កូន​ៗ​របស់​ខ្ញុំ​អរសប្បាយ នឹង​ការ​ជិះ​ស្គី​លើ​ទឹក​កក ដ៏​រំភើប​រីក​រាយ នៅ​ក្រោយ​ផ្ទះ ក្នុង​អំឡុង​ពេល​រដូវ​រងា នៅ​រដ្ឋ​អីដាហូ។ កាល​ពួក​គេ​នៅ​ក្មេង ការ​រៀន​ជិះ​ស្គី​មាន​ឧប​ស័គ្គ​ជា​ច្រើន បាន​ជា​ខ្ញុំ​ពិបាក​នឹង​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បោះ​ជំហាន ទៅ​លើ​ផ្ទៃ​ខាង​លើ​នៃទឹកកក ព្រោះ​ពួក​គេ​ដឹង​ថា ការ​ដួល​នៅ​លើ​ទឹក​កក អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ។ ពេល​ណា​ពួកគេ​រអិល​ជើង​ ខ្ញុំ ឬ​ស្វាមី​របស់​ខ្ញុំ តែង​តែ​ឈោង​ទៅ​ចាប់​ពួក​គេ ឲ្យ​ឈរ​ឲ្យ​ត្រង់​ខ្លួន​ឡើង​វិញ។

ការ​មាន​នរណា​ម្នាក់ នៅ​ចាំ​ជួយ​យើង ពេល​យើង​ដួល​ចុះ គឺ​ជា​រង្វាន់ ឬ​អំណោយ​នៃ​ការ​ជួយ ដូច​ដែល​បាន​ពិពណ៌នា នៅ​ក្នុង​បទ​គម្ពីរ​សាស្តា។ ការ​មាន​គ្នា សម្រាប់​ធ្វើ​ការ​ជា​មួយ ធ្វើ​ឲ្យ​ការងារ​របស់​យើង​កាន់​តែ​មាន​ភាព​រលូន និង​មាន​ប្រសិទ្ធិ​ភាព​(៤:៩) ហើយ​មិត្ត​សំឡាញ់​នាំ​មក​នូវ​ភាព​កក់​ក្តៅ សម្រាប់​ជីវិត​យើង​។ ពេល​ណា​យើង​ជួប​ឧប​ស័គ្គ ការ​មាន​នរណា​ម្នាក់ មក​នៅ​ក្បែរ​យើង ដើម្បី​ផ្តល់​ជំនួយ​ជាក់​ស្តែង និង​ជំនួយ​ផ្លូវ​ចិត្ត គឺ​ពិត​ជា​មាន​ប្រយោជន៍​ណាស់។ ទំនាក់​ទំនង​ដូច​នេះ អាច​ផ្តល់​ឲ្យ​យើង នូវ​កម្លាំង គោល​បំណង និង​ការ​កម្សាន្ត​ចិត្ត។

ពេល​ដែល​យើង​ដួល​ចុះ នៅ​លើ​ទឹកកក​ដ៏​ត្រជាក់​នៃ​ជីវិត ដែល​មាន​ទុក្ខ​លំបាក តើ​យើង​មាន​នរណា​ម្នាក់ នៅ​ចាំ​ជួយ​យើង​ទេ? ព្រះ​ជា​ម្ចាស់ គឺ​ជា​អ្នក​ដែល​នៅ​ចាំ​ជួយ​យើង។ ពុំ​នោះ​ទេ ពេល​ដែល​នរណា​ម្នាក់ ត្រូវ​ការ​មិត្ត​ភក្តិ​ជួយ តើ​យើង​អាច​ជួយ​ជ្រោង​ពួក​គេ​ឡើង ដើម្បី​ធ្វើ​ជា​ការ​ឆ្លើយ​តប​របស់​ព្រះ​ជា​ម្ចាស់​ឬ​ទេ? កាល​ណា​យើង​ចំា​ជួយ​អ្នក​ដទៃ នោះ​ជា​ញឹក​ញាប់ យើង​ក៏​ច្រើន​តែ​រក​បាន​អ្នក​ជួយ​យើង​ផង​ដែរ។ ពេល​ណា​យើង​ហាក់​ដូច​ជា​គ្មាន​នរណា​នៅ​ក្បែរ ដើម្បី​ជួយ​យើង​ឲ្យ​ក្រោក​ឈរ​ឲ្យ​ត្រង់​ខ្លួន យើង​អាច​រក​បាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​ជា​ម្ចាស់​ជា​ជំនួយ ដែល​តែង​តែ​គង់​នៅ​ក្បែរ​យើង​ជា​និច្ច​(ទំនុកដំកើង ៤៦:១)។ កាល​ណា​យើង​ឈោង​ទៅ​រក​ទ្រង់ ទ្រង់​នឹង​ជួយ​ទប់​យើង​ឲ្យ​ឈរ​យ៉ាង​មំា​មួន ដោយ​កាន់​ដៃ​យើង​ជាប់។ —KIRSTEN HOLMBERG