ការ​ថប់​បារម្ភ​របស់​ខ្ញុំ​បាន​កើន​ឡើង ពេញ​មួយ​រដូវ​ក្តៅ មុន​ពេល​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យា​ល័យ។ ខ្ញុំ​ចូល​ចិត្ត​រៀប​ចំ​ផែន​ការ សម្រាប់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ការ​ចាក​ចេញ​ពី​រដ្ឋ​របស់​ខ្ញុំ ដើម្បី​ទៅ​រៀន​យក​អនុ​បណ្ឌិត នៅ​រដ្ឋ​ផ្សេង ដោយគ្មាន​ការងារ​ធ្វើ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពីរ​បី​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ការងារ​នៅ​រដូវ​ក្តៅ គេ​បាន​ហៅ​ខ្ញុំ ឲ្យ​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មួយ ពី​ចម្ងាយ​តាម​បណ្តាញ​អ៊ីន​ធើណិត។ ខ្ញុំ​ក៏​បាន​ទទួល​យក​ការងារ​នេះ ហើយ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​មើល​ថែ​ខ្ញុំ។

ព្រះ​ជា​ម្ចាស់​បាន​ផ្គត់​ផ្គង់ តាម​តែ​ពេល​វេលា​របស់​ទ្រង់ មិន​មែន​តាម​ផែន​ការ​របស់​ខ្ញុំ​ឡើយ។ លោក​អ័ប្រាហាំ​បាន​ឆ្លង​កាត់​ស្ថាន​ភាព​ដែល​ពិបាក​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់។ ព្រះ​ជា​ម្ចាស់​បាន​បង្គាប់​គាត់ ឲ្យ​យក​អ៊ីសាក ដែល​ជា​កូន​របស់​គាត់​ ទៅ​ធ្វើ​យញ្ញ​បូជា​ថ្វាយ​ទ្រង់ នៅ​លើ​ភ្នំ​(លោកុប្បត្តិ ២២:១-២)។ លោក​អ័ប្រាហាំ​ក៏​បាន​ស្តាប់​បង្គាប់ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ហើយ​ក៏​បាន​នាំ​អ៊ីសាក​ឡើង​ភ្នំ​នោះ។ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​រក​ភ្នំ​នោះ បាន​ចំណាយ​ពេល​បី​ថ្ងៃ ដូច​នេះ គាត់​មាន​ពេល​ច្រើន ដើម្បី​គិត​ឡើង​វិញ ហើយ​ផ្លាស់​ប្តូរ​គំនិត​ តែ​គាត់​មិន​បាន​ផ្លាស់​ប្តូរ​គំនិត​សោះ​(ខ.៣-៤)។

ពេល​អ៊ីសាក​សួរ​រក​កូន​ចៀម​សម្រាប់​ធ្វើ​ដង្វាយ គាត់​ក៏​បាន​ឆ្លើយ​ថា “កូន​អើយ កូន​ចៀម​ដែល​សំរាប់​ជា​ដង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់ផ្គង់​ឲ្យ”(ខ.៨)។ ខ្ញុំ​ឆ្ងល់​ថា តើ​លោក​អ័ប្រាហាំ​មាន​ការ​ថប់​បារម្ភ​ប៉ុណ្ណា ពេល​ដែល​គាត់​ចង​អ៊ីសាក​នៅ​លើ​អាសនា ហើយ​លើក​កាំបិត​ឡើង ដើម្បី​សម្លាប់​អ៊ីសាក(ខ.៩-១០)។ តែ​គាត់​ក៏​បាន​ធូរ​ចិត្ត​វិញ​ ពេល​ដែល​ទេវតា​បាន​មក​បញ្ឈប់​គាត់(ខ.១១-១២)។ ព្រះ​ជា​ម្ចាស់​បាន​ត្រៀម​ដង្វាយ ដែល​ជា​ចៀម​ឈ្មោល​មួយក្បាល ដែល​កំពុង​ជាប់​ស្នែង​នឹង​ព្រៃ​ សម្រាប់​ធ្វើ​ជា​យញ្ញបូជា​ជំនួយ​អ៊ីសាក(ខ.១៣)។​ ព្រះ​ជា​ម្ចាស់​បាន​ល្បងល​សេចក្តី​ជំនឿ​របស់​លោក​អ័ប្រាហាំ ហើយ​គាត់​ក៏​បាន​បង្ហាញ​ចេញ​នូវ​ជំនឿ និង​ភាព​ស្មោះ​ត្រង់​របស់​គាត់ ចំពោះ​ព្រះ​អង្គ។ ហើយ​ដល់​ពេល​ដែល​ព្រះ​ជា​ម្ចាស់​បាន​កំណត់​មក​ដល់ ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​គាត់​(ខ.១៤)។—JULIE SCHWAB