កាល​ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០ មាន​ផ្ទាំង​គំនូរ​ចម្លែក​ៗ​មួយ​ចំនួន ដែល​ក្នុង​នោះ គេ​បាន​គូរ​រូប​មនុស្ស ឬ​សត្វ ដែល​មាន​ភ្នែក​ធំ​ៗ និង​កំសត់។  ផ្ទាំង​គំនូរ​ប្រភេទ​នេះ​ក៏​បាន​មាន​ប្រជា​ប្រិយ​ភាព នៅ​សម័យ​នោះ។ អ្នក​ខ្លះ​បាន​ចាត់​ទុក​ផ្ទំាង​គំនូរ​ទាំង​នោះ ជា​ស្នាដៃ​សិល្បៈ​ដែល​បង្ហាញ​ពី​អារម្មណ៍ ឬ​មាន​ភាព​មិន​សមរម្យ ខណៈ​ពេល​ដែល​អ្នក​ខ្លះ​ទៀត​បាន​ចូល​ចិត្ត​ផ្ទាំង​គំនូរ​ទាំង​នោះ។ អ្នក​ស្រី​ម៉ាហ្ការែត ឃីន(Margaret Keane) គឺ​ជា​អ្នក​គូររូប​ទាំង​នោះ ហើយ​ស្វាមី​គាត់​បាន​ជួយ​ផ្សព្វ​ផ្សាយ​ស្នា​ដៃ​របស់​គាត់ ហើយ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ ក៏​បាន​ប្រែ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គួរ​សម។ ប៉ុន្តែ គេ​មិន​បាន​ឃើញ​ហត្ថលេខា​របស់​អ្នក​ស្រី​ម៉ាហ្ការែត ដែល​ជា​វិចិត្រករ នៅ​លើ​ផ្ទាំង​គំនូរ​ទាំង​នោះ​ឡើយ។ ផ្ទុយ​ទៅវិញ ស្វាមី​របស់​គាត់​បែរ​ជា​បាន​បង្ហាញ​ប្រាប់​គេ​ថា ផ្ទាំង​គំនូរ​ទាំង​នេះ​ជា​ស្នាដៃ​របស់​ខ្លួន​ទៅ​វិញ។ ដោយសារ​ការ​ភ័យ​ខ្លាច អ្នក​ស្រី​ម៉ាហ្ការែត​ក៏​បាន​បន្ត​នៅ​ស្ងៀម មិន​ហ៊ាន​បក​អាក្រាត​អំពី​ការ​ក្លែង​បន្លំ​នេះ អស់​រយៈ​ពេល​២០​ឆ្នាំ រហូត​ដល់​ពេល​ដែល​ជីវិត​អាពាហ៍​ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​បាន​បញ្ចប់។ នៅ​ពេល​នោះ តុលាការ​ក៏​បាន​តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ គូរ​រូប​ដ៏ល្បី​ល្បាញ​នោះ​ឡើង​វិញ នៅ​ក្នុង​បន្ទប់​កាត់​ក្តី​តែ​ម្តង ដើម្បី​ឲ្យ​ដឹង​ថា នរណា​ជា​ម្ចាស់​ស្នាដៃ​សិល្បៈ​នោះ​ពិត​ប្រាកដ។

គេ​ក៏​បាន​ដឹង​ច្បាស់ អំពី​អំពើ​បោក​ប្រាស់​របស់​បុរស​នោះ  ប៉ុន្តែ ក្នុង​នាម​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ពេល​ខ្លះ យើង​ក៏ប្រហែល​ជា​លើក​សរសើរ​ខ្លួន​ឯង សម្រាប់​អំណោយ​ទាន ដែល​យើង​មាន ជំនាញ​ផ្នែក​ដឹក​នាំ ដែល​យើង​បាន​បង្ហាញ​ចេមក ឬ​អំពើ​សប្បុរស​ដែល​យើង​បាន​ធ្វើ​សម្រាប់​អ្នក​ដទៃ​ជា​ដើម។ ប៉ុន្តែ លក្ខណៈ​សម្បត្តិ​ទាំង​អស់​នោះ អាច​កើត​មាន​ ដោយសារ​តែ​ព្រះ​គុណ​របស់​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ។ ក្នុង​បទ​គម្ពីរ យេរេមា ៩ យើង​ឃើញ​ថា ហោរា​យេរេមា​បាន​ពោល​ទំនួញ អំពី​ការ​ដែល​រាស្រ្ត​របស់​ព្រះ​ខ្វះ​ការ​បន្ទាប​ខ្លួន ហើយ​មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​។ គាត់​ក៏​សរសេរ​ថា ព្រះ​អម្ចាស់​មាន​បន្ទូល​ថា យើង​មិន​គួរ​អួត​អាង អំពី​ប្រាជ្ញា កម្លាំង ឬ​ទ្រព្យ​សម្បត្តិ​របស់​យើង​ទេ តែ​យើង​ត្រូវ​អួត​ថា យើង​បាន​យល់ និង​ដឹង​ថា​ ព្រះអង្គ “ជា​ព្រះយេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្តី​សប្បុរស សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត​នៅ​ផែនដី”(ខ.២៤)។

ចិត្ត​របស់​យើង​នឹង​ពេញ​ដោយ​ការ​ដឹង​គុណ ពេល​ដែល​យើង​បាន​ស្គាល់​អត្ត​សញ្ញាណ​នៃ​ព្រះ​អាទិករ ដែល​បាន​បង្កើត​អ្វី​ៗ ឲ្យ​មាន​ភាព​ស្រស់​ស្អាត ដោយ​ស្នា​ព្រះហស្ត​ដ៏​ល្អ​វិចិត្រ។ “គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ”(យ៉ាកុប ១:១៧)។ រាល់​ការ​សរសើរ​ដំកើង​ទាំង​អស់ គឺ​សម្រាប់​ឲ្យ​យើង​ថ្វាយ ដល់​ព្រះ​ដែល​ជា​អ្នក​ប្រទាន​អំណោយ​ដ៏​ល្អ​គ្រប់​យ៉ាង។—CINDY HESS KASPER