សព្វ​ថ្ងៃ​នេះ យើង​ងាយ​នឹង​កត់​សម្គាល់​ឃើញ​ថា “ការ​សាក់​រូប” កំពុង​តែ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។ អ្នក​ខ្លះ​បាន​សាក់​រូប​តូច​ៗ​ ស្ទើរ​តែ​មើល​មិន​ដឹង។ អ្នក​ខ្លះ​ទៀត រាប់​ចាប់​ពី​កីឡា​ករ ដល់​តារា​ភាព​យន្ត ក៏​ដូច​ជា​មនុស្ស​ទូទៅ​ជា​ច្រើន បាន​សម្រេច​ចិត្ត​សាក់​រូប​ដែល​មាន​ពណ៌​ចម្រុះ ឬ​សាក់​ពាក្យ និង​ការ​រចនា​ផ្សេង​ៗ នៅ​លើ​រូប​កាយ​របស់​ខ្លួន។ រឿង​នេះ​បាន​ក្លាយ​ជា​ទំនោរ​ ដែល​ហាក់​ដូច​ជា​មិន​សាប​រលាប​ដោយ​ងាយ​ៗ​ឡើយ គឺ​ទំនោរ​ដែល​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ជា​សរុប ៣​ពាន់​លាន​ដុល្លា ​ពី​អាជីវ​កម្ម​សាក់​រូប​នៅ​ទូទាំង​ពិភព​លោក ក្នុង​ឆ្នាំ​ ២០១៤ និង​ប្រាក់​ចំណូល​សរុប ៦៦​លាន​ដុល្លា បាន​ពី​ការ​លប់​រូប​សាក់ នៅ​ទូទាំង​ពិភព​លោក។

អ្នក​អាច​មាន​ទស្សនៈ​ផ្សេង​ៗ​គ្នា​ អំពី​ការ​សាក់​រូប រឿង​នេះ​​ តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​បទ​គម្ពីរ​អេសាយ ជំពូក ៤៤ ដែលបាន​ពិពណ៌​នា ក្នុង​ន័យ​ធៀប អំពី​មនុស្ស​ដែល​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា”(ខ.៥)។ ​ការ​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​នេះ គឺ​ជា​ចំណុច​សំខាន់​បំផុត​នៃ​បទ​គម្ពីរ​នេះ​ទាំង​មូល ដែល​បាន​និយាយ អំពី​ការ​ដែល​ព្រះ​អម្ចាស់យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​អ្នក ដែល​ទ្រង់​បាន​ជ្រើស​រើស​(ខ.១)។ ពួក​គេ​អាច​ពឹង​ផ្អែក​លើ​ជំនួយ​របស់​ទ្រង់​(ខ.២) ហើយ​ព្រះអង្គ​នឹង​ប្រទាន​ពរ​ទឹក​ដី និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួក​គេ​(ខ.៣)។ ការ​សរសេរ​ពី​លើ​ដៃ​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា” គឺ​ជាការ​សរសេរ​ពាក្យ​ធម្មតា តែ​មាន​អំណាច ដែល​បាន​បញ្ជាក់​ថា រាស្រ្ត​របស់​ព្រះ​ដឹង​ថា ពួក​គេ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​​ថែរក្សា​ពួក​គេ។

អ្នក​ដែល​ចូល​មក​រក​ព្រះ​ជា​ម្ចាស់ ដោយ​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ អាច​ថ្លែង​ដោយ​ទំនុក​ចិត្ត​ថា ពួក​គេ​ជា “របស់​ផង​ព្រះ​អម្ចាស់”។ យើង​ជា​រាស្ត្រ ជា​ចៀម ជា​កូន ជា​កេរ​អាករ និង​ជា​កន្លែង​ដែល​ទ្រង់​សណ្ឋិត​នៅ។ នេះ​ជា​សេចក្តី​ពិត ដែល​យើង​ត្រូវ​ប្រកាន់ខ្ជាប់ ក្នុង​រដូវ​កាល​នីមួយ​ៗ​នៃ​ជីវិត។ ទោះ​យើង​មិន​បាន​សរសេរ​ពី​លើ​ស្បែក​យើង​ថា យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​អម្ចាស់​ក៏​ដោយ ក៏យើង​នៅ​តែ​អាច​មាន​សង្ឃឹម ដោយ​ដឹង​ថា ព្រះ​វិញ្ញាណ​នឹង​ធ្វើ​បន្ទាល់​ក្នុង​ចិត្ត​របស់​យើង​ថា យើង​ជា​កូន​របស់​ព្រះ(រ៉ូម ៨:១៦-១៧)។—ARTHUR JACKSON