មាន​ពេល​មួយ ខ្ញុំ​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ជួប​អ្នក​លេង​ព្យាណូ​ម្នាក់ ដែល​មាន​ឈ្មោះ​ល្បី​ជា​អន្តរ​ជាតិ។ ពេល​នោះ ខ្ញុំ​មាន​ចិត្តរំភើប​រីក​រាយ​យ៉ាង​ខ្លាំង ដែល​មាន​ឱកាស​ជួប​គាត់ ដោយសារ​ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​ការ​ប្រឡូក​នៅ​ក្នុង​សិល្បៈ​តន្រ្តី ដែល​មាន​ការ​លេង​វីយូឡុង និង​ព្យាណូ និង​ការប្រគំ​តន្រ្តី​ទោល ក្នុង​កម្ម​វិធី​ព្រះ​វិហារ និង​កម្ម​វិធី​ផ្សេង​ទៀត។​

ពេល​ខ្ញុំ​បាន​មក​ដល់​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ជួប​គ្នា ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​ចេះ​និយាយ​ភាសា​អង់​គ្លេស​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​ខ្ញុំមាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​គាត់​ឲ្យ​វីយូឡុង​ធំ​មួយ​គ្រឿង ឲ្យ​ខ្ញុំ​លេង។ វា​ជា​ឧបករណ៍​តន្រ្តី​ដែល​ខ្ញុំ​មិន​ដែល​បាន​ប៉ះ​ពីមុន​មក​សោះ។ គាត់​បាន​ទទូច​ឲ្យ​ខ្ញុំ​លេង​វា ហើយ​គាត់​នឹង​លេង​ព្យ៉ាណូ​អម​ជា​មួយ។ ខ្ញុំ​ក៏​កូត​វីយូឡុង​ធំ​នោះ​បាន​ពីរ​បី​ណោត តាម​គំរូ​នៃ​ការ​លេង​វីយូឡុង​តូច​ដែល​ខ្ញុំ​បាន​ហ្វឹក​ហាត់​។ ទី​បំផុត ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​បាន​លេង​ខុស​ភ្លេង ដោយ​យើង​បែរ​ជា​លេងបទ​ផ្សេង​ពី​គ្នា​ទៅ​វិញ។

ខ្ញុំ​ក៏​បាន​ភ្ញាក់​ដឹង​ខ្លួន ហើយ​ដឹង​ថា​ តាម​ពិត​វា​គ្រាន់​តែ​ជា​ការ​យល់​សប្តិ​ប៉ុណ្ណោះ។ ប៉ុន្តែ ដោយ​សារ​ទំនុក​ភ្លេង​នៅ​ក្នុង​ការ​យល់​សប្តិនោះ​ត្រូវ​បាន​ប្រគំ​យ៉ាង​ពិរោះ ខ្ញុំ​ក៏​បាន​គិត​ថា បើ​សិន​ជា​ខ្ញុំ​អាច​ច្រៀង នៅ​ក្នុង​ការ​យល់​សប្តិ​នោះ​វិញ មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។​

ព្រះ​ជា​ម្ចាស់​បាន​ឲ្យ​យើង​មាន​ឱកាស​អភិវឌ្ឍន៍​ទេពកោសល្យ​ពី​កំណើត និង​អំណោយ​ទាន​ខាង​វិញ្ញាណ ដើម្បី​ជា​ប្រយោជន៍​ដល់គ្នា​ទៅ​វិញ​ទៅ​មក​(១កូរិនថូស ១២:៧)។ តាម​រយៈ​ការ​អាន​ព្រះគម្ពីរ ដោយ​ការ​អធិស្ឋាន និង​ការ​ប្រឹក្សា​យោបល​ពី​អ្នក​ដទៃ យើង​អាច​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់ អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ ដែល​យើង​មាន​រៀង​ៗ​ខ្លួន និង​ពិសេស​ខុស​ៗ​គ្នា។

សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា ទោះ​យើង​មាន​អំណោយ​ទាន​ខាង​វិញាណ​មួយ​ណា​ក៏ដោយ យើង​ត្រូវ​ចំណាយ​ពេល​ស្វែង​រក​វា ហើយ​ប្រើ​វា ដោយ​ដឹង​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ប្រទាន​អំណោយ​ទាន​ទំាង​នោះ​រៀង​ៗ​ខ្លួន តាម​បំណង​ព្រះ​ទ័យ​ទ្រង់​(ខ.១១)។

ចូរ​យើង​ប្រើ “សម្លេង” ដែល​ជា​អំណោយ​មក​ពី​ព្រះ​វិញ្ញាណ ដើម្បី​ថ្វាយ​ព្រះ​កិត្តនាម​ដល់​ព្រះ និង​បម្រើ​អ្នក​ជឿ​ដទៃ​ទៀត ក្នុង​ព្រះ​យេស៊ូវ។  EVAN MORGAN, guest author