មាន​ពេល​មួយ ខ្ញុំ​បាន​ទិញ​តុក្កតា “ខ្លា​ឃ្មំ” ធ្វើ​ជា​អំណោយ​ សម្រាប់​ចៅ​របស់​ខ្ញុំ។ វា​ជា​តុក្កតា​ដ៏​ធំ​មួយ ដែល​គេ​បានញាត់​គ​ខាង​ក្នុង ដែល​បាន​ជួយ​ឲ្យ​ខ្ញុំ​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់​ចំពោះ​គាត់។ ពី​ដំបូង ចៅ​របស់​ខ្ញុំ​បាន​ឆ្លើយ​តប ដោយ​ការ​ងឿង​ឆ្ងល់។ បន្ទាប់​មក គាត់​ក៏​បាន​ភ្ញាក់​ផ្អើល។​ ហើយ​ដោយ​សារ​ការ​ចង់​ដឹង​ចង់​យល់ គាត់​ក៏​បាន​ធ្វើ​ការ​ពិនិត្យ​មើល យ៉ាង​ក្លា​ហាន។​ គាត់​យក​ម្រាម​ដៃ​របស់​គាត់​ទៅ​ប៉ះ​ច្រមុះ​ខ្លា​ឃ្មំ​នោះ​ ហើយ​ពេល​ដែល​ខ្លា​ឃ្មំ​ដួល​ទៅ​មុខ មក​លើ​ដៃ​របស់​គាត់ គាត់​ក៏​បាន​ឆ្លើយ​តប​ទៅ​វិញ ដោយ​អំណរ។ ចៅ​របស់​ខ្ញុំ​ក៏​បាន​ផ្អែក​ទៅ​លើ​ទ្រូង​ដ៏​ស្រមូវ​របស់​ខ្លាឃ្មំ ហើយ​ឱប​វា​យ៉ាង​ណែន។ ស្នាម​ញញឹម​របស់​គាត់​បាន​លេច​ឡើង​នៅ​ថ្ពាល់​គាត់ ខណៈ​ពេល​ដែល​គាត់​ក្រាប​ពី​លើរោម​ទន់​ៗ​របស់​ខ្លាឃ្មំ​។ ក្មេង​តូច​ម្នាក់​នេះ មិន​ដឹង​ថា តុក្កតា​ខ្លា​ឃ្មំ​មិន​អាច​ស្រឡាញ់​គាត់​នោះ​ទេ។ គាត់​មាន​អារម្មណ៍ថា តុក្កតា​ខ្លា​ឃ្មំ​នោះ​ស្រឡាញ់​គាត់ ហើយ​ក៏​បាន​តប​ស្នង​វិញ ដោយ​ក្តី​ស្រឡាញ់​របស់​គាត់ អស់​ពី​ចិត្ត។​

ក្នុង​សំបុត្រ​ទី​មួយ ក្នុង​ចំណោម​សំបុត្រ​បី​ច្បាប់​ដំបូង ដែល​សាវ័ក​យ៉ូហាន​សរសើរ​ផ្ញើ​ទៅ​ពួក​ជំនុំ​ដំបូង គាត់​បាន​បង្រៀន​ដោយ​ចិត្ត​ក្លាហាន​ថា ព្រះ​ជា​ម្ចាស់​ជា​សេចក្តី​ស្រឡាញ់។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ដល់​យើង ព្រះ​ទ្រង់​ជា​តួ​សេចក្តី​ស្រឡាញ់”(១យ៉ូហាន ៤:១៦)។

ព្រះ​ជា​ម្ចាស់​ស្រឡាញ់​យើង​រាល់​គ្នា ដោយ​ព្រះ​ហស្ត​បើក​ចំហរ​ចាំ​ទទួល​យើង ដោយ​ព្រះ​ទ័យ​ស្មោះ​(យ៉ូហាន ៣:១៦)។ ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​យើង ដោយ​ការ​លះ​បង់ ដោយ​ឥត​សំចៃ តាម​រយៈ​ព្រះ​យេស៊ូវ។

លោក​យ៉ូហាន​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា “ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន”(១យ៉ូហាន ៤:១៩)។ ពេល​យើង​ជឿ​ថា ព្រះ​ស្រឡាញ់​យើង នោះ​យើង​ក៏​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់តប​ស្នង​មក​វិញ។ សេចក្តី​ស្រឡាញ់​ដ៏​ពិត​របស់​ព្រះ​ជា​ម្ចាស់ ធ្វើ​ឲ្យ​យើង​អាច​ស្រឡាញ់​ព្រះ​អង្គ និង​អ្នក​ដទៃ​អស់​ពី​ចិត្ត។​ —ELISA MORGAN