្លាយ​ជា​ឱកាស សម្រាប់​នឹក​ចាំ​ថា មាន​ការមួយ​ចំនួន ដែល​សំខាន់​ជាង​គំនិត​របស់​យើង ហើយ​ថែម​ទាំង​សំខាន់​ជាង​ការ​កាត់​ស្រាយ​ខគម្ពីរ​របស់​យើង​ផង​ដែរ។​ យើង​ម្នាក់​ៗ​នឹង​ត្រូវ​ឆ្លើយ​នៅ​ចំពោះ​មុខ​ព្រះ​ជា​ម្ចាស់​ថា តើ​យើង​បាន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ថែម​ទាំងស្រឡាញ់​ខ្មាំង​សត្រូវ ដូច​ដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ឬ​ទេ។

សព្វ​ថ្ងៃ​នេះ​ ពេល​ខ្ញុំ​គិត​ពី​រឿង​នេះ ខ្ញុំ​បាន​នឹក​ចាំ​ថា ប៉ា​របស់​ខ្ញុំ​ធ្លាប់​បាន​និយាយ​ថា រឿង​ល្អ​ក៏​បាន​កើត​មាន ពេល​ដែល​ភាគី​ទាំង​សង្ខាង​ព្រម​បញ្ចប់​ការ​ជជែក​គ្នា​រក​ខុស​រក​ត្រូវ ដែល​គ្មាន​លទ្ធ​ផល តែ​គេ​ត្រូវ​បញ្ចប់​ការ​ជជែក​រក​ខុស​រក​ត្រូវនោះ ដោយ​ការ​ស្រឡាញ់ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។—MART DEHAAN