ពេល​ដែល​ភរិយា​របស់​លោក​មៃឃល(Michael)មាន​ជម្ងឺ ដល់​តំណាក់​កាល​ចុង​ក្រោយ គាត់​ចង់​ឲ្យ​ភរិយា​គាត់ពិសោធ​នឹង​សន្តិភាព ដែល​គាត់​បាន​ទទួល តាម​រយៈ​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់។ គាត់​ក៏​បាន​ចែក​ចាយ​អំពី​ជំនឿ​របស់​គាត់​ ដល់​នាង តែ​នាង​មិន​ចាប់​អារម្មណ៍​សោះ។​ ថ្ងៃ​មួយ ខណៈ​ពេល​ដែល​គាត់​កំពុង​ដើរ ក្នុង​បណ្ណា​គារ ​ប្រចាំ​តំបន់ គាត់​ក៏​បាន​ចាប់​អារម្មណ៍​ចំពោះ​សៀវភៅ​មួយ​ក្បាល ដែល​មាន​ចំណង​ជើង​ថា ព្រះ​អង្គ​អើយ តើ​ទ្រង់គង់​នៅ​ទីនេះ​ទេ?  គាត់​មិន​ដឹង​ថា ភរិយា​គាត់​នឹង​ឆ្លើយ​តប​យ៉ាង​ណា ចំពោះ​សៀវភៅ​នោះ​ទេ បាន​ជា​គាត់​ដើរ​ចេញ​ចូល​ៗ ក្នុង​បណ្ណាគារ​នោះ​ជា​ច្រើន​ដង ទំរាំ​តែ​គាត់​សម្រេច​ចិត្ត​ទិញ​វា នៅ​ទី​បញ្ចប់។​ គាត់​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ពេល​ដែល​នាង​ទទួល​យក​សៀវ​ភៅ​នោះ។

សៀវភៅ​នោះ​បាន​ធ្វើ​ឲ្យ​នាង​ប៉ះ​ពាល់​ចិត្ត ហើយ​នាង​ក៏​បាន​ចាប់​ផ្តើម​អាន​ព្រះ​គម្ពីរ​ផង​ដែរ។ ពីរ​សប្តាហ៍​ក្រោយ​មក ភរិយា​របស់​លោក​មៃឃល​ក៏​បាន​លាចាក​លោក ដោយ​មាន​សន្តិ​ភាព​ជា​មួយ​ព្រះ​ជា​ម្ចាស់ ហើយ​បាន​សម្រាក ក្នុង​ការ​ធានា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ ឬ​បោះ​បង់​ចោល​នាង​ឡើយ។

ពេល​ដែល​ព្រះ​ជា​ម្ចាស់​ត្រាស​ហៅ​លោក​ម៉ូសេ ឲ្យ​ដឹក​នាំ​រាស្រ្ត​ទ្រង់ ចេញ​ពី​នគរ​អេស៊ីព្ទ ទ្រង់​មិន​បាន​សន្យា​ថា ទ្រង់នឹង​ប្រទាន​អំណាច​ចេស្តា​ដល់​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សន្យា​ថា “ទ្រង់​នឹង​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច”(និក្ខមនំ ៣:១២)។ មុន​ពេល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ទ្រង់ ដោយ​សន្យា​ថា នឹង​ប្រទាន​ព្រះ​វត្ត​មាន​ដ៏​អស់​កល្ប​របស់​ព្រះ ដែល​ពួក​គេ​អាច​ទទួល​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ(យ៉ូហាន ១៥:២៦)។

មាន​ការ​ជា​ច្រើន​ដែល​ព្រះ​អាច​ប្រទាន​យើង ដើម្បី​ជួយ​ឲ្យ​យើង​អាច​ឆ្លង​កាត់​បញ្ហា​ប្រឈម ក្នុង​ជីវិត ដែល​មាន​ដូច​ជា ការ​កម្សាន្ត​ចិត្ត​ផ្នែក​សម្ភារៈ ការ​ប្រោស​ឲ្យ​ជា និង​ដំណោះ​ស្រាយ​ភ្លាម​ៗ​សម្រាប់​បញ្ហា​របស់​យើង​ជា​ដើម។ ប៉ុន្តែ អំណោយ​ល្អ​បំផុត គឺ​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ។ យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត​ដ៏​ប្រសើរ​បំផុត ដោយ​ដឹង​ថា​ ទោះ​ជាមាន​អ្វី​កើត​ឡើង​ក្នុង​ជីវិត​ក៏​ដោយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច ដោយ​មិន​ចាក​ចេញ ឬ​បោះ​បង់​យើង​ឡើយ​។—LESLIE KOH