មាន​ផ្ទាំង​គំនូរ​មួយ​ផ្ទាំង ដែល​បាន​ទាក់​ភ្នែក​ខ្ញុំ​យ៉ាង​ខ្លាំង ដូច​ជា​ប៉ម​បញ្ចាំង​ពន្លឺ​នៅ​លើ​ទី​ខ្ពស់។ គេ​បាន​ដាក់​តាំង​វា​នៅលើ​ជញ្ជាំង ក្នុង​ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ​ក្រុង​ដ៏​ធំ​មួយ។ គេ​បាន​គូរ​រូប​ជន​ជាតិ​ដើម​អាមេរិក​ណាវ៉ាចូ ដោយ​ប្រើ​ពណ៌​ប៉ាស្តែល ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង បាន​ជា​ខ្ញុំ​ឈប់ ដើម្បី​គយ​គន់ ដោយ​ការ​ស្ងើច​សរសើរ។ ខ្ញុំ​ក៏​បាន​និយាយ​ប្រាប់​ដេន(Dan) ដែល​ជា​ស្វាមី​ខ្ញុំ ឲ្យ​មើល​ទៅ​ផ្ទាំង​គំនូរ​នោះ​ដែរ។

កាល​នោះ គាត់​កំពុង​តែ​ដើរ​មុខ​ខ្ញុំ ប៉ុន្តែ ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ ដោយ​ដើរ​ហួស​ផ្ទាំង​គំនូរ​ផ្សេង​ទៀត នៅ​លើ​ជញ្ជាំង ដើម្បី​ឈរ​មើល​តែ​ផ្ទាំង​គំនូរ​មួយ​ផ្ទាំង​នេះ។ ខ្ញុំ​ក៏​បាន​និយាយ​ខ្សិប​ៗ​ថា “ស្អាត​ណាស់”។

មាន​អ្វី​ៗ​ជា​ច្រើន​ក្នុង​ជីវិត​នេះ ដែល​ពិត​ជា​ស្អាត​មែន ដែល​មាន​ដូច​ជា​ផ្ទាំង​គំនូរ​ដ៏​វិចិត្រ ទេសភាព​ដ៏​ស្រស់​ស្អាត និងសម្ភារៈ​ដែល​គេ​បាន​ផលិត​ដោយ​ដៃ​ជា​ដើម។ ប៉ុន្តែ ស្នាម​ញញឹម​របស់​ក្មេង ស៊ុត​ពណ៌ខៀវ​របស់​សត្វ​ចាប​រ៉ូប៊ីន និងសំបក​គ្រំ​សមុទ្រ ក៏​ស្រស់​ស្អាត​ផង​ដែរ។ ដើម្បី​ជួយ​សម្រាល​បន្ទុក​នៃ​ជីវិត​នេះ ព្រះ​ជា​ម្ចាស់​បាន​បង្កើត​របស់​សព្វ​សារ​ពើ​ឲ្យ​ល្អ តាម​រដូវ​កាល(សាស្តា ៣:១១)។ ក្នុង​ភាព​ស្រស់​ស្អាត​នោះ អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ​បាន​ពន្យល់​ថា យើង​អាច​មើល​ឃើញ​ភាព​ល្អ​ឥត​ខ្ចោះ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ ដែល​រាប់​បញ្ចូល​ទាំង​សិរីល្អ​នៃ​ព្រះ​រាជ​ដ៏​ឥត​ខ្ចោះ​របស់ទ្រង់ ដែល​ត្រូវ​មក​ដល់។

យើង​គ្រាន់​តែ​អាច​នឹក​ស្រមៃ​អំពី​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ប៉ុណ្ណោះ ដូច​នេះ ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​ស្គាល់​ភាពល្អ​ឥត​ខ្ចោះ​នោះ​ជា​មុន តាម​រយៈ​សម្រស់​នៃ​អ្វី​ៗ​ដែល​យើង​អាច​ឃើញ​ក្នុង​ជីវិត​នេះ។ ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹមដល់​អស់​កល្ប​ទៅ​មុខ(ខ.១១)។ ថ្ងៃខ្លះ ជីវិត​យើង​ហាក់​ដូច​ជា​អាប់​អួរ ហើយ​មិន​បង្កើត​ផល​ផ្លែ​អ្វី​សោះ។​ ប៉ុន្តែ ដោយ​សេចក្តី​មេត្តា​របស់​ព្រះ​ជា​ម្ចាស់ នោះ​ទ្រង់​បាន​ប្រទាន​នូវ​ភាព​ស្រស់​ស្អាត សម្រាប់​ឲ្យ​យើង​ជញ្ជឹង​គិត។

លោក​ជើរ៉ាត ឃើទីស ដេឡាណូ(Gerard Curtis Delano) ដែល​ជា​វិចិត្រករ​នៃ​ផ្ទាំង​គំនូរ​ដែល​ខ្ញុំ​បាន​ស្ងើច​សរសើរ​នេះ ក៏​បាន​យល់​អំពី​រឿង​នេះ​ផង​ដែរ។ ព្រោះ​គាត់​ធ្លាប់​និយាយ​ថា ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​មាន​អំណោយ​ទាន ដើម្បី​បង្កើត​របស់​ដែល​មាន​សម្រស់ ហើយ​នេះ​ជា​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​គាត់​ធ្វើ។

ពេល​ដែល​យើង​បាន​ឃើញ​សម្រស់​ដូច​នេះ​ហើយ តើ​យើង​អាច​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច? យើង​អាច​អរ​ព្រះ​គុណ​ព្រះជា​ម្ចាស់ សម្រាប់​ភាព​អស់​កល្ប​ជា​និច្ច ដែល​នឹង​ត្រូវ​មក ខណៈ​ពេល​ដែល​យើង​ឈប់​បង្អង់​សិន ដើម្បី​អរ​សប្បាយ​នឹង​សម្រស់ ដែល​យើង​បាន​ឃើញ។—PATRICIA RAYBON