មាន​សត្វ​ជំពុល​ទឹក ឬ​ជែលីហ្វ៊ីស​ដ៏​កម្រ​មួយ​ក្បាល បាន​រេរាំ​តាម​ចរន្ត​ទឹក​សមុទ្ធ ក្នុង​ជម្រៅ​ទឹក​ប្រហែល ១២០០ ម៉ែត្រ នៅ​ក្បែរ​ឆ្នេរ​បាចា រដ្ឋ​កាលីហ្វូញ៉ា។ ខ្លួន​របស់​វា​បាន​បញ្ចេញ​ពន្លឺ​ផ្លេក​ៗ ពណ៌​ខៀវ ស្វាយ និង​ស៊ី​ជម្ពូរ និង​បញ្ចេញ​ពន្លឺ​ភ្លឺ នៅ​ក្នុង​ទឹក​ដ៏​ងងឹត។ ព្រុយ​របស់​វា​បក់​ទៅ​មក យ៉ាង​ស៊ី​សង្វាក់ ជា​មួយ​នឹង​រំញោច​ពី​មួក​របស់​វា​ដែលមាន​រាង​ដូច​ជួង។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​មើល​វីដេអូ​ដ៏​អស្ចារ្យ ដែល​បង្ហាញ​អំពី​ជីវិត ​សត្វ​ជំពុល​ទឹក ហេលីត្រេផេស ម៉ាស៊ី​មួយ​ក្បាល​នេះ នៅ​ក្នុង​កម្ម​វិធី​ផ្សាយ​របស់​ប៉ុស្ទ​នេសិននល ជីអូក្រាហ្វ៊ី ខ្ញុំក៏​បាន​គិត​អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ជ្រើស​រើស​ការ​រចនា សម្រាប់​សត្វ​ដ៏​ស្រស់​ស្អាត​មួយ​នេះ។ ទ្រង់​ក៏​បាន​រចនា និង​បង្កើត​សត្វ​ជំពុល​ទឹក​២​ពាន់​ប្រភេទ​ទៀត ដែល​អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ រហូត​មក​ដល់​ខែ​តុលា ឆ្នាំ​២០១៧។

បើ​យើង​បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​ជា​ព្រះ​អា​ទិករ តើ​យើង​បាន​ឈប់​បង្អង់ ដើម្បី​គិត​អំពី​សេចក្តី​ពិត​ដ៏​អស្ចារ្យ ដែល​មាន​ក្នុង​ជំពូក​ទី​១ នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​ឬ​ទេ? ព្រះ​ដ៏​អស្ចារ្យ​របស់​យើង បាន​នាំ​មក​នូវ​ពន្លឺ និង​ជីវិត ចូល​ទៅ​ក្នុងពិភព​លោក ដែល​មាន​ពេញ​ដោយ​ភាវៈ​ចម្រុះ ដោយ​អំណាច​ចេស្តា​នៃ​ព្រះ​បន្ទូល​ទ្រង់។ ទ្រង់​បាន​រចនា និង​បង្កើត “ឲ្យ​មាន​មច្ឆា​ជាតិ​រវើក​នៅ​ក្នុង​ទឹក​ជា​បរិបូរ”(លោកុប្បត្តិ ១:២១)។ តែ​អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​សត្វ​ដ៏​អស្ចារ្យ​តែមួយ​ផ្នែក​តូច​ ក្នុង​ចំណោម​សត្វ​ទំាង​អស់​ដែល​ព្រះ​អម្ចាស់​បាន​បង្កើត តាំង​ពី​ដើម​ដំបូង​មក។

ព្រះ​ជា​ម្ចាស់​ក៏​បាន​រចនា​មនុស្ស​ម្នាក់​ៗ ក្នុង​ពិភព​លោក ដោយ​មាន​បំណង​ព្រះ​ទ័យ សម្រាប់​ឲ្យ​យើង​រស់​នៅ​ជា​រៀងរាល់​ថ្ងៃ តាំង​ពី​មុន​ពេល​យើង​ដក​ដង្ហើម​ជា​លើក​ទី​១​(ទំនុក​ដំកើង ១៣៩:១៣-១៦)។ ខណៈ​ពេល​ដែល​យើងសរសើរ​ដំកើង​ភាព​ប៉ិន​ប្រសប់​របស់​ព្រះ​អម្ចាស់ យើង​ក៏​អាច​អរសប្បាយ​នឹង​ជំនួយ​របស់​ព្រះ​អង្គ ដែល​បាន​ជួយ​ឲ្យយើង​មាន​ក្តី​ស្រមៃ និង​ការ​បង្កើត​ថ្មី​ជា​មួយ​ទ្រង់ និង​សម្រាប់​ថ្វាយ​សិរីល្អ​ទ្រង់។—XOCHITL DIXON