តើ​ថ្ងៃ​រះ​នៅ​ទិស​ខាង​កើត​ឬ? តើ​ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​ឬ? តើ​ទឹក​សមុទ្រ​មាន​រស់​ជាតិ​ប្រៃ​ឬ? តើ​អាតូម​របស់​អង្គធាតុ​កូបាល់ មាន​ទម្ងន់​៥៨,៩​ឬ? ទោះ​អ្នក​មាន​ជំនាញ​ផ្នែក​វិទ្យា​សាស្រ្ត ឬ​គ្រាន់​តែ​ចូល​ចិត្ត​ស្វែង​យល់ អំពី​វិទ្យា​សាស្រ្ត ជា​ការ​កម្សាន្ត​ក្តី យើង​ត្រូវ​ឆ្លើយ​ថា “បាទ ឬ​ចាស” ចំពោះ​សំណួរ​ទាំង​អស់​នេះ។ តាម​ពិត សំណួរ​ដូច​នេះ មាន​បង្កប់​ការ​ចម្អក ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា ថ្ងៃ​រះ​នៅ​ទិស​ខាង​កើត។

បើ​យើង​មិន​ប្រយ័ត្ន​ទេ ជួន​កាល ត្រចៀក​ដ៏​ទាន់​សម័យ​របស់​យើង ប្រហែល​ជា​ស្តាប់​ឮ​ការ​ចម្អក នៅ​ក្នុង​សំណួរ​របស់ព្រះ​យេស៊ូវ​ដែល​បាន​សួរ​បុរស​ម្នាក់​ថា “តើ​អ្នក​ចង់​បាន​ជា​ឬ​ទេ?”(យ៉ូហាន ៥:៦)។ ហើយ​មនុស្ស​សម័យ​ទំនើប ប្រហែល​ជា​ចង់​ឆ្លើយ​ថា “តើ​ព្រះ​អង្គ​និយាយ​លេង​ឬ? ទូល​បង្គំ​ចង់​ឲ្យ​ព្រះ​អង្គ​ជួយ ប្រហែល​៣៨​ឆ្នាំ​ហើយ!” ប៉ុន្តែ សំណួរ​របស់​ព្រះ​អង្គ​គ្មាន​ការ​ចម្អក​ទេ។ នេះ​ជា​ការ​ពិត​មែន។ ព្រះ​សូរ​សៀង​របស់​ព្រះ​យេស៊ូវ តែង​តែ​មាន​ពេញ​ដោយការ​អាណឹត ហើយ​សំណួរ​របស់​ទ្រង់ តែង​តែ​បាន​ចោទ​សួរ​យើង ដើម្បី​ប្រយោជន៍​យើង​ទាំង​អស់។

ព្រះយេស៊ូវ​ជ្រាប​ថា បុរស​នោះ ពិត​ជា​ចង់​ជា​ពី​ជម្ងឺ។ ទ្រង់​ក៏​ជ្រាប​ផង​ដែរ​ថា គេ​មិន​បាន​ខ្វល់​ពី​គាត់ តាំង​ពី​យូរ​មក​ហើយ​។ មុន​ពេល​ព្រះយេស៊ូវ​ធ្វើ​ការ​អស្ចារ្យ​មួយ​នេះ បំណង​ព្រះ​ទ័យ​របស់​ទ្រង់ គឺ​ដើម្បី​ប្រទាន​ក្តី​សង្ឃឹម​ដល់​គាត់​ឡើង​វិញ។ ទ្រង់​ក៏​បាន​ប្រទាន​ក្តី​សង្ឃឹម ដោយ​សួរ​សំណួរ​ដ៏​មាន​ន័យ​នោះ ហើយ​បន្ទាប់​មក ទ្រង់​ក៏​បាន​អនុញ្ញាត​ឲ្យ​គាត់​ឆ្លើយ​តប ដោយ​ប្រាប់​គាត់​ថា “ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ”(ខ.៨)។ យើង​ម្នាក់​ៗ​សុទ្ធ​តែមាន​ផ្នែក​ណា​មួយ​នៃ​ជីវិត​យើង ដែល​ក្តី​សង្ឃឹម​បាន​ក្រៀម​ស្វិត ដូច​បុរស​ពិការ​នោះ​ដែរ។​ តែ​ទ្រង់​បាន​ទត​ឃើញ​យើង ​ហើយ​បាន​អញ្ជើញ​យើង ដោយ​ព្រះ​ទ័យ​អាណឹត ឲ្យ​ទទួល​យក​ក្តី​សង្ឃឹម និង​មាន​ជំនឿ​លើ​ទ្រង់។ —JOHN BLASÉ