ជា​ទូទៅ ស្រ្តី​ជា​ម្តាយ​ក្នុង​សម័យ​ទំនើប មាន​តួនាទី​ជា​ចុងភៅ ជា​អ្នក​រៀប​ចំ​កម្ម​វិធី​សម្រាប់​គ្រួសារ ជា​អ្នក​ប្រឹក្សា​យោបល​ផ្នែក​ចំណី​អាហារ និង​ជា​អ្នក​ថែ​ទាំ​គ្រួសារ​ជា​ដើម។ តួនាទី​ទាំង​នេះ​ស្ថិត​ក្នុង​ចំណោម​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន ដែល​ពួក​គេ​ត្រូវបំពេញ​ជា​ប្រចាំ។ កាល​ពី​ឆ្នាំ​២០១៦ ការ​ស្រាវជ្រាវ​មួយ បាន​ប៉ាន់​ប្រម៉ាន​ថា ស្រ្តី​ជា​ម្តាយ​បាន​ធ្វើ​ការ ចាប់​ពី​៤៩​ម៉ោង ទៅ​៩៦​ម៉ោង ក្នុង​មួយ​សប្តាហ៍ ដែល​ភាគ​ច្រើន​ជា​កិច្ចការ​ដែល​ទាក់​ទង​នឹង​ការ​ចិញ្ចឹម​បី​បាច់​កូន។​

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​ស្រ្តី​ជា​ម្តាយ តែង​តែ​មាន​ការ​អស់​កម្លាំង​ជា​និច្ច។ ការ​ធ្វើ​ជា​ម្តាយ គឺ​ត្រូវ​ចំណាយ​ពេល​វេលា​ និង​កម្លាំង​ជា​ច្រើន ដើម្បី​ថែ​ទាំ​កូន ដែល​ត្រូវ​ការ​ជំនួយ​ជា​ប្រចាំ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​រៀន​រក​ផ្លូវ​ដើរ ក្នុង​ពិភព​លោក​នេះ។​

ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា​ហត់​នឿយ នៅ​ពេល​ថ្ងៃ ដែល​ហាក់​ដូច​ជា​មាន​រយៈ​ពេល​យូរ​ជាង​ធម្មតា ហើយ​ខ្ញុំ​ត្រូវ​ការ​ការ​រំឭក​ថា ការ​ទំនុក​បម្រុង​អ្នក​ដទៃ គឺ​ជា​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ។ នៅ​ពេល​នោះ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ដោយ​ក្តី​សង្ឃឹម​ដ៏​អស្ចារ្យ ដោយ​ដឹង​ថា ព្រះយេស៊ូវ​បាន​ឲ្យ​តម្លៃ​យ៉ាង​ណា ចំពោះ​អ្នក​ដែល​បម្រើ​គេ។

ក្នុង​កណ្ឌ​ដំណឹង​ល្អ​ម៉ាកុស ពួក​សាវ័ក​បាន​ដណើ្តម​គ្នា ធ្វើ​ជា​អ្នក​ធំ​ជាង​គេ នៅក្នុង​ចំណោម​ពួក​គេ។ ព្រះ​យេស៊ូវ​ក៏​បាន​គង់​ចុះដោយ​ស្ងាត់​ស្ងៀម ហើយ​រំឭក​ពួក​គេ​ថា “បើ​អ្នក​ណា​ចង់​ធ្វើ​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេទាំង​អស់​ដែរ”(ម៉ាកុស ៩:៣៥)។ បន្ទាប់​មក ទ្រង់​ក៏​បាន​លើក​ក្មេង​តូច​ម្នាក់​ពរ ដើម្បី​ពន្យល់​ពួក​គេ អំពី​សារៈ​សំខាន់​នៃ​ការ​បម្រើ​អ្នក​ដទៃ ជាពិសេស អ្នក​ដែល​ត្រូវ​ការ​ជំនួយ​បំផុត ក្នុង​ចំណោម​យើង​(ខ.៣៦-៣៧)។

ការ​ឆ្លើយ​តប​របស់​ព្រះ​គ្រីស្ទ ត្រង់​ចំណុច​នេះ បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ច្បាស់​ថា នរណា​ជា​អ្នក​ធំ​ជាង​គេ ក្នុង​នគរ​របស់​ព្រះ​អង្គ។ តាម​ខ្នាត​គំរូ​របស់​ព្រះ​អង្គ អ្នក​នោះ​ត្រូវ​មាន​ចិត្ត​ដែល​ខ្វល់​ពី​អ្នក​ដទៃ។ ហើយ​ព្រះ​យេស៊ូវ​បាន​សន្យា​ថា ព្រះ​វត្ត​មាន​របស់​ព្រះ នឹងគង់​នៅ​ជា​មួយ និង​ចម្រើន​កម្លាំង​ដល់​អ្នក ដែល​សម្រេច​ចិត្ត​បម្រើ​អ្នក​ដទៃ(ខ.៣៧)។

ខណៈ​ពេល​ដែល​អ្នក​មាន​ឱកាស​បម្រើ នៅ​ក្នុង​គ្រួសារ ឬ​សហគមន៍​របស់​អ្នក ចូរ​មាន​ការ​កម្សាន្ត​ចិត្ត​ឡើង ដោយ​ដឹង​ថា ព្រះយេស៊ូវ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ចំពោះ​ពេល​វេលា និង​ការ​ប្រឹង​ប្រែង ដែល​អ្នក​លះ​បង់ ក្នុង​ការ​បម្រើ​អ្នក​ដទៃ។—LISA SAMRA