ចាប់​តាំង​ពី​ឆ្នាំ ២០០៦ មក មាន​មនុស្ស​មួយ​ក្រុម បាន​ប្រារព្ធ​ទិវា​មួយ ដែល​ចម្លែក​ខុស​ធម្មតា ដើម្បី​អបអរ​ឆ្នាំ​ថ្មី។ គេ​បាន​ហៅទិវា​នោះ​ថា ថ្ងៃ​ជម្រុះ​ចោល​រឿង​មិន​ល្អ។​​ តាម​ប្រពៃណី​របស់​ជន​ជាតិ​អាមេរិក​ឡាទីន មនុស្ស​ម្នាក់​ៗ​ដែល​ចូល​រួម ក្នុង​ការ​ប្រារព្ធពិធី​នេះ បាន​យក​ក្រដាស់​មក​សរសេរ អំពី​បទ​ពិសោធន៍​មិន​ល្អ ឬ​គួរ​ឲ្យ​ខ្មាស់​អៀន ឬ​ក៏​រឿង​អាក្រក់​ៗ ដែល​ពួក​គេ​ជួប​កាល​ពី​ឆ្នាំចាស់ ហើយ​បោះ​ក្រដាស​នោះ ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កម្ទេច​ក្រដាស។ ពុំ​នោះ​ទេ មាន​អ្នក​ខ្លះ​បាន​យក ញញួរ​ធំ​មួយ មក​វាយ​កម្ទេចវត្ថុ តំណាង​ឲ្យ​រឿង​អាក្រក់​ៗ។

ព្រះគម្ពីរ​មិន​បាន​បង្រៀន​យើង ឲ្យ​មាន​ប្រពៃណី​ដូច​នេះ​ទេ។ ​អ្នក​និពន្ធ​នៃ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១០៣ មិន​គ្រាន់​តែ​បានលើក​ទឹក​ចិត្ត​យើង ឲ្យ​ជម្រុះ​បទ​ពិសោធន៍ ឬ​រឿង​ដែល​មិន​ល្អ​ចោល​ប៉ុណ្ណោះ​ទេ។ គាត់​បាន​រំឭក​យើង​ថា ព្រះ​ជា​ម្ចាស់​បាន​ជម្រុះអំពើ​បាប​របស់​យើង​ចោល​ហើយ។ បទ​គម្ពីរ​នេះ​ក៏​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច ដើម្បី​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ធេង ដែល​ទ្រង់​មាន​ចំពោះ​រាស្រ្ត​ទ្រង់។ គាត់​បាន​ប្រៀប​ធៀប​ភាព​ធំធេង នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ទៅ​នឹង​កម្ពស់​នៃ​ផ្ទៃ​មេឃ ​នៅ​លើផែនដី​(ខ.១១)។ បន្ទាប់​មក បទ​គម្ពីរ​នេះ​ក៏​បាន​និយាយ អំពី​ការ​អត់​ទោស​របស់​ទ្រង់ ដោយ​ប្រៀប​ធៀប​ថា ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​របស់​រាស្រ្ត​ទ្រង់ ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ(ខ.១២)។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​ចង់​ឲ្យ​រាស្រ្ត​របស់​ព្រះ​ដឹង​ថា សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​បាប​របស់​ទ្រង់ គ្មាន​ដែនកំណត់ ហើយ​ក៏​មាន​ភាព​ពេញ​លេញ។ ព្រះ​ជា​ម្ចាស់​បាន​រំដោះ​រាស្ត្រ​ទ្រង់​ពី​អំណាច​នៃ​អំពើ​បាប​របស់​ពួក​គេ ដោយ​អត់​ឱន​ទោស​ឲ្យ​ពួក​គេ​ទាំង​ស្រុង។

នេះ​ជា​ដំណឹងដ៏​ល្អ​ណាស់! យើង​មិន​ចាំ​បាច់​ត្រូវ​រង់​ចំា​ដល់​ពេល​ឆ្នាំ​ថ្មី​មក​ដល់ ដើម្បី​ជម្រុះ​ការ​អាក្រក់ ឬ​អំពើ​បាប​ចោល​នោះ​ឡើយ។ ដោយ​ជំនឿ​លើ​ព្រះ​យេស៊ូវ ពេល​យើង​សារភាព និង​ងាក​ចេញ​ពី​អំពើ​បាប​របស់​យើង ទ្រង់​នឹង​ដក​អំពើ​បាប​នោះ​ចោល ហើយ​បោះ​វា​ចូល​ទៅ​ក្នុង​ជម្រៅ​នៃ​សមុទ្រ។ ថ្ងៃ​នេះ អាច​ជា​ថ្ងៃ​ជម្រុះ​ការ​អាក្រក់ ឬ​អំពើ​បាប​របស់​យើង! —MARVIN WILLIAMS