លោក​ភីលីព(Phillipe) ដែល​ជា​អ្នក​ផលិត​នាឡិការ​ស្វីស បាន​ប្រើ​កែវ​ពង្រីក និង​ដង្កៀប​តូច​ៗ ដើម្បី​ពន្យល់​ខ្ញុំ​យ៉ាង​លម្អិត អំពី​របៀប​ដែល​គាត់​ដោះ​គ្រឿង​តូច​ល្អឹត​នីមួយ​ៗ​របស់​នាឡិការ​អូតូម៉ាទិច ដើម្បី​សម្អាត ហើយ​ផ្គុំ​ចូល​គ្នា នៅ​ក្នុង​នាឡិការ​ដ៏​ពិសេស​នោះ​វិញ។ ខណៈ​ពេល​ដែល​យើង​កំពុង​មើល​គ្រឿង​ល្អិត​ៗ​ទាំង​នោះ លោក​ភីលីព​ក៏​បានបង្ហាញ​រេស្ស័រ ដែល​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​នៃ​នាឡិការ​នោះ។ រេស្ស័រ​នោះ គឺ​ជា​ផ្នែក​សំខាន់​ជាង​គេ ដែល​ធ្វើ​ឲ្យ​ស្ពឺ​ទាំង​អស់​មាន​ចលនា ធ្វើ​ឲ្យ​នាឡិការ​ដើរ​ទៀង​ពេល។ បើ​គ្មាន​វា​ទេ នោះ​នាឡិការ​អូតូម៉ាទិច មិន​អាច​ដំណើរ​ការ​បាន​ឡើយ ទោះ​នាឡិការ​អូតូម៉ាទិក​នោះ ត្រូវ​បាន​គេផ​លិត ដោយ​ជំនាញ​ពិសេស​យ៉ាង​ណា​ក៏​ដោយ។

ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី​ដ៏​មាន​ន័យ ក្នុង​កណ្ឌ​ហេព្រើរ អ្នក​និពន្ធ​បាន​សរសើរ​ដំកើង​ព្រះ​យេស៊ូវ ជា​ញឹក​ញាប់ ដោយ​ប្រើពាក្យ​ពេចន៍​យ៉ាង​ប៉ិន​ប្រសប់​ថា ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ ផ្នែក​លម្អិត​នីមួយ​ៗ​នៃ​ចក្រ​វាល​របស់​យើង ត្រូវ​បាន​ព្រះ​យេស៊ូវ​បង្កើត​យ៉ាង​ត្រឹម​ត្រូវ ដូច​ជា​គ្រឿង​ដ៏​តូច​ល្អិត នៃ​នាឡិការ​អូតូម៉ាទិក​(ហេព្រើរ ១:២)។ ព្រះ​អង្គ​បាន​បង្កើត​អ្វី​ៗ​គ្រប់​យ៉ាង គឺ​រាប់​ចាប់​ពី​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដ៏​ធំ​ល្វឹង​ល្វើយ រហូត​ដល់​ស្នាម​ម្រាម​ដៃ​ដ៏​តូច​ល្អិត។

ប៉ុន្តែ ព្រះយេស៊ូវ​មិន​គ្រាន់​តែជា​ព្រះ​អាទិករ​ដែល​បាន​បង្កើត​អ្វី​ៗ​គ្រប់​យ៉ាង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​មាន​សារៈ​សំខាន់ ចំពោះ​ដំណើរ​ការ និង​ការ​ចម្រើន​ឡើង​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់​ផង​ដែរ គឺ​ប្រៀប​ដូច​ជា​រេស្ស័រ ដែល​ធ្វើ​ឲ្យ​នាឡិការ​ដំណើរការ។ ព្រះ​ហស្ត​របស់​ទ្រង់ បាន​បន្ត “ទ្រទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយសារ​ព្រះបន្ទូល​ដ៏​មាន​ព្រះចេស្តា​នៃ​ទ្រង់”(ខ.៣) ដោយ​ធ្វើ​ឲ្យ​អ្វី​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត មាន​ដំណើរ​ការ​រួម​គ្នា នៅ​ក្នុង​ភាព​លម្អិត​ដ៏​ស្មគ្រ​ស្មាញ។

ខណៈ​ពេល​ដែល​អ្នក​មាន​ឱកាស​ពិសោធន៍​នឹង​សម្រស់ នៃ​ស្នា​ព្រះ​ហស្ត​ព្រះ នៅ​ថ្ងៃ​នេះ សូម​ចាំ​ថា “របស់​ទាំង​អស់​ស្ថិត​ស្ថេរ ដោយ​សារ​ទ្រង់”(កូឡ៉ុស ១:១៧)។ ចូរ​យើង​ទទួល​ស្គាល់​តួនាទី​ចម្បង​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ការ​បង្កើត ក៏​ដូច​ជា​ការ​ទ្រទ្រង់​ចក្រ​វាល ហើយ​សូម​ឲ្យ​ការ​ទទួល​ស្គាល់​នេះ នាំ​ឲ្យ​យើង​មាន​អំណរ និង​ឆ្លើយ​តប​ដោយ​ការសរសើរ​ដំកើង ខណៈ​ពេល​ដែល​យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ផ្គត់​ផ្គង់​យើង ជា​រៀង​រហូត។—LISA SAMRA