លោក​ហ្សាក អេស្វាញ(Zack Eswine) បាន​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា គ្រូ​គង្វាល ដែល​មិន​ល្អ​ឥត​ខ្ចោះ ។ ក្នុង​សៀវ​ភៅ​នោះ គាត់​បាន​សរសេរ​ថា “ជួន​កាល ក្នុង​ផ្លូវ​អារម្មណ៍​របស់​យើង ការ​ធ្វើ​ការ​មួយ​ម៉ោង គឺ​ប្រៀប​ដូច​ជា​ការធ្វើ​ការ​ពេញ​មួយ​ថ្ងៃ”។ ត្រង់​ចំណុច​នេះ គាត់​កំពុង​តែ​និយាយ​សំដៅ​ទៅ​លើ​បន្ទុក ដែល​គ្រូ​គង្វាល​បាន​ទទួល ជា​ញឹក​ញាប់ ក្នុង​ការងារ​បម្រើ​ព្រះ ប៉ុន្តែ យើង​ម្នាក់​ៗ​ក៏​សុទ្ធ​តែ​អាច​មាន​បន្ទុក​ធ្ងន់​ដូច​គ្នា។ បន្ទុក​ផ្លូវ​អារម្មណ៍ និង​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់ អាច​ធ្វើ​ឲ្យ​យើង​ខ្សោះ​អស់​កម្លាំង​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​វិញ្ញាណ​។ ពេល​នោះ យើង​មិន​ចង់​ធ្វើ​អ្វី ក្រៅ​ពី​ប្រះ​ខ្លួន​ដេក។

ក្នុង​បទ​គម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៩ ហោរា​អេលីយ៉ា បាន​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​មួយ ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​ហត់​នឿយ គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​គាត់។ យើង​ឃើញ​ថា ក្សត្រី​យេសិបិល​បាន​គំរាម​ថា នឹង​សម្លាប់​គាត់(ខ.១-២) បន្ទាប់​ពី​ព្រះ​នាង​រក​ឃើញ​ថា គាត់​បាន​ឲ្យ​គេ​សម្លាប់​ពួក​ហោរា​របស់​ព្រះ​បាល(មើល ១៨:១៦-៤០)។ លោក​អេលីយ៉ា​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង បាន​ជា​គាត់​រត់​គេច​ខ្លួន ហើយ​បាន​អធិស្ឋាន​សូម​ព្រះ​ជា​ម្ចាស់​ដក​ជីវិត​គាត់​(១៩:៣-៤)។

គាត់​ក៏​បាន​ប្រះ​ខ្លួន​ដេក​ចុះ ដោយ​ទុក្ខ​ព្រួយ​ជា​ខ្លាំង។ ទេវតា​ក៏​បាន​ពាល់​គាត់​ពីរ​ដង ហើយ​ប្រាប់​គាត់​ឲ្យ “ក្រោក​ឡើង ហើយ​បរិភោគ​អាហារ”(ខ.៥,៧)។ បន្ទាប់​ពី​ទេវតា​បាន​ពាល់​គាត់​ជា​លើក​ទីពីរ គាត់​ក៏​មាន​កម្លាំង​ឡើង ដោយ​សារ​អាហារ​ដែល​ព្រះ​ជាម្ចាស់​ប្រទាន ហើយ​គាត់​ក៏​បាន​ធ្វើ​ដំណើរ​៤០​យប់ ៤០ថ្ងៃ រហូត​ទៅ​ដល់​រូង​ភ្នំ​មួយ​(ខ.៨-៩)។ នៅ​ទីនោះ ព្រះ​អម្ចាស់​ក៏​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ ឲ្យ​គាត់​ឃើញ ហើយ​បង្គាប់​គាត់ ឲ្យ​បន្ត​ធ្វើ​ការ​ថ្វាយ​ទ្រង់​(ខ.៩-១៨) ហើយ​គាត់​ក៏​មាន​ភាព​ស្រស់​ស្រាយ​ឡើង​វិញ ហើយ​អាច​បន្ត​ការងារ​ដែល​ព្រះ​ជា​ម្ចាស់​ឲ្យ​គាត់​ធ្វើ។

ជួន​កាល យើង​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ក្នុង​ព្រះ​អម្ចាស់​ផង​ដែរ។ យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត តាម​រយៈ​ការ​ជជែក​ជា​មួយ​គ្រីស្ទ​បរិស័ទ​ម្នាក់​ទៀត ឬ​ការ​ស្តាប់​បទ​ថ្វាយ​បង្គំ ឬ​ក៏​ការ​ចំណាយ​ពេល​អធិស្ឋាន និង​អាន​ព្រះ​គម្ពីរ។

តើ​អ្នក​មាន​អារម្មណ៍​ថា អស់​កម្លាំង​មែន​ទេ? ចូរ​ថ្វាយ​បន្ទុក​របស់​អ្នក​ដល់​ព្រះ នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​មាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ។ ព្រះ​អង្គ​នឹង​ទទួល​បន្ទុក​របស់​អ្នក។ —JULIE SCHWAB