សួន​សត្វ​ទី​ក្រុង​ឡុង​ បាន​ប្រកាស់​ថា មនុស្ស​មិន​មាន​អ្វី​ដែល​ពិសេស​ទេ។​ កាល​ពី​ឆ្នាំ​២០០៥ សួន​សត្វ​នេះ​បាន​ចាប់​ផ្តើម​ការ​តាំង​ពិពណ៌​ដែល​មាន​រយៈ​ពេល​បួន​ថ្ងៃ ក្រោម​ប្រធាន​បទ “មនុស្ស​នៅ​ក្នុង​បរិស្ថាន​របស់​ពួក​គេ”។ គេ​បាន​ជ្រើស​រើស​មនុស្ស តាម​រយៈ​ការ​ប្រកួត​តាម​អ៊ីន​ធើណិត ឲ្យ​ចូល​មក​នៅ​ក្នុង​សួន​សត្វ។ ដើម្បី​ជួយ​ទស្សនិក​ជន ឲ្យ​មាន​ការ​យល់​ដឹង​អំពី​មនុស្ស បុគ្គលិក​សួន​សត្វ​ក៏​បាន​បង្កើត​ផ្លាក​សញ្ញា​មួយ ដែល​រៀប​រាប់​ជា​លម្អិត អំពី​អាហារ និងកន្លែង​រស់​នៅ​របស់​ពួក​គេ ព្រម​ទាំង​ការ​គំរាម​កំហែង​ដែល​ពួក​គេ​ជួប​ប្រទះ។ យោង​តាម​អ្នក​នាំ​ពាក្យ​របស់​សួន​សត្វនេះ គោល​ដៅ​នៃ​ការ​តាំង​ពិពណ៌​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​គេ​ដឹង​ថា មនុស្ស​មិន​មាន​ភាព​ពិសេស ដូច​ជា​អ្វី​ដែល​គេ​បាន​គិតនោះ​ទេ។​ មាន​អ្នក​ចូល​រួម​ម្នាក់ ក្នុង​ការ​តាំង​ពិពណ៌​នោះ​ហាក់​ដូច​ជា​យល់​ស្រប​ថា “ពេល​ដែល​យើង​មើល​ឃើញមនុស្ស​រស់​នៅ​ដូច​សត្វ ក្នុង​កន្លែង​នេះ វា​បាន​រំឭក​យើង​ថា យើង​មិន​ពិសេស ដូច​អ្វី​ដែល​យើង​បាន​គិត​នោះ​ទេ”។

ទស្សនៈ​ខាង​លើ​នេះ គឺ​ពិត​ជា​ផ្ទុយ​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង អំពី​មនុស្ស។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា ព្រះ​ជា​ម្ចាស់“បាន​បង្កើត” យើង​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឲ្យ​មាន “រូប​ភាព​ដូច​ទ្រង់”(ទំនុកដំកើង ១៣៩:១៤ និង លោកុប្បត្តិ ១:២៦-២៧)។

ស្តេច​ដាវីឌ​បាន​ចាប់​ផ្តើម​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៣៩ ដោយ​រៀប​រាប់​ថា ព្រះ​ជា​ម្ចាស់​បាន​ស្គាល់​ទ្រង់​ច្បាស់(ខ.១-៦) ហើយ​ព្រះ​អង្គ​មាន​ព្រះ​វត្ត​មាន​គ្រប់​ទី​កន្លែង ដែល​ហ៊ុម​ព័ទ្ធ​ទ្រង់​ជា​និច្ច​(ខ.៧-១២)។ ព្រះ​ជា​ម្ចាស់​មិនគ្រាន់​តែ​បាន​បង្កើត​លក្ខណៈ​ដ៏​ពិសេស នៃ​ផ្នែក​ខាង​ក្នុង និង​ខាង​ក្រៅ​របស់​ស្តេច​ដាវីឌ​ប៉ុណ្ណោះ​ទេ(ខ.១៣-១៤) តែព្រះ​អង្គ​ក៏​បាន​បង្កើត​ទ្រង់​ឲ្យ​មាន​វិញ្ញាណ​ដ៏​រស់ ដោយ​ប្រទាន​ជីវិត​ខាង​វិញ្ញាណ និង​សមត្ថ​ភាព​នៅ​ក្នុង​ការ​ប្រកបស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​ជា​ម្ចាស់។ ស្តេច​ដាវីឌ​ក៏​បាន​ជញ្ជឹង​គិត អំពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់​ ដោយ​ឆ្លើយ​តប ដោយការ​ស្ញែង​ខ្លាច ការ​ភ្ញាក់​ផ្អើល និង​ការ​សរសើរ​ដំកើង​(ខ.១៤)។

មនុស្ស​ជា​ជីវិត​ដ៏​ពិសេស។ ព្រះជា​ម្ចាស់​បាន​បង្កើត​យើង​មក ឲ្យ​មាន​លក្ខណៈ​ពិសេស​អស្ចារ្យ និង​មាន​សមត្ថ​ភាព ដែល​អាច​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​អង្គ។ យើង​អាច​សរសើរ​ដំកើង​ព្រះ​អង្គ ព្រោះ​យើង​ជា​ស្នា​ព្រះ​ហស្ត​ដ៏ល្អ​ឯក ដែល​ទ្រង់​បាន​បង្កើត​ដោយ​សេចក្តី​ស្រឡាញ់។—MARVIN WILLIAMS