ក្នុង​ក្រុង​របស់​ខ្ញុំ មាន​ហាង​កាហ្វេ​មួយ នៅ​ក្បែរ​ផ្ទះ​ខ្ញុំ ដែល​មាន​ឈ្មោះ​ថា​ ហាង​កាហ្វេ​ហ្វ៊ីកា។ ពាក្យ ហ្វ៊ីកា គឺ​ជា​ពាក្យ​ជា​ភាសា​ស៊ុយអែត ដែល​មាន​ន័យ​ថា សម្រាក​ញាំ​កាហ្វេ និង​នំ​ផ្សេង​ៗ ជា​មួយ​ក្រុម​គ្រួសារ មិត្ត​រួម​ការងារ ឬ​មិត្ត​ភក្តិ។ ខ្ញុំ​មិន​មែន​ជា​ជន​ជាតិ​ស៊ុយ​អែត​ទេ តែ​អត្ថ​ន័យ​នៃ​ពាក្យ​ហ្វ៊ីកា បាន​ពិពណ៌នា អំពី​ការ​អ្វី​ម្យ៉ាង ដែល​ខ្ញុំ​ស្រឡាញ់​បំផុត នៅ​ក្នុង​អង្គ​ព្រះយេស៊ូវ គឺ​ការ​ដែល​ទ្រង់​មាន​ទម្លាប់​ឈប់​ពី​ការងារ ដើម្បី​សោយ​អាហារ និង​សម្រាក​ជា​មួយ​អ្នក​ដទៃ។

អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ​ទាំង​ឡាយ​បាន​មាន​ប្រសាសន៍​ថា ព្រះ​យេស៊ូវ​មិន​បាន​សោយ​អាហារ ដោយ​ចៃដន្យ​ឡើយ។ លោកម៉ាក គ្លែនវីល(Mark Glanville) ដែល​ជា​ទេវវិទូ​បាន​ហៅ​ការ​សោយ​អាហារ​របស់​ព្រះ​អង្គ​ថា “ការ​សោយ​អាហារ​តាមបែប​អ៊ីស្រាអែល ដែល​មាន​អាហារ​ពី​មុខ ដ៏​រីក​រាយ និង​ជា​ការ​អប​អរ តាម​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ពេល​ព្រះ​យេស៊ូវ​គង់​នៅ​តុអាហារ ព្រះ​អង្គ​បាន​សម្តែង​ចេញ​នូវ​លក្ខណៈ ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​មាន គឺ​ធ្វើ​ជាចំណុច​កណ្តាល​នៃ​ក្តី​អំណរ ការ​អប​អរ និង​យុត្តិ​ធម៌ សម្រាប់​លោកិយ​ទាំង​មូល”។

រាប់​ចាប់​ពី​ពេល​ដែល​ទ្រង់​ប្រទាន​អាហារ​ដល់​មនុស្ស​៥​ពាន់​នាក់ រហូត​ដល់​ពេល​ដែល​ទ្រង់​សោយ​អាហារ​ជា​លើក​ចុង​ក្រោយ មុន​ពេល​ទ្រង់​សុគត និង​សូម្បី​តែ​នៅ​ពេល​ទ្រង់​សោយ​អាហារ​ជា​មួយ​អ្នក​ជឿ​ពីរ​នាក់ បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​(លូកា ២៤:៣០) ព្រះ​រាជ​កិច្ច​នៃ​តុ​អាហារ​របស់​ព្រះ​អង្គ បាន​អញ្ជើញ​យើង ឲ្យ​ផ្អាក​ភាព​មមា​ញឹក​មួយ​រយៈ​ពេល​សិន ហើយ​ចូល​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់​វិញ។ ជា​ការ​ពិត​ណាស់ ទាល់​តែ​អ្នក​ជឿ​ទាំង​ពីរ​នាក់​នោះ​បាន​ញាំ​អាហារជា​មួយ​ព្រះ​យេស៊ូវ ទើប​ពួក​គេ​មើល​ទ្រង់​ស្គាល់ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះ​អម្ចាស់​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ “ទ្រង់​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ។ នោះ​ភ្នែក​គេ​បាន​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​” ព្រះគ្រីស្ទដ៏​មាន​ព្រះ​ជន្ម​រស់(ខ.៣០-៣១)។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​អង្គុយ ជា​មួយ​មិត្ត​ភក្តិ​ នៅ​ក្នុង​ហាង​កាហ្វេ​ហ្វ៊ីកា ដោយ​អរ​សប្បាយ​នឹង​ទឹក​សូកូឡា​ក្តៅ ជា​មួយ​នឹង​នំប៉័ង​ដុំ​មូល​ៗ ហើយ​យើង​ក៏​បាន​ជជែក​គ្នា អំពី​ព្រះ​យេស៊ូវ​ផង​ដែរ។ ព្រះ​អង្គ​ជា​នំប៉័ង​ជីវិត។ ចូរ​យើង​នៅ​ចូល​តុជា​មួយ​ព្រះ​អង្គ ហើយ​ស្វែង​យល់​បន្ថែម​អំពី​ព្រះ​អង្គ។—PATRICIA RAYBON