មុន​ពេល​នាង​ម៉ារា​នៃ​ស្រុក​អេស៊ីព្ទ ដើរ​តាម​ដាន​នៃ​លោក​យ៉ូហាន បាទីស្ទ ដោយ​រស់​នៅ​ក្នុង​វាល​រហោស្ថាន​ដូច​គាត់ដែរ(ឆ្នាំ ៣៤៤-៤២១ មុនគ្រីស្ទសករាជ) នាង​ក៏​បាន​ប្រើ​យុវភាព​របស់​នាង ដើម្បី​ដេញ​តាម​ការ​សប្បាយ និង​ទាក់​ទាញ​ប្រុស​ៗ​ឲ្យ​ធ្វើ​អំពើ​អសីលធម៌​ជា​មួយ​គាត់។ ពេល​ដែល​អាជីព​ដ៏​កខ្វក់​របស់​នាង​ឈាន​ដល់​កំរិត​ដ៏​ខ្ពស់​ នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម ក្នុង​គោល​បំណង​ដើម្បី​បង្ខូច​អ្នក​ដំណើរ​ទាំង​ឡាយ ដែល​ស្វែង​រក​ជីវិត​ខាង​វិញ្ញាណ​នៅ​ទី​នោះ។ ផ្ទុយ​ទៅ​វិញ នាង​ក៏​បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត ឲ្យ​ទទួល​ស្គាល់​អំពើ​បាប​របស់​នាង ហើយ​នាង​ក៏​បាន​រស់​នៅ​ក្នុង​ជីវិត​ដែល​ផ្លាស់​ប្រែ និង​នៅ​ដាច់​ពី​គេ ក្នុង​វាល​រហោ​ស្ថាន។ ការ​ផ្លាស់​ប្តូរ​ដ៏​ឆាប់​រហ័ស​របស់​នាង​ម៉ារា បាន​បង្ហាញ​អំពី​ទំហំ​នៃ​ព្រះ​គុណ​របស់​ព្រះ និង​អំណាច​នៃ​ឈើ​ឆ្កាង​ដែល​ស្អាង​ជីវិត​មនុស្ស​ឡើង​វិញ។

សាវ័ក​ពេត្រុស​បាន​បដិសេធ​ព្រះ​យេស៊ូវ​បី​ដង។ តែ​ប៉ុន្មាន​ម៉ោង មុន​ពេល​គាត់​បដិសេធ​ព្រះ​យេស៊ូវ លោក​ពេត្រុស​បាន​ប្រកាស់​ថា គាត់​ស្ម័គ្រ​ចិត្ត​ស្លាប់ ដើម្បី​ព្រះ​យេស៊ូវ(លូកា ២២:៣៣) ដូច​នេះ ពេល​គាត់​ដឹង​ថា គាត់​មិន​អាច​ធ្វើតាម​ការ​សន្យា​នេះ គាត់​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង(ខ.៦១-៦២)។ បន្ទាប់​ពី​ព្រះយេស៊ូវ​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះ​យេស៊ូវ​ក៏​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ ឲ្យ​លោក​ពេត្រុស និង​ពួក​សាវ័ក​ដទៃ​ទៀត នៅ​ពេល​ដែល​ពួក​គេ​កំពុង​នេសាទ​ត្រី។ ព្រះយេស៊ូវ​ក៏​បាន​ឲ្យ​លោក​ពេត្រុស​មាន​ឱកាស​ប្រកាស​បី​ដង​ថា គាត់​ស្រឡាញ់​ទ្រង់ ដែល​កាល​ពី​មុន​គាត់​ក៏​បាន​បដិសេធ​ទ្រង់​បី​ដង​ផង​ដែរ​(យ៉ូហាន ២១:១-៣)។ បន្ទាប់​មក នៅ​ក្នុង​ការ​ប្រកាស​នី​មួយ​ៗ ព្រះយេស៊ូវ​ក៏​បាន​បង្គាប់​លោក​ពេត្រុស​ឲ្យ​ថែ​ទាំពួក​ជំនុំ​របស់​ទ្រង់​(ខ.១៥-១៧)។ ដោយសារ​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ​នូវ​ព្រះ​គុណ​ដ៏​អស្ចារ្យ​នេះ ដល់​គាត់ លោក​ពេត្រុស​ក៏​បាន​បំពេញ​តួនាទីជា​គន្លឹះ នៅ​ក្នុង​ការ​កសាង​ពួក​ជំនុំ ហើយ​ក៏​បាន​លះបង់​ជីវិត​គាត់​ថ្វាយ​ព្រះ​គ្រីស្ទ នៅទី​បញ្ចប់។

យើង​ម្នាក់​ៗ​ប្រហែល​ជា​មាន​ប្រវត្តិ​បរាជ័យ នៅ​ក្នុង​ជីវិត ឬ​ធ្លាប់​ធ្វើ​បាប​ទាស់​នឹង​ព្រះ។ តែ​ព្រះ​គុណ​របស់​ទ្រង់ តែង​តែ​អនុញ្ញាតឲ្យ​យើង​មាន​ការ​បញ្ចប់ ដោយ​ជ័យ​ជម្នះ។ ដោយសារ​ព្រះ​គុណ​ទ្រង់ នោះ​ទ្រង់​បាន​ប្រោស​លោះ និង​កែ​ប្រែ​ជីវិត​យើង។—REMI OYEDELE