ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលខ្ញុំបានកត់សំគាល់ឃើញស្នាមសាក់ នៅលើកែងជើងរបស់មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះអេរិន(Erin)។ ស្នាមសាក់នោះ គឺជារូបប៊ូលីងបុកផ្តួលដបប៊ូលីង។ អេរិនមានចិត្តចង់សាក់រូបដូចនេះ បន្ទាប់ពីគាត់បានស្តាប់បទចម្រៀងរបស់សារ៉ា ក្រូ(Sara Groves) ដែលមានចំណងជើងថា “ការតម្រៀមដបប៊ូលីង”។ ទំនុកច្រៀងដ៏មានន័យនោះ បានលើកទឹកចិត្តប្រិយមិត្តអ្នកស្តាប់ទាំងឡាយ ឲ្យស្វែងរកក្តីអំណរ នៅក្នុងកិច្ចការដដែល ដែលពួកគេធ្វើជាប្រចាំ ដែលពេលខ្លះ ពួកគេមានអារម្មណ៍ថា ហាក់ដូចជាគ្មានន័យ មិនខុសពីការតម្រៀបដបប៊ូលីង សម្រាប់ឲ្យគេបោះបាល់ប៊ូលីងបំបុក ហើយបន្តធ្វើដូចនេះម្តងហើយម្តងទៀត។

ការបោកខោអាវ ការដាំស្ល ការបោសជូតផ្ទះ ។ល។ គឺសុទ្ធតែជាកិច្ចការដែលយើងធ្វើម្តងហើយម្តងទៀត។ ជីវិតយើងហាក់ដូចជាមានពេញទៅដោយកិច្ចការ ដែលយើងបានធ្វើហើយ យើងក៏ត្រូវធ្វើដដែលៗ។ នេះមិនមែនជាការលំបាកដែលទើបតែកើតមាននៅពេលសព្វថ្ងៃនោះទេ តែជាភាពនឿយណាយតាំងពីយូរមកហើយ គឺដូចដែលមានចែងនៅក្នុងកណ្ឌគម្ពីរសាស្តា ដែលជាកណ្ឌព្រះគម្ពីរសញ្ញាចាស់។ កណ្ឌនេះបានចាប់ផ្តើម ដោយអ្នកនិពន្ធរៀបរាប់អំពីបញ្ហានៃសកម្មភាពប្រចាំថ្ងៃរបស់មនុស្ស ដែលមានភាពច្រំដែល(១:២-៣) ដែលហាក់ដូចជាគ្មានប្រយោជន៍ ឬគ្មានន័យអ្វីសោះ ព្រោះ “របស់ដែលមានពីមុនមក គឺរបស់នោះឯងដែលនឹងមានតទៅទៀត ហើយការដែលបានធ្វើពីមុនមក គឺការនោះឯងដែលនឹងធ្វើរៀងតទៅដែរ”(ខ.៩)។

ប៉ុន្តែ អ្នកនិពន្ធនៃកណ្ឌសាស្តានៅតែអាចរកឃើញក្តីអំណរ និងអត្ថន័យ ក្នុងកិច្ចការទាំងនោះ ដូចមិត្តភក្តិរបស់ខ្ញុំដែរ ដោយនឹកចាំថា ភាពស្កប់ចិត្តរបស់យើងកើតមាន នៅពេលដែលយើង “កោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តិរបស់ទ្រង់”(១២:១៣)។ យើងអាចរកបានការកម្សាន្តចិត្ត ដោយដឹងថា ព្រះជាម្ចាស់ឲ្យតម្លៃ ចំពោះភាពសាមញ្ញ និងផ្នែកដែលហាក់ដូចជាគួរឲ្យធុញទ្រាន់ ក្នុងជីវិតយើង ហើយទ្រង់នឹងប្រទានរង្វាន់ដល់យើង សម្រាប់ភាពស្មោះត្រង់របស់យើង(ខ.១៤)។

តើអ្នកមានកិច្ចការអ្វីខ្លះ ដែលអ្នកត្រូវបន្តធ្វើ ជាប្រចាំ? ពេលណាយើងមានអារម្មណ៍ថាហត់នឿយ នៅក្នុងការធ្វើកិច្ចការដដែលៗ ចូរយើងថ្វាយកិច្ចការនីមួយៗ ដល់ព្រះជាម្ចាស់ ធ្វើជាដង្វាយនៃក្តីស្រឡាញ់។—LISA SAMRA