កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៧ បងស្រីច្បងរបស់ខ្ញុំ ឈ្មោះខារ៉ូលីន(Carolyn) បានទៅពិនិត្យសុខភាព រកឃើញថា គាត់មានជម្ងឺមហារីក។ ខ្ញុំក៏បានប្រាប់មិត្តភក្តិខ្ញុំថា ខ្ញុំចាំបាច់ត្រូវចំណាយពេលជាមួយគាត់ ឲ្យបានច្រើនបំផុត ចាប់ពីពេលនោះទៅ។ អ្នកខ្លះបានប្រាប់ខ្ញុំថា ខ្ញុំកំពុងតែមានការព្រួយបារម្ភពេក ពេលដែលបានទទួលដំណឹងថា គាត់មានជម្ងឺមហារីក។ ប៉ុន្តែ ១០ខែក្រោយមក គាត់ក៏បានលាចាកលោក។ ហើយទោះខ្ញុំបានចំណាយពេលជាច្រើនម៉ោងជាមួយគាត់ក្តី ខ្ញុំនៅតែយល់ថា ពេលដែលយើងស្រឡាញ់នរណាម្នាក់ យើងមិនដែលមានពេលគ្រប់គ្រាន់ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ដល់គាត់ឲ្យបានគ្រប់គ្រាន់ទេ ទោះព្យាយាមយ៉ាងណាក៏ដោយ។

សាវ័កពេត្រុសបានបង្រៀនអ្នកដើរតាមព្រះយេស៊ូវ នៅសម័យពួកជំនុំដំបូង ឲ្យស្រឡាញ់គ្នា អស់ពីចិត្ត(១ពេត្រុស ៤:៨)។ កាលនោះ ពួកគេកំពុងតែទទួលរងការបៀតបៀន ហើយត្រូវការសេចក្តីស្រឡាញ់របស់បងប្អូនរួមជំនឿ ក្នុងសហគមន៍របស់ពួកគេ លើសជាងពេលណាទាំងអស់។ ព្រះជាម្ចាស់បានចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់ ចូលទៅក្នុងចិត្តរបស់ពួកគេ ធ្វើឲ្យពួកគេមានចិត្តចង់ស្រឡាញ់អ្នកដទៃផងដែរ។ ពួកគេក៏បានបង្ហាញសេចក្តីស្រឡាញ់ តាមរយៈការអធិស្ឋាន ការស្វាគមន៍ដោយចិត្តសប្បុរស និងពាក្យសម្តីដ៏សុភាព និងពិតត្រង់ ដោយពឹងអាងកម្លាំងដែលព្រះជាម្ចាស់ប្រទាន(ខ.៩-១១)។ តាមរយៈព្រះគុណទ្រង់ នោះទ្រង់បានប្រទានអំណោយទានដល់ពួកគេ ឲ្យបម្រើគ្នាទៅវិញទៅមក ដោយការលះបង់ ដើម្បីបំពេញបំណងព្រះទ័យដ៏ល្អរបស់ទ្រង់។ គឺដើម្បីឲ្យព្រះជាម្ចាស់បានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ(ខ.១១)។ ផែនការដ៏មានអំណាចរបស់ព្រះជាម្ចាស់ នោះគឺដើម្បីសម្រេចបំណងព្រះទ័យទ្រង់ តាមរយៈយើង។

យើងត្រូវការអ្នកដទៃ ហើយពួកគេក៏ត្រូវការយើងផងដែរ។ ចូរយើងប្រើពេលវេលា ឬធនធានដែលយើងបានទទួលពីព្រះជាម្ចាស់ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ ចាប់ពីពេលនេះទៅ។—ANNE CETAS