មានពេលមួយហ្សាវីយើរ មែកខូរី(Xavier McCoury) បានពាក់វែនតា ដែលអ៊ំស្រីសេលីណា(Celena)បានផ្ញើឲ្យគាត់ សម្រាប់ថ្ងៃខួបកំណើតគំរប់ដប់ឆ្នាំរបស់គាត់។ ពេលនោះ គាត់ក៏បានស្រក់ទឹកភ្នែក។ ហ្សាវីយើរបានមានជម្ងឺខ្វាក់ពណ៌ពីកំណើត បានជាគាត់អាចមើលឃើញតែពណ៌ប្រផេះ ពណ៌ស និងពណ៌ខ្មៅប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ វែនតាអ៊ែនក្រូម៉ាថ្មីមួយនោះក៏បានជួយឲ្យគាត់អាចមើលឃើញពណ៌ក្នុងធម្មជាតិ ដែលនៅជុំវិញខ្លួនគាត់ ជាលើកដំបូង។ គាត់ក៏បានបង្ហាញចេញនូវភាពរំភើបរីករាយជាពន់ពេក ពេលដែលបានឃើញសម្រស់នៃធម្មជាតិនៅជុំវិញខ្លួនគាត់។ ពេលនោះ ក្រុមគ្រួសារគាត់មានអារម្មណ៍ថា ពួកគេកំពុងតែឃើញការអស្ចារ្យកំពុងតែកើតឡើង ចំពោះគាត់។

រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់សាវ័កយ៉ូហាន អំពីសម្រស់នៃពណ៌ចម្រុះ ដ៏ចែងចាំង នៅនគរស្ថានសួគ៌ ដែលបានធ្វើឲ្យគាត់មានចិត្តរំភើបរីករាយយ៉ាងខ្លាំង(វិវរណៈ ១:១៧)។ គាត់បានពិពណ៌នាថា បន្ទាប់ពីគាត់បានឃើញសិរីល្អដ៏ពោរពេញរបស់ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ គាត់ក៏បានឃើញ “មានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅលើបល្ល័ង្កនោះ ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ និងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង ដែលមើលទៅដូចជាត្បូងមរកត។ … មានផ្លេកបន្ទោរ សៀងសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្ក១នោះមក”(វិវរណៈ ៤:២-៥)។

នៅសម័យមុន លោកអេសេគាលក៏បានទទួលការបើកសម្តែងឲ្យឃើញទិដ្ឋភាពដ៏អស្ចារ្យ នៃ “បល្ល័ង្ក ដែលមើលទៅដូចជាត្បូងកណ្តៀង ហើយនៅលើភាពដែលមើលទៅដូចជាបល្ល័ង្ក នោះឃើញមាន
ទ្រង់ទ្រាយដូចជាមនុស្សអង្គុយនៅលើ។ ខ្ញុំក៏ឃើញពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ដែលមើលទៅដូចជាភ្លើង នៅខាងក្នុង ហើយនៅជុំវិញ”(អេសេគាល ១:២៦-២៧)។ ទ្រង់ទ្រាយដូចមនុស្សដ៏អស្ចារ្យនោះ មានពន្លឺព័ទ្ធជុំវិញ ដូចជាឥន្ធធនូដែលនៅលើពពក(ខ.២៨)។

ថ្ងៃណាមួយ យើងនឹងបានជួបព្រះគ្រីស្ទ មុខទល់នឹងមុខ។ ការបើកសម្តែងដែលយើងបានឃើញ ឬបានស្គាល់ គឺគ្រាន់តែជាតម្រុយនៃភាពអស្ចារ្យ ដែលកំពុងតែរង់ចាំយើង។ ខណៈពេលដែលយើងអបអរសម្រស់នៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ នៅក្នុងពេលបច្ចុប្បន្ន ចូរយើងរស់នៅ ដោយរង់ចាំសិរីល្អ ដែលនឹងបើកសម្តែងឲ្យយើងឃើញ នៅពេលខាងមុខ។—REMI OYEDELE