ខណៈ​ពេល​ដែល​យើង​កំពុង​មើល​កូន​ស្រី​របស់​យើង​ប្រកួត​កីឡា​បាល់​បោះ ពី​កន្លែង​អង្គុយ​ទស្សនា ខ្ញុំ​បាន​ឮ​គ្រូ​បង្វិកស្រែក​ប្រាប់​ក្មេង​ស្រី​ដែល​កំពុង​ប្រកួត​នោះ ឲ្យ​ផ្លាស់​ប្តូរ​យុទ្ធ​សាស្រ្ត។ ភ្លាម​ៗ​នោះ យុទ្ធ​សាស្រ្ត​ការពារ​របស់​ពួក​គេ​បាន​ផ្លាស់​ប្តូរ ពី​ម្នាក់​ទល់​នឹង​ម្នាក់ ទៅ​ជា​ពីរ​នាក់​រួម​កម្លាំង​គ្នា​តទល់​នឹង​កីឡាករ​ដែល​ខ្ពស់​ជាង​គេ​របស់​គូរ​ប្រកួត ដែល​កំពុង​កាន់​បាល់។ ពួក​គេ​មាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​រារាំង​អ្នក​នោះ​មិន​ឲ្យ​បោះ​បាល់​បញ្ចូល​កន្រ្តក ហើយ​ទី​បំផុត ពួកគេ​ក៏​បាន​ដណ្តើម​បាន​បាល់​នោះ​។

ស្តេច​សាឡូម៉ូន ដែល​ជា​អ្នក​និពន្ធ​នៃ​កណ្ឌ​សាស្តា បាន​ព្យាយាម​តយុទ្ធ​នឹង​ការ​លំបាក និង​ភាព​នឿយ​ណាយ ក្នុង​លោកិយ​នេះ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​ទទួល​ស្គាល់​ថា ការ​មាន​គ្នា​ពីរ​នាក់ នៅ​ក្នុង​ការងារ​របស់​យើង អាច​នាំមក​នូវ “លទ្ធ​ផល​ល្អ”(សាស្តា ៤:៩)។ បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន(ខ.១២)។ មិត្ត​ភក្តិ​ដែល​នៅ​ក្បែរ​យើង អាច​ជួយ​យើង ពេល​ដែល​យើង​ដួល​ចុះ(ខ.១០)។

បន្ទូល​របស់​ស្តេច​សាឡូម៉ូន​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​អ្នក​រួម​ដំណើរ ក្នុង​ដំណើរ​ជីវិត​របស់​យើង ដើម្បី​កុំ​ឲ្យ​យើងប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​នៃ​ជីវិត​តែ​ម្នាក់​ឯង​ឡើយ។ សម្រាប់​អ្នក​ខ្លះ ការ​រួម​ដំណើរ​នេះ​តម្រូវ​ឲ្យ​មាន​ការ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ក្នុង​កំរិត​មួយ ដែល​មិន​ធ្លាប់​ជួប ឬ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​ល្អ។ អ្នក​ខ្លះ​ទៀត​ ស្រែក​ឃ្លាន​ភាព​ស្និទ្ធ​ស្នាលប្រភេទ​នេះ ហើយ​បាន​ព្យាយាម​ស្វែង​រក​មិត្ត​ភក្តិ ដើម្បី​ចែក​រំលែក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ត្រូវ​បោះ​បង់​ចោល​ការ​តស៊ូ​ឡើយ។

ស្តេច​សាឡូម៉ូន និង​គ្រូ​បង្វិក​កីឡា​បាល់​បោះ​នោះ​បាន​យល់​ស្រប​ថា ការ​មាន​មិត្ត​សំឡាញ់​រួម​កម្លាំង​ជា​មួយ​យើង គឺ​ជាយុទ្ធ​សាស្រ្ត​ល្អ​បំផុត ដើម្បី​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក ក្នុង​ជីវិត។ ឱ​ព្រះ​អម្ចាស់ សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​មនុស្ស​ដែល​ទ្រង់​បាន​ដាក់​ក្នុង​ជីវិត​យើងខ្ញុំ ដើម្បី​លើក​ទឹក​ចិត្ត និង​គាំ​ទ្រ​យើង​ខ្ញុំ។—KIRSTEN HOLMBERG