កាល​ខ្ញុំ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន ខ្ញុំ​មាន​ឱកាស​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជា​ច្រើន ដែល​មាន​អំណោយ​ទាន និង​ស្លូត​បូត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​ពេល​មួយ គម្រោង​របស់​យើង​ត្រូវ​បាន​ដឹក​នាំ ដោយ​អ្នក​គ្រប់​គ្រង​ដែល​មក​ពី​ក្រៅ​ក្រុង​។ ទោះ​បី​ជា​ក្រុម​ការងារ​យើង​បាន​នំា​ឲ្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​ណាក៏​ដោយ រៀង​រាល់​សប្តាហ៍ អ្នក​គ្រប់​គ្រង​រូប​នេះ​បាន​ទូរស័ព្ទ​មក​យើង ដោយ​រិះ​គន់​ការងារ​យើង​ ដោយ​មិន​សំចៃ​ដៃ ហើយ​បាន​ទាម​ទា​ឲ្យ​យើង​ មាន​ការ​ប្រឹង​ប្រែង​បន្ថែម​ទៀត។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត និង​ភ័យ​ខ្លាច។ ជួន​កាល ខ្ញុំ​ចង់​លា​ឈប់​ពី​ការងារ។

លោក​ម៉ូសេ​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ថា ចង់​បោះ​បង់​ការ​តស៊ូ​ផង​ដែរ ពេល​ដែល​គាត់​ទៅ​ជួប​ស្តេច​ផារ៉ោន ក្នុង​អំឡុង​ពេល​ដែល​គ្រោះ​ចង្រៃ​នៃ​ភាព​ងងឹត បាន​កើត​មាន​នៅ​ស្រុក​អេស៊ីព្ទ។ ព្រះ​ជា​ម្ចាស់​ក៏​បាន​ទម្លាក់​គ្រោះ​ចង្រៃ​៨ប្រភេទ​ទៀត មក​លើ​ស្រុក​អេស៊ីព្ទ ហើយ​ទី​បំផុត​ស្តេច​ផារ៉ោន​ក៏​បាន​ផ្ទុះ​កំហឹង​ដាក់​គាត់ ដោយ​បន្ទូល​ថា “ថយ​ចេញ​ពី​អញ​ទៅ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មក​នៅ​មុខ​អញ​ទៀត​ឡើយ ដ្បិត​បើ​ថ្ងៃ​ណា​ដែល​ឯង​មក​នៅ​មុខ​អញ នោះ​ឯង​នឹង​ត្រូវ​ស្លាប់”(និក្ខមនំ ១០:២៨)។

ទោះ​បី​ជា​លោក​ម៉ូសេ​បាន​ទទួល​ការ​គំរាម​បែប​នេះ​ក៏​ដោយ ក៏​ព្រះ​ជា​ម្ចាស់​នៅ​តែ​បន្ត​ប្រើ​គាត់ ដើម្បី​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល ឲ្យ​រួច​ពី​ការ​គ្រប់​គ្រង​របស់​ស្តេច​ផារ៉ោន។ ដោយសារ​សេចក្តី​ជំនឿ នោះ​លោក​ម៉ូសេក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោតខ្លាច​ដល់​សេចក្តី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ(ហេព្រើរ ១១:២៧)។ លោក​ម៉ូសេ​បាន​យក​ឈ្នះ​ស្តេច​ផារ៉ោន ដោយ​ជឿ​ថា ព្រះ​ជា​ម្ចាស់​នឹង​រំដោះ​រាស្រ្ត​ទ្រង់ តាម​ព្រះ​បន្ទូល​សន្យា​(និក្ខមនំ ៣:១៧)។

សព្វ​ថ្ងៃ​នេះ យើង​ក៏​អាច​ពឹង​ផ្អែក​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ដែល​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង​គ្រប់​ពេល​វេលា ដោយ​ទ្រទ្រង់​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ ព្រះ​អង្គ​ជួយ​យើង ឲ្យ​ជម្នៈ​សម្ពាធ​នៃការ​គំរាម​កំហែង និង​ការ​ឆ្លើយ​តប​ខុស ដោយ​ប្រទាន​យើង នូវ​អំណាច​ សេចក្តី​ស្រឡាញ់ និង​ការ​ដឹង​ខ្នាត​(២ធីម៉ូថេ ១:៧)។ ព្រះ​វិញ្ញាណ​នៃ​ព្រះ​ប្រទាន​ឲ្យ​យើង​មាន​សេចក្តី​ក្លាហាន ដែល​យើង​ត្រូវ​ការ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ និង​ដើរ​តាម​ការ​ដឹក​នាំ​របស់​ទ្រង់ ក្នុង​ជីវិត​យើង។—JENNIFER BENSON SCHULDT