ជីដូន​របស់​ខ្ញុំ​ជា​ជាង​កាត់​ដេរ​ដ៏​ស្ទាត់​ជំនាញ ដែល​បាន​ឈ្នះ​ការ​ប្រកួត នៅ​ក្នុង​ស្រុក​កំណើត​របស់​គាត់ នៅ​រដ្ឋ​តិច​សាស់។ ពេញ​មួយ​ជីវិត​គាត់ គាត់​បាន​អប​អរ​ឱកាស ឬ​ព្រឹត្តិការ​ពិសេស​ៗ ដោយ​ប្រើ​អំណោយ​ទាន​កាត់​ដេរ​ដោយ​ផ្ទាល់​ដៃ។ ឧទាហរណ៍ គាត់​បាន​ចាក់​អាវ​រងា​ពណ៌​ឈាម​ជ្រូក ធ្វើ​ជា​អំណោយ​សម្រាប់​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​ខ្ញុំ​នៅ​វិទ្យាល័យ។ ហើយ​គាត់​ក៏​បាន​ដេរ​ភួយ​ពណ៌​បៃតង​ខ្ចី សម្រាប់​ថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ។ ពេល​ខ្ញុំ​មើល​ទៅ​ជាយ​អាវ និង​ភួយ​ទាំង​នោះ ខ្ញុំ​ក៏​បាន​រក​ឃើញ​ហត្ថលេខា​របស់​គាត់ ដែល​បាន​សរសេរ​ថា “ផលិត​ដោយ​ជីដូន​របស់​អ្នក”។ ពាក្យ​ដែល​គាត់​បាន​ប៉ាក់​ពី​លើ​ក្រណាត់​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំពី​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ខ្ញុំ ហើយ​បាន​បង្ហាញ​ក្តី​ជំនឿ​របស់​គាត់​ផង​ដែរ។

សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ ដោយ​បញ្ជាក់​អំ​ពី​គោល​បំណង​នៃ​ជីវិត​របស់​ពួក​គេ ក្នុង​ពិភព​លោក​នេះ។ គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​ថា ពួក​គេ​គឺ​ជា “ស្នា​ដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះ​គ្រីស្ទយេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជា​មុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម”(២:១០)។ ត្រង់​ចំណុច​នេះ ពាក្យ “ស្នាដៃ” គឺមាន​ន័យ​ថា ស្នា​ដៃ​សីល្បៈ ឬ​ស្នា​ដៃ​ឯក។ បន្ទាប់​មក សាវ័ក​ប៉ុល​ក៏​បាន​ពិពណ៌​នា​ថា ព្រះ​ជា​ម្ចាស់​បាន​បង្កើត​យើង ឲ្យធ្វើ​ជា​ស្នា​ព្រះហស្ត​ទ្រង់ ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ល្អ ឬ​បង្ហាញ​ចេញ​នូវ​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ព្រះ​យេស៊ូវ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ក្នុង​លោកិយ​នេះ។ យើង​មិន​អាច​ជួយ​សង្រ្គោះ​ខ្លួន​ឯង ដោយ​ការ​ប្រព្រឹត្ត​ល្អ​បាន​ទេ ប៉ុន្តែ ដោយ​សារ​ព្រះ​បាន​បង្កើត​យើង​មក ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់ នោះ​ទ្រង់​ក៏​អាច​ប្រើ​យើង ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ទ្រង់​ផង​ដែរ។​

ជី​ដូន​របស់​ខ្ញុំ​បាន​ឈ្ងោក​ទៅ​រក​ម្ជុល​របស់​គាត់ ដើម្បី​ដេរអាវ និង​ភួយ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់ ដែល​គាត់​មានចំពោះ​ខ្ញុំ​ និង​បង្ហាញ​ចិត្ត​ដែល​ចង់​ឲ្យ​ខ្ញុំ​រក​ឃើញ​គោល​បំណង​នៃ​ជីវិត នៅ​លើ​ផែន​ដី​នេះ។ ព្រះ​ហស្ត​ទ្រង់​បាន​បង្កើតឲ្យ​មាន​ភាព​លម្អិត នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​ទ្រង់​ក៏​បាន​ដេរ​ភ្ជាប់​សេចក្តី​ស្រឡាញ់ និង​បំណង​ព្រះ​ទ័យ​ទ្រង់ ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​បាន​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ផ្ទាល់​ខ្លួន ហើយ​បង្ហាញ​ស្នា​ព្រះ​ហស្ត​ទ្រង់ ដល់​អ្នក​ដទៃ។—ELISA MORGAN