ខណៈ​ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ដែល​ជា​អ្នក​និពន្ធ កំពុង​តែ​និពន្ធ​សៀវភៅ​មុគ្គុទេសករ​ព្រះ​គម្ពីរ សម្រាប់​គ្រូ​គង្វាល​ទាំង​ឡាយ នៅ​ប្រទេស​ឥណ្ឌូនេស៊ី គាត់​ក៏​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​វប្បធម៌​នៃ​ការ​រួប​រួម​គ្នា របស់​ប្រជាជាតិ​មួយ​នេះ។ គេ​បាន​ហៅ​វប្បធម៌​នៃ​ការ​រួប​រួម​នេះ ជា​ភាសា​ឥណ្ឌូនេស៊ី​ថា​  ហ្គូតុង រ៉ូយ៉ុង(gotong royong) ដែលមាន​ន័យ​ថា “ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​”។ វប្បធម៌​នេះ​ត្រូវ​បាន​គេ​យក​មក​អនុវត្តន៍​នៅ​ក្នុង​ភូមិ ដោយ​អ្នក​ជិត​ខាងជួយ​សង់​ផ្ទះ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ឬ​សង់​ស្ពាន ឬ​ក៏​ធ្វើ​ផ្លូវ​រួម​គ្នា​ជា​ដើម។ គាត់​ថា នៅ​ទីក្រុង គេ​ក៏​ប្រើ​វប្បធម៌​នេះ​ផង​ដែរ​។ ឧទាហរណ៍ ពេល​នរណា​ម្នាក់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​ជួប គាត់​តែង​តែ​មាន​នរណា​ម្នាក់ ទៅ​ជួប​ពេទ្យជា​មួយ​គាត់។ នេះ​ជា​ប្រពៃណី​ដ៏​ល្អ។ ដូច​នេះ ពួក​គេ​មិ​នចាំ​បាច់​ត្រូវ​ធ្វើ​អ្វី ឬ​ទៅ​ណា​ម្នាក់​ឯង​ឡើយ។

នៅ​ទូទាំង​ពិភព​លោក អ្នក​ជឿ​ព្រះ​យេស៊ូវ​បាន​អរសប្បាយ ដោយ​នឹកចាំ​ថា យើង​ក៏​មិន​ដែល​នៅ​ម្នាក់​ឯង​ដែរ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ជា​អង្គ​ទី​បី​នៃ​ព្រះ​ត្រៃ​ឯក តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។​ ជាង​នេះ​ទៅ​ទៀត ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដល់​គ្រីស្ទ​បរិស័ទ​ម្នាក់​ៗ ដើម្បី​ “ធ្វើ​ជា​អង្គ​ជំនួយ និង​គង់​នៅជា​មួយ​យើង​អស់​កល្ប​ជា​និច្ច”(យ៉ូហាន ១៤:១៦)។

ព្រះយេស៊ូវ​បាន​សន្យា​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ នឹង​យាង​ចុះ​មក បន្ទាប់​ពី​ទ្រង់​យាង​ឡើង​នគរស្ថាន​សួគ៌​វិញ។ ទ្រង់​មានបន្ទូល​ថា “ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ”(ខ.១៨)។ ផ្ទុយ​ទៅ​វិញ ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​ព្រះវិញ្ញាណនៃ​សេចក្តី​ពិត នឹង​យាង​ចូល​គង់​ក្នុង​អ្នក​ដែល​បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ​(ខ.១៧)។

ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ជា​អ្នក​ជំនួយ អ្នក​កម្សាន្ត​ចិត្ត អ្នក​លើក​ទឹក​ចិត្ត និង​អ្នក​ប្រឹក្សា​យោបល់ របស់​យើង​រាល់​គ្នា ហើយ​តែង​តែ​គង់​ជា​មួយ​យើង​ជា​និច្ច ក្នុង​លោកិយ ដែល​សូម្បី​តែ​អ្នក​ដែល​មនុស្ស​ម្នាក់​ទៀត​នៅ​ក្បែរ ក៏​នៅ​តែ​អាចមាន​អារម្មណ៍​ឯកោ។ ចូរ​យើង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់ និង​ជំនួយ​ដ៏​កម្សាន្ត​ចិត្ត​របស់​ទ្រង់។—PATRICIA RAYBON