កាល​ខ្ញុំ​កំពុង​ថែ​ទាំ​ម្តាយ​ខ្ញុំ នៅ​មជ្ឈ​មណ្ឌល​ព្យាបាល​ជម្ងឺ​មហារីក ខ្ញុំ​ក៏​បាន​ស្គាល់​អ្នក​ស្រី​ឡូរី(Lori) ដែល​ជា​អ្នក​មើល​ថែ​ស្វាមី​របស់​គាត់​ឈ្មោះ ហ្វ្រែង(Frank) ដែល​ជា​អ្នក​ជម្ងឺ​មហារីក​ម្នាក់​ទៀត  នៅ​បន្ទប់​ផ្សេង ក្នុង​អគារ​តែ​មួយ។ ខ្ញុំ​បាន​ជជែក​គ្នា​លេង ​សើច​សប្បាយ និង​ចែក​ចាយ​ពី​អារម្មណ៍ ហើយ​អធិស្ឋាន​ជា​មួយ​អ្នក​ស្រី​ឡូរី ក្នុង​អគារ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​គ្នា។ យើង​អរសប្បាយ​នៅ​ក្នុង​ការ​យក​អសារ​គ្នា ទៅ​វិញ​ទៅ​មក ក្នុង​អំឡុង​ពេល​ដែល​យើង​កំពុង​តែ​មើល​ថែ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង។

ថ្ងៃ​មួយ ខ្ញុំ​ខក​មិន​បាន​ឡើង​ជិះ​ឡាន​ក្រុង​ឲ្យ​ទាន់​ពេល​វេលា ដែល​ឡាន​ក្រុង​នោះ តែង​តែ​ដឹក​អ្នក​ដែល​រស់​នៅ​ក្នុង​កន្លែង​នោះ ដោយ​ឥត​គិត​ថ្លៃ ទៅ​កន្លែង​លក់​គ្រឿង​ទេស។ អ្នក​ស្រី​ឡូរី​ក៏​ហៅ​ខ្ញុំ ឲ្យ​ឡើង​ជិះ​ឡាន​គាត់ ទៅ​ហាង​ទំនិញ នៅ​ពេល​ល្ងាច​ថ្ងៃ​នោះ។ ខ្ញុំ​ក៏​បាន​ឡើង​ជិះ​ឡាន​គាត់ ទាំង​ស្រក់​ទឹក​ភ្នែក ដោយ​ការ​ដឹង​គុណ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​អរ​គុណ ដែល​អ្នក​គឺ​ជា​មនុស្ស​ល្អ”។ ខ្ញុំ​ពិត​ជា​អរគុណ​គាត់ ដោយ​សារ​គាត់​ជា​មនុស្ស​ល្អ គឺ​មិន​គ្រាន់​តែ​ដោយ​សារ​ការ​អ្វី​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ក្នុង​នាម​ជា​មិត្ត​ភក្តិ​នោះ​ឡើយ។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០០ បាន​បង្ហាញ​ចេញ​នូវ​ការ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដោយសារ​ទ្រង់​គឺ​ជា​ព្រះ គឺ​មិន​គ្រាន់​តែដោយ​សារ​ការ​អ្វី ដែល​ទ្រង់​បាន​ធ្វើ​ប៉ុណ្ណោះ​ឡើយ។ ក្នុង​បទ​គម្ពីរ​នេះ អ្នក​និពន្ធ​បាន​អញ្ជើញ “មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី”(ខ.១) ឲ្យ “ថ្វាយ​បង្គំ​ព្រះ​អម្ចាស់ ដោយ​អរ​សប្បាយ”(ខ.២) ហើយ​ដឹង​ច្បាស់​ថា “ព្រះ​អម្ចាស់ គឺ​ជា​ព្រះ”(ខ.៣)។ ព្រះ​អាទិករ​នៃ​យើង បាន​អញ្ជើញ​យើង ឲ្យ​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់ ឲ្យ “អរ​ព្រះ​គុណ​ទ្រង់ និង​សរសើរ​ដំកើង​ព្រះ​នាម​ទ្រង់”(ខ.៤) ។ ជា​ការ​ពិត​ណាស់ ព្រះ​អម្ចាស់​នៅ​តែ​សក្តិ​សម នឹង​ឲ្យ​យើង​អរ​ព្រះ​គុណ​ជាប់​ជា​និច្ច ដ្បិត​ព្រះ​អង្គ “ល្អ” “សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ស្ថិត​ស្ថេរ​ជា​ដរាប” ហើយ​ “សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់ ក៏​នៅ​អស់​ទាំង​ដំណរ​មនុស្ស​តទៅ”(ខ.៥)។

ព្រះ​ជា​ម្ចាស់ នឹង​នៅ​តែ​ធ្វើ​ជា​ព្រះ​អាទិករ អ្នក​ថែ​រក្សា​ចក្រ​វាល និង​ធ្វើ​ជា​ព្រះ​វរបិតា​នៃ​យើង ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជិត​ស្និទ្ធ។ ព្រះ​អង្គ​សក្តិ​សម​នឹង​ឲ្យ​យើង​ដឹង​គុណ ពេញ​ដោយ​ក្តី​អំណរ​ដ៏​ពិត។—XOCHITL DIXON