កាល​នៅ​តូច ពេល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ប្រទេស​ហ្កាណា ខ្ញុំ​ចូល​ចិត្ត​កាន់​ដៃ​ឪពុក​របស់​ខ្ញុំ ដើរ​នៅ​ក្នុង​កន្លែងដែល​មាន​មនុស្ស​ច្រើន​កុះករ​។ គាត់​ជា​ឪពុក និង​ជា​មិត្ត​សំឡាញ់​របស់​ខ្ញុំ។ តាម​វប្បធម៌​នៅ​ប្រទេស​ខ្ញុំ ការ​កាន់​ដៃ​គ្នា គឺ​ជា​សញ្ញា​សំគាល់​នៃ​មិត្ត​ភាព។ ខណៈ​ពេល​ដែល​យើង​កំពុង​ដើរ យើង​បាន​ជជែក​គ្នា អំពី​ប្រធាន​បទ​ផ្សេង​ៗ។ ពេល​ណា​ខ្ញុំ​មាន​អារម្មណ៍​ថា ឯក​កោ​ ខ្ញុំ​រក​បាន​ការ​កម្សាន្ត​ចិត្ត ពី​ឪពុក​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ឲ្យ​តម្លៃ ចំពោះ​មិត្ត​ភាព​នេះ​ណាស់!

ព្រះ​អម្ចាស់​យេស៊ូវ បាន​ហៅ​សិស្ស​ទ្រង់​ថា មិត្ត​សំឡាញ់ ហើយ​ទ្រង់​បាន​បង្ហាញ​ពួក​គេ នូវ​សញ្ញា​សំគាល់​នៃ​មិត្ត​ភាព​របស់​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរបិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ”(យ៉ូហាន ១៥:៩) ហើយ​ថែម​ទាំង​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់ សម្រាប់​ពួក​គេ​ទៀត​ផង​(ខ.១៣)។ ទ្រង់​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់​កិច្ចការ​នៅ​នគរ​ស្ថាន​សួគ៌​(ខ.១៥)។ ទ្រង់​បាន​បង្រៀន​ពួក​គេ អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​វរបិតា​បាន​ប្រទាន​ទ្រង់​(ខ.១៥)។ ហើយ​ទ្រង់​ក៏​បាន​ប្រទាន​ពួក​គេ នូវ​ឱកាស​រួម​ចំណែក​នៅ​ក្នុង​មហា​បេសក​កម្ម​របស់​ទ្រង់(ខ.១៦)។

ព្រះយេស៊ូវ​ដើរ​ជា​មួយ​យើង ក្នុង​នាម​ជា​មិត្ត​សំឡាញ់​អស់​កល្ប​ជា​និច្ច។ ព្រះ​អង្គ​ស្តាប់ និង​ជ្រាប​អំពី​ការ​ឈឺ​ចាប់ និង​បំណង​ចិត្ត​របស់​យើង។ ពេល​ណា​យើង​មាន​ភាព​ឯកោ និង​ធ្លាក់​ទឹក​ចិត្ត ព្រះ​យេស៊ូវ​ជា​មិត្ត​សំឡាញ់ ដែល​រួម​ដំណើរ​ជា​មួយ​យើង​ជា​និច្ច។

យើង​រឹត​ចំណង​មិត្ត​ភាព​ដែល​យើង​មាន​ជា​មួយ​ព្រះយេស៊ូវ កាន់​តែ​ខ្លាំង ពេល​ដែល​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​ទ្រង់​(ខ.១០,១៧)។ ពេល​ណា​យើង​ស្តាប់​តាម​ព្រះ​រាជ​បញ្ជា​ទ្រង់ យើង​នឹង “បង្កើត​ផល​ផ្លែ​ដែល​នឹង​ស្ថិត​ស្ថេរ”(ខ.១៦)។

ខណៈ​ពេល​ដែល​យើង​ដើរ​កាត់​ផ្លូវ​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ និង​នៅ​តាម​វិថី​ដ៏​គ្រោះ​ថ្នាក់ ក្នុង​លោកិយ​ដែល​ពេញ​ដោយ​បញ្ហា យើង​អាច​ពឹង​ផ្អែក​លើ​មិត្ត​ភាព​ដែល​យើង​មាន​ជា​មួយ​ព្រះ​អម្ចាស់។ ការ​ដែល​ព្រះ​អង្គ​ដើរ​ជា​មួយ​យើង គឺ​ជា​សញ្ញា​សំគាល់​នៃ​មិត្ត​ភាព​របស់​ទ្រង់។—LAWRENCE DARMANI