ក្នុង​រយៈ​ពេល​តែ​៦​ខែ​សោះ ជីវិត​របស់​លោក​ជើរល(Gerald) បាន​ជួប​រឿង​ធំ​ផ្ទួន​ៗ។ វិបត្តិ​សេដ្ឋ​កិច្ច​បាន​បំផ្លាញ​មុខ​ជំនួញ និង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ ហើយ​ទន្ទឹម​នឹង​នោះ គ្រោះ​ថ្នាក់​ដ៏​សោក​សៅ​បាន​ឆក់​យក​ជីវិត​របស់​កូន​ប្រុស​គាត់ទៀត។​ រឿង​ដ៏​តក់​ស្លត់​នេះ បាន​ធ្វើ​ឲ្យ​ម្តាយ​របស់​គាត់​គាំង​បេះ​ដូង​ស្លាប់ ភរិយា​របស់​គាត់​ក៏​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ហើយ​គេ​នៅ​តែ​មិន​អាច​កម្សាន្ត​ចិត្ត​កូន​ស្រី​ទាំង​ពីរ​នាក់ ដែល​នៅ​ក្មេង​នៅ​ឡើយ។ ពេល​នោះ គាត់​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វីឡើយ ក្រៅ​ពី​ទូល​សួរ​ព្រះ​ជា​ម្ចាស់ តាម​អ្នក​និពន្ធ​កណ្ឌ​ទំនុក​ដំកើង​ថា “ឱ​ព្រះ​នៃ​ទូលបង្គំ ព្រះ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ?”(ទំនុកដំកើង ២២:១)។

លោក​ជើរល​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន គឺ​ដោយ​សារ​តែ​គាត់​មាន​សង្ឃឹម​ថា ព្រះ​ដែល​បាន​ប្រោស​ព្រះ​យេស៊ូវ ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នឹង​រំដោះ​គាត់ និង​គ្រួសារ​គាត់ ឲ្យ​រួច​ពី​ការ​ឈឺ​ចាប់ ហើយ​នឹង​ទទួល​បាន​ក្តី​អំណរ​ដ៏​អស់​កល្ប​ជា​ជំនួស​វិញ។​ គឺ​គាត់​សង្ឃឹម​ថា ព្រះ​ជា​ម្ចាស់​នឹង​ឆ្លើយ​តប ចំពោះ​គាត់ ពេល​ដែល​គាត់​ស្រែក​រក​ជំនួយ​ពី​ទ្រង់។ ក្នុង​ពេល​ដែល​គាត់​អស់​សង្ឃឹម គាត់​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ទុក​ចិត្ត​ព្រះ ក្នុង​ពេល​ដែល​គាត់​មាន​ទុក្ខ​វេទនា គឺ​មិន​ខុស​ពី​ស្តេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង​នោះ​ឡើយ។ គាត់​បាន​ប្រកាន់​ខ្ជាប់​នូវ​ក្តី​សង្ឃឹម​ថា ព្រះ​ជា​ម្ចាស់នឹង​រំដោះ ហើយ​សង្រ្គោះ​គាត់​(ខ.៤-៥)។

ក្តី​សង្ឃឹម​នោះ បាន​ចម្រើន​កម្លាំង​លោក​ជើរល។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពេល​គេ​សួរ​គាត់​ថា តើ​គាត់​សុខ​សប្បាយ​ទេ គាត់​គ្រាន់​តែ​អាច​ឆ្លើយ​ថា គាត់​កំពុង​តែ​ទុក​ចិត្ត​ព្រះ។

ដោយសារ​គាត់​បាន​ទុក​ចិត្ត​ទ្រង់ នោះ​ទ្រង់​ក៏​បាន​ប្រទាន​គាត់​នូវ​ការ​កម្សាន្ត​ចិត្ត កម្លាំង និង​សេចក្តី​ក្លាហាន ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ។ ក្រុម​គ្រួសារ​គាត់​ក៏​បាន​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​បន្តិច​ម្តង​ៗ បន្ទាប់ពី​សោកនាដ​កម្ម​នោះ​បាន​កើត​ឡើង ហើយ​មិន​យូរ​ប៉ុន្មាន លោក​ជើរល​ក៏​បាន​ស្វាគម​ន៍កំណើត​របស់​ចៅ​ទីមួយ​របស់​គាត់។ គាត់​​បាន​យំ​ដោយ​អំណរ ជា​ទី​បន្ទាល់ ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​ជា​ម្ចាស់។​ ពី​មុន​គាត់​សួរ​ព្រះ​ជា​ម្ចាស់​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​គាត់​ចោល? តែ​ពេល​នេះ គាត់​ឈប់​សួរ​ទ្រង់​ដូច​នេះ​ទៀត​ហើយ ព្រោះ​ទ្រង់​បាន​ប្រទានពរ​ដល់​គាត់។

ពេល​ដែល​យើង​ហាក់​ដូច​ជា​គ្មាន​សល់​អ្វី​សោះ យើង​ត្រូវ​ចាំ​ថា យើង​នៅ​មាន​សង្ឃឹម។​—LESLIE KOH