លោកហ្កាយ ឃែលមែនសិន(Giles Kelmanson) ដែលជាអ្នកអភិរក្សសត្វព្រៃនៅប្រទេសអាហ្វ្រិកខាងត្បូង បានពិពណ៌នាអំពីឆាកប្រយុទ្ធដ៏គួរឲ្យភ្ញាក់ផ្អើល រវាងសត្វស្កាធំពីរក្បាល និងសត្វតោមួយក្រុមមានគ្នា៦ក្បាល។ ទោះសត្វស្កាមានគ្នាតិចជាងសត្វតោមែន ពួកវាមិនព្រមរាថយ នៅក្នុងការប្រឈមមុខដាក់សត្វតោដ៏កាចសាហាវ ដែលមានមាឌធំជាងពួកវា១០ដង។ សត្វតោទាំងនោះគិតថា ការសម្លាប់សត្វស្កាទាំងពីរក្បាល គឺគ្មានអ្វីពិបាកទេ ប៉ុន្តែ នៅក្នុងខ្សែវីដេអូដែលគេថតបាននៅពេលនោះ គេឃើញសត្វស្កាទាំងពីរក្បាល បានដើរចេញពីការប្រយុទ្ធដោយមោទនភាព។

ការប្រយុទ្ធរវាងដាវីឌ និងកូលីយ៉ាត គឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលលើសនេះទៀត។ ដាវីឌមិនមានបទពិសោធន៍ក្នុងសឹកសង្រ្គាមទេ តែបានចេញមកប្រយុទ្ធនឹងកូលីយ៉ាត ដែលជាអ្នកប្រយុទ្ធដ៏សាហាវរបស់សាសន៍ភីលីស្ទីន។ កូលីយ៉ាតមានមាឌធំដូចយក្ស និងមានកម្ពស់ខ្ពស់លើសអ្នកប្រយុទ្ធវ័យក្មេងនោះ ដោយមានកម្លាំងខ្លាំង និងបំពាក់ទៅដោយគ្រឿងសឹកដែលគ្មានគូប្រៀប មានដូចជា អាវក្រោះធ្វើពីលង្ហិន និងលំពែងដ៏មុតស្រួច(១សាំយ៉ូអែល ១៧:៥-៦)។ ដាវីឌ ជាអ្នកគង្វាលចៀម ដែលគ្មានបទពិសោធន៍ក្នុងសឹកសង្រ្គាម។ គាត់មានតែខ្សែដង្ហក់ និងគ្រាប់គ្រួស ពេលដែលគាត់មកដល់សមរភូមិ ដោយនាំនំប៉័ង និងទឹកដោះគោខះ ឲ្យពួកបងប្រុសរបស់គាត់(ខ.១៧-១៨)។

កូលីយ៉ាតបានហៅពួកអ៊ីស្រាអែលឲ្យចេញមកប្រយុទ្ធនឹងខ្លួន មួយទល់នឹងមួយ ប៉ុន្តែ គ្មាននរណាម្នាក់ហ៊ានប្រយុទ្ធជាមួយវាឡើយ។ ទាំងស្តេចសូល និងពួកអ៊ីស្រាអែលទាំងអស់មានការភ័យខ្លាចជាខ្លាំង(ខ.១១)។ សូមយើងស្រមៃមើលថា គេមានការភ្ញាក់ផ្អើលប៉ុណ្ណា ពេលដែលបានឃើញដាវីឌបោះជំហានចូលទៅក្នុងទីលានប្រយុទ្ធ។ តើមានអ្វីដែលនាំឲ្យគាត់មានចិត្តក្លាហាន លើសពួកអ្នកប្រយុទ្ធដែលមានបទពិសោធន៍របស់ពួកអ៊ីស្រាអែល? កាលនោះ មនុស្សភាគច្រើន មើលឃើញតែកូលីយ៉ាត។ ទោះជាយ៉ាងណាក៏ដោយ ដាវីឌបានមើលឃើញព្រះជាម្ចាស់។ គាត់ក៏បានអះអាងថា “ព្រះយេហូវ៉ានឹងប្រគល់កូលីយ៉ាត មកក្នុងកណ្តាប់ដៃគាត់ហើយ(ខ.៤៦)។ គេរាល់គ្នាជឿថា គ្មាននរណាអាចប្រយុទ្ធឈ្នះកូលីយ៉ាតឡើយ តែគាត់ជឿថា ព្រះជាម្ចាស់ធំជាងកូលីយ៉ាត។ ពេលដែលកូលីយ៉ាតដួលស្លាប់ ដោយសារគ្រាប់គ្រួសដែលដាវីឌបានបាញ់ចំកណ្តាលថ្ងាស គេក៏បានដឹងថា ដាវីឌពិតជាមានជំនឿដ៏ត្រឹមត្រូវមែន។

ជាញឹកញាប់ យើងចូលចិត្តគិតថា បញ្ហារបស់យើងមានការពិបាកខ្លាំង ហើយធំដូចកូលីយ៉ាត ប៉ុន្តែ ព្រះជាម្ចាស់ធំជាងបញ្ហាទាំងអស់ នៅក្នុងពិភពលោក។ ទ្រង់គ្រប់គ្រងរាល់បញ្ហានៃជីវិតរបស់យើង។—WINN COLLIER