បន្ទាប់​ពី​ខ្ញុំ​ចូល​ដល់​វ័យ​១៩​ឆ្នាំ ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​តំបន់​ផ្សេង ដែល​នៅ​ចម្ងាយ​១១០០​គីឡូ​ម៉ែត្រ ពី​ម្តាយ​ខ្ញុំ។ កាល​នោះ​ខ្ញុំ​មិន​ទាន់​មាន​ឧបករណ៍​ផ្ញើសារ​អេឡិចត្រូនិក ឬ​ទូរស័ព្ទ​ចល័ត​មួយ​គ្រឿង​ប្រើ​ទេ ។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ខ្ញុំ​បាន​ចាកចេញ​ទៅ​ទិញ​ទំនិញ​ពី​ព្រលឹម ហើយ​ក៏​បាន​ភ្លេច​ថា ខ្ញុំ​បាន​ណាត់​ពេល​និយាយ​ជា​មួយ​គាត់​តាម​ទូរស័ព្ទ។ ក្រោយ​មក នៅ​ពេល​យប់​ឡើង មាន​ប៉ូលីស​ពីរ​នាក់​បាន​មក​កន្លែង​ស្នាក់​នៅ​របស់​ខ្ញុំ។ ម្តាយ​ខ្ញុំ​បាន​ព្រួយ​បារម្ភ ព្រោះ​ពី​មុន​មក ខ្ញុំ​មិន​ដែល​អាក់​ខាន នៅ​ក្នុង​ការ​ណាត់​ពេល​និយាយ​ជា​មួយ​គាត់ តាម​ទូរស័ព្ទ​ឡើយ។ បន្ទាប់​ពី​គាត់​បាន​ទូរស័ព្ទ​មក​ជា​ច្រើន​ដង ហើយ​ទូរស័ព្ទ​ខ្ញុំ​កំពុង​ជាប់​រវល់​ទៀត គាត់​ក៏​បាន​ទៅ​រក​អាជ្ញាធរ ហើយ​ទទូច​គេ​ឲ្យ​រក​មើល​ខ្ញុំ។ ក្នុង​ចំណោម​ប៉ូលីស​ទាំង​ពីរ​នាក់​នោះ មាន​ម្នាក់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា “វា​ជា​ព្រះពរ​របស់​ព្រះ ដែល​អ្នក​មាន​ម្តាយដែល​ស្រឡាញ់​អ្នក ហើយ​មិន​ព្រម​ឈប់​តាម​រក​អ្នក​”។

ពេល​ដែល​ខ្ញុំ​ទូរស័ព្ទ​ទៅ​ម្តាយ​ខ្ញុំវិញ ខ្ញុំ​ក៏​បាន​ដឹង​ថា ទូរស័ព្ទ​នោះ​បាន​អស់​ថ្ម មិន​ដឹង​តាំង​ពី​ពេល​ណា ដោយសារ​ខ្ញុំ​មិន​បាន​សាក​ថ្ម។ បន្ទាប់​ពី​ខ្ញុំ​បាន​សុំ​ទោស​គាត់​ហើយ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ចាំ​បាច់​ត្រូវ​ផ្សព្វផ្សាយ​ដំណឹង​ដ៏​ល្អ​នេះ ដល់​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ដែល​មុន​នោះ គាត់​បាន​ប្រាប់​ពួក​គេ​ថា ខ្ញុំ​បាន​បាត់​ខ្លួន​ហើយ។ ពេលខ្ញុំ​ទម្លាក់​ទូរស័ព្ទ​ចុះ ខ្ញុំ​ក៏​បាន​គិត​ថា គាត់​និយាយ​លើសបន្តិច​ហើយ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​អារម្មណ៍​ល្អ ដែល​បាន​ដឹង​ថា គាត់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​យ៉ាង​នេះ។

ព្រះ​គម្ពីរ​បាន​ធ្វើ​ការ​ពិពណ៌នា​យ៉ាង​ក្បោះ​ក្បាយ អំពី​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​ជា​សេចក្តី​ស្រឡាញ់ ហើយ​បាន​តាម​រក​កូន​របស់​ទ្រង់​ដែល​បាន​វង្វេង។ ក្នុង​នាម​ទ្រង់​ជា​អ្នក​គង្វាល​ល្អ ទ្រង់​ក៏​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់ និង​ស្វែង​រក​ចៀម​ដែល​បាត់​បង់ ដោយ​បញ្ជាក់​អំពី​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន របស់​កូន​ស្ងួន​ភ្ញា​នីមួយ​ៗ​របស់​ព្រះ (លូកា ១៥:១-៧)។

ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ដែល​មិន​ព្រម​ឈប់​តាម​រក​​យើង​ឡើយ។ ទ្រង់​នឹង​តាម​រក​យើង ទាល់​តែយើង​ងាក​បែរ​មក​រក​ទ្រង់។ យើង​អាច​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ដែល​មិន​ស្គាល់​ព្រះ ព្រោះទ្រង់​ជា​សេចក្តី​ស្រឡាញ់ ដែល​មិន​ឈប់​តាម​រក​ពួក​គេ​ឡើយ។—XOCHITL DIXON