មាន​ពេល​មួយ​ប៊ិក​ពណ៌​ខៀវ​មួយ​ដើម បាន​បង្កប់​ខ្លួន នៅ​ក្នុង​ផ្នត់​កន្សែង​ពោះ​គោ​ពណ៌​សរ​របស់​ខ្ញុំ។ ពេល​ដែល​ម៉ាស៊ីន​បោក​ខោអាវ​កំពុង​តែ​បោក​គក់​កន្សែង​ពោះ​គោ ប៊ិក​នោះ​មិន​បាន​ខូច​ទេ តែ​វា​ក៏​បាន​ផ្ទុះ​ខ្ទេច ក្នុង​ម៉ាស៊ីន​សំងួតខោអាវ​។ ពេល​នោះ ទឹក​ប៊ិក​ពណ៌​ខៀវ​បាន​ប្រឡាក់​ពេញ​ក្នុង​ម៉ាស៊ីន​សំងួត។ កន្សែង​ពោះ​គោ​ពណ៌​សរ​របស់​ខ្ញុំ​បាន​ខូច​អស់។ ទោះ​ខ្ញុំ​ប្រើ​សាប៊ូ​ច្រើន​យ៉ាង​ណា​ នៅ​តែ​មិន​អាច​បោក​វា​ឲ្យ​ជ្រះ​ស្នាម​ប្រឡាក់​នោះ​បាន​ដដែល។

ពេល​ដែល​ខ្ញុំ​យក​កន្សែង​ពោះ​គោ​នោះ ទៅ​ដាក់​នៅ​លើ​គំនរ​កន្ទប ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​លោក​យេរេមា ដែល​ជា​ហោរា​នៅ​សម័យ​សញ្ញា​ចាស់ ដែល​បាន​ពោល​ទំនួញ អំពី​ផល​វិបាក​ដ៏​ហិន​ហោច នៃ​អំពើ​បាប។ ដោយសារ​ពួក​បណ្តា​ជន​បាន​បដិសេធ​ព្រះ​ជា​ម្ចាស់ ហើយ​ងាក​មក​រក​ការ​ថ្វាយ​បង្គំ​រូប​ព្រះ(យេរេមា ២:១៣) លោក​យេរេមា ក៏​បាន​ប្រកាស់ថា ប្រជាជន​អ៊ីស្រាអែល​បាន​បណ្តាល​ឲ្យ​មាន​ស្នាម​ប្រឡាក់ នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ដ្បិត​ទោះ​បើ​ឯង​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏​ដោយ គង់​តែ​ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អំពើ​ទុច្ចរិត​របស់​ឯង នៅ​មាន​កត់​ជាប់​ចំពោះ​អញ​នៅ​ឡើយ​ដែរ”(ខ.២២)។ ពួក​គេ​គ្មានអំណាច​អ្វី ដើម្បី​ជួស​ជុល​ការ​ខូច​ខាត ដែល​ពួក​គេ​បាន​ធ្វើ​នោះ​ឡើយ។

បើ​យើង​ពឹង​ផ្អែក​លើ​សមត្ថ​ភាព​ខ្លួន​ឯង នោះ​យើង​មិន​អាច​ដក​ស្នាម​ប្រឡាក់​នៃ​អំពើ​បាប​ចេញ​ពី​ខ្លួន​ឯង​បាន​ឡើយ។ ប៉ុន្តែ ព្រះយេស៊ូវ​បាន​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន។ តាម​រយៈ​អំណាច​នៃ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ទ្រង់​បាន “​សំអាត​យើង​រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំង​អស់”(១យ៉ូហាន ១:៧)។

គេ​ប្រហែល​ជា​ពិបាក​នឹង​ជឿ​ថា ទ្រង់​អាច​សម្អាត​បាប​របស់​យើង​បាន តែ​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ពិត​ដែល​ថា គ្មាន​ទោស​នៃ​អំពើ​បាប​ណា ដែល​ព្រះ​យេស៊ូវ​មិន​អាច​ដក​ចេញ​ទាំង​ស្រុង​នោះ​ទេ។ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ និងត្រៀម​ជា​ស្រេច​ដើម្បី​លាង​សម្អាត​ទោស​នៃ​អំពើ​បាប សម្រាប់​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ងាក​បែរ​មក​រក​ទ្រង់(ខ.៩)។ តាម​រយៈ​ព្រះ​គ្រីស្ទ យើង​អាច​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សេរីភាព និង​ក្តី​សង្ឃឹម។—LISA SAMRA