ពួក​ជំនុំ​ដ៏​តូច​របស់​ខ្ញុំ បាន​សម្រេច​ចិត្ត​ធ្វើ​អំណោយ​ដ៏​ភ្ញាក់​ផ្អើល​មួយ សម្រាប់​កូន​ប្រុស​ខ្ញុំ នៅ​ថ្ងៃ​បុណ្យ​ខួប​កំណើតរបស់​គាត់ នៅ​អាយុ​៦​ឆ្នាំ។ សមាជិក​ព្រះ​វិហារ​មួយ​ចំនួន បាន​តុប​តែង​បន្ទប់​សាលា​រៀន​ថ្ងៃ​អាទិត្យ ដោយ​ចង​ព្យួរ​ប៉េងប៉ោង និង​តម្រៀប​តុ​តូច​មួយ ដោយ​មាន​នំ​ខួប​កំណើត​នៅ​លើ​នោះ។ ពេល​កូន​ប្រុស​ខ្ញុំ​បើក​ទ្វារ​បន្ទប់​នោះ​ឡើង យើងទាំង​អស់​គ្នាក៏​បាន​ស្រែក​ឡើង​ព្រម​គ្នា​ថា​ “រីក​រាយ​ថ្ងៃ​កំណើត”។

ក្រោយ​មក ពេល​ខ្ញុំ​កំពុង​កាត់​នំ​ខួប​កំណើត កូន​ប្រុស​ខ្ញុំ​ក៏​បាន​មក​ក្បែរ​ខ្ញុំ ហើយ​ខ្សិប​ដាក់​ត្រចៀក​ខ្ញុំ​ថា “ម៉ាក់ ហេតុ​អ្វី នៅ​ទីនោះ គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ស្រឡាញ់​ខ្ញុំ?” ខ្ញុំ​ក៏​មាន​សំណួរ​ដូច​គាត់​ផង​ដែរ។ ពួក​គេ​បាន​ស្គាល់​យើង​ប្រហែល៦​ខែ​ប៉ុណ្ណោះ តែ​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​យើង ដូច​មិត្ត​ភក្តិ​ដែល​ពួក​គេ​បាន​រាប់​អាន​តាំង​ពី​យូរ​មក​ហើយ។

សេចក្តី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​កូន​ប្រុស​ខ្ញុំ បាន​ឆ្លុះ​បញ្ចាំង អំពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ជា​ម្ចាស់ មាន​ចំពោះ​យើង​រាល់​គ្នា។ យើង​មិន​អាច​យល់​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្រឡាញ់​យើង តែ​ទ្រង់​បាន​ស្រឡាញ់​យើង ហើយ​ទ្រង់​បាន​ប្រទាន​ក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ឥត​សំចៃ។​ យើង​មិន​បាន​ធ្វើ​អ្វី ដែល​សម​នឹង​ទទួល​សេចក្តី​ស្រឡាញ់របស់​ទ្រង់​ឡើយ តែ​ទ្រង់​បាន​ស្រឡាញ់​យើង ខ្លាំង​យ៉ាង​នេះ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “ព្រះ​ជា​សេចក្តី​ស្រឡាញ់”(១យ៉ូហាន ៤:៨)។ សេចក្តី​ស្រឡាញ់​ជា​ផ្នែក​មួយ​នៃ​អត្ត​សញ្ញាណ​របស់​ទ្រង់។

ព្រះ​ជា​ម្ចាស់​បាន​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ មក​លើ​យើង យ៉ាង​ហូរ​ហៀរ ដើម្បី​ឲ្យ​យើង​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដល់​អ្នក​ដទៃ។ ព្រះ​យេស៊ូវ​បាន​ប្រាប់​សាវ័ក​របស់​ទ្រង់​ថា “ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៤-៣៥)។

សមាជិក​ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ស្រឡាញ់​ខ្ញុំ និង​កូន​ខ្ញុំ​យ៉ាង​នេះ ដោយ​សារ​ពួក​គេ​មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅក្នុង​ពួក​គេ។ សេចក្តី​ស្រឡាញ់​ទ្រង់​បាន​បញ្ចេញ​ពន្លឺ​តាម​រយៈ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​គេ​ដឹង​ថា ពួក​គេ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ។ យើង​មិន​អាច​យល់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ឲ្យ​បាន​ទាំង​ស្រុង​ទេ តែ​យើង​អាច​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​នោះ​ដល់​អ្នក​ដទៃ ដោយ​ធ្វើ​ជា​គំរូ ឲ្យ​គេ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដែល​មិន​អាច​ពិពណ៌នា​បាន។—KEILA OCHOA