មាន​ពេល​មួយ ខ្ញុំ​មាន​ចិត្ត​អន្ទះ​សារ​ចង់​វិល​ត្រឡប់​ទៅ​មន្ទីរ​ចាស់​ជរា សេនត៍ ចេមស៍ នៅ​តំបន់​ឆ្នេរ​ម៉ុនតេហ្គូ ប្រទេសចាម៉ៃកា ដើម្បី​ភ្ញាប់​ទំនាក់​ទំនង​ជា​មួយ​លោក​រែនឌល(Rendell) ឡើង​វិញ ដែល​ប្រហែល​ពីរ​ឆ្នាំ​មុន គាត់​បាន​យល់អំពី​សេចក្តី​ស្រឡាញ៉ ដែល​ព្រះ​យេស៊ូវ​មាន​ចំពោះ​គាត់។ អេវី(Evie) ជា​ក្មេង​ជំទង់ នៅ​ក្នុង​ក្រុម​ចម្រៀង​វិទ្យាល័យ ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ រៀង​រាល់​រដូវ​ផ្ការីក​មក​ដល់។ អេវី​បាន​អាន​ព្រះ​គម្ពីរ​ជា​មួយ​លោក​រែនឌល ហើយ​ក៏​បាន​បក​ស្រាយ​ពន្យល់ អំពី​ដំណឹង​ល្អ ឲ្យ​គាត់​ស្តាប់  ហើយ​គាត់​ក៏​បាន​ទទួល​ជឿ​ព្រះ ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​គាត់។

ពេល​ដែល​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ នៅ​ផ្នែក​ដែល​គេ​បាន​បែក​ចែក​សម្រាប់​ប្រុស​ៗ ខ្ញុំ​ក៏​បាន​រក​មើល​លោករែនឌល នៅគ្រែ​គេង​របស់​គាត់ តែ​មិន​ឃើញ​គាត់​សោះ។ ខ្ញុំ​ក៏​បាន​ទៅ​កន្លែង​ប្រចាំ​ការ​របស់​ក្រុម​ពេទ្យ ហើយ​គេ​ក៏​បាន​ប្រាប់​ខ្ញុំ នូវ​រឿង​ដែល​ខ្ញុំ​មិន​ចង់​ឮ។ គាត់​បាន​លាចាក​លោក មុន​ពេល​ខ្ញុំ​មក​ដល់​ប្រាំ​ថ្ងៃ។

ខ្ញុំ​ក៏​បាន​ផ្ញើ​សារ​ទៅ​អេវី ទាំង​ទឹក​ភ្នែក ដើម្បី​ប្រាប់​ដំណឹង​ដ៏​សោក​សៅ​នេះ។ នាង​ក៏​បាន​ឆ្លើយ​តប តាម​របៀប​ដ៏សាមញ្ញ​ថា “ពេល​នេះ លោក​រែនឌល​កំពុង​តែ​សប្បាយ​រីក​រាយ ជា​មួយ​ព្រះ​យេស៊ូវ។ អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​យើង​បាន​នាំ​គាត់​ឲ្យ​ទទួល​ជឿ​ព្រះ​យេស៊ូវ កាល​គាត់​នៅ​រស់”។

ពាក្យ​សម្តី​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ការ​ត្រៀម​ខ្លួន ដើម្បី​ចែក​ចាយ ដោយ​ក្តី​ស្រឡាញ់ ឲ្យ​អ្នកដទៃ​បាន​ស្គាល់​ក្តី​សង្ឃឹម ដែល​យើង​មាន​ក្នុង​ព្រះ​គ្រីស្ទ។ ជា​ការ​ពិត​ណាស់ យើង​មិន​តែង​តែ​មាន​ភាព​ងាយ​ស្រួល នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ អំពី​ព្រះ​មួយ​អង្គ ដែល​តែង​តែ​គង់​នៅ​ក្បែរ​យើង​ជា​និច្ច​នោះ​ទេ(ម៉ាថាយ ២៨:២០) តែពេល​ដែល​យើង​គិត​អំពី​ការ​ផ្លាស់​ប្តូរ ដែល​យើង និង​មនុស្ស​ដូច​លោក​រែន​ឌល អាច​ទទួល​បាន ពី​ការ​ផ្សាយ​ដំណឹង​ល្អនោះ  យើង​ប្រហែល​ជា​មាន​ទឹក​ចិត្ត នៅ​ក្នុង​ការ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី “បង្កើត​សិស្ស” នៅ​កន្លែង​ណា​ដែល​យើង​ទៅ​ដល់​(ខ.១៩)។

ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​សោក​សៅ ពេល​ដែល​ខ្ញុំ​គិត​ដល់​គ្រែ​គេង​របស់​លោករែនឌល​ដែល​នៅ​ទទេ តែ​ខ្ញុំ​ក៏​មាន​អំណរផង​ដែរ ដែល​បាន​ដឹង​អំពី​ការ​ផ្លាស់​ប្តូរ ដែល​បាន​កើត​មាន​ក្នុង​ជីវិត​របស់​លោក​រែនឌល ​ដោយសារ​យុវជន​ដ៏​ស្មោះត្រង់​ម្នាក់​។—DAVE BRANON