មាន​ពេល​មួយ ស្វាមី​ខ្ញុំ​បាន​អញ្ជើញ​មិត្ត​ភក្តិ​ម្នាក់ ទៅ​ព្រះ​វិហារ។​ បន្ទាប់​ពី​កម្ម​វិធី​ថ្វាយ​បង្គំ​ចប់ មិត្ត​ភក្តិ​នោះ​ក៏​បាន​និយាយ​ថា គាត់ចូល​ចិត្ត​បទ​ចម្រៀង និង​បរិយាកាស​ក្នុង​ព្រះ​វិហារ ប៉ុន្តែ គាត់​មិន​យល់​សោះ​ថា ហេតុ​អ្វី​បាន​ជា​គេ​លើក​ដំកើង​ព្រះយេស៊ូវ​ខ្លាំងយ៉ាង​នេះ? ស្វាមី​ខ្ញុំ​ក៏បាន​ពន្យល់​គាត់​ថា ជំនឿ​លើ​ព្រះ​គ្រីស្ទ គឺ​ជា​ទំនាក់​ទំនង​ជា​មួយ​ព្រះ​គ្រីស្ទ។ បើ​គ្មាន​ទ្រង់​ទេ នោះ​ជំនឿ​លើទ្រង់ នឹង​គ្មាន​ន័យ​អ្វី​ឡើយ។ គឺ​ដោយ​សារ​តែ​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ក្នុង​ជីវិត​យើង ទើប​យើង​អាច​ជួប​ជុំ​គ្នា ហើយ​សរសើរ​ដំកើង​ទ្រង់។

តើ​ព្រះ​យេស៊ូវ​ជា​នរណា ហើយ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ? សាវ័ក​ប៉ុល​បាន​ឆ្លើយ​សំណួរ​នេះ នៅ​ក្នុង​បទ​គម្ពីរ​កូល៉ុស ជំពូក​១។ គ្មាន​នរណា​បាន​ឃើញ​ព្រះ​ជា​ម្ចាស់​ទេ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​ឆ្លុះ​បញ្ចំាង និង​បើក​បង្ហាញ​ព្រះ​ជា​ម្ចាស់​(ខ.១៥)។​ ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ ទ្រង់​បាន​យាង​មក​សុគត ជំនួស​យើង ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប។ អំពើ​បាប​បាន​កាត់​ផ្តាច់​យើង ចេញ​ពី​ភាព​បរិសុទ្ធ​របស់​ព្រះ​ជា​ម្ចាស់ ដូច​នេះ ទាល់​តែ​អង្គ​បុគ្គល​ដែល​ល្អ​ឥត​ខ្ចោះ ទើប​អាច​ផ្សះ​ផ្សា​យើង ឲ្យ​ជា​នឹង​ព្រះ​បាន។ អង្គ​បុគ្គល​នោះ គឺ​ជា​ព្រះ​យេស៊ូវ​(ខ.១៤,២០)។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ព្រះយេស៊ូវ​បាន​ប្រទាន​យើង នូវ​អ្វី​ដែលគ្មាន​នរណា​អាច​ផ្តល់​ឲ្យ​បាន គឺ​ផ្លូវ​ចូល​ទៅ​រក​ព្រះ​វរបិតា និង​ជីវិត​អស់​កល្ប​ជា​និច្ច(យ៉ូហាន ១៧:៣)។

ហេតុអ្វី​បាន​ជា​ទ្រង់​សក្តិ​សម​នឹង​ទទួល​កិត្តិយស​ដ៏​ខ្ពស់​យ៉ាង​នេះ? ព្រោះ​ទ្រង់​បាន​ឈ្នះ​សេចក្តី​ស្លាប់។ ទ្រង់​បាន​បណ្តាល​ឲ្យយើង​ថ្វាយ​ចិត្ត​ដល់​ទ្រង់ ដោយសារ​តែ​សេចក្តី​ស្រឡាញ់ និង​ការ​លះ​បង់​របស់​ទ្រង់។ ទ្រង់​បាន​ប្រទាន​យើង​នូវ​កម្លាំង​ជា​ថ្មី ជារៀង​រាល់​ថ្ងៃ។ ទ្រង់​ជា​អ្វី​ៗ​គ្រប់​យ៉ាង ដល់​យើង!

យើង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ព្រោះ​ទ្រង់​សក្តិសម​នឹង​ទទួល​សិរីល្អ។ យើង​លើក​ដំកើង​ទ្រង់​ឡើង ព្រោះ​ទ្រង់​សក្តិ​សម​នឹង​ឲ្យ​យើង​ដំកើង​ទ្រង់។ ចូរ​យើង​ថ្វាយ​កន្លែង​ដ៏​ខ្ពស់​បំផុត ក្នុង​ចិត្ត​យើង ដាច់​ដល់​ទ្រង់។—KEILA OCHOA