នៅ​កន្លែង​ប្រកួត​ជិះ​ស្គី​តាម​ជម្រាល​ភ្នំ ច្រើន​តែ​មាន​គំនូស​បន្ទាត់​ពណ៌​ខៀវ ដែល​គេ​បាន​គូស​ចំណាំ​ពី​លើ​ផ្ទៃ​ព្រឹល​ពណ៌​ស ដោយ​បាញ់​ថ្នាំ​ពណ៌​ខៀវ​ពី​លើ។​ ខ្សែ​បន្ទាត់​កោង​ៗ​ទាំង​នោះ​អាច​ជា​រូប​ភាព​ដែល​រំខាន​ទស្សនិក​ជន ប៉ុន្តែ វា​ពិត​ជា​មាន​សារៈ​សំខាន់យ៉ាង​ខ្លាំង ចំពោះ​ជោគ​ជ័យ និង​សុវត្ថិភាព​របស់​កីឡាករ​ដែល​កំពុង​ប្រកួត។ ពណ៌​នោះ​បាន​ជួយ​នាំ​ផ្លូវ​អ្នក​ប្រកួត ឲ្យ​ទៅ​តាម​ផ្លូវ ដែល​ឆាប់​ចុះ​ទៅ​ដល់​ជើង​ភ្នំ។ ម្យ៉ាងទៀត ពណ៌​នោះ​ក៏​លេច​ឡើង​ច្បាស់​ល្អ នៅ​លើ​ផ្ទៃ​ព្រិល​ពណ៌​សរ គឺ​មាន​សារៈ​សំខាន់​ចំពោះសុវត្ថិ​ភាព​របស់​កីឡាករ​ដែល​កំពុង​តែ​ជិះ​ស្គី​បោះ​ពួយ​ចុះ​ពី​លើ​ជម្រាល​ភ្នំ ក្នុង​ល្បឿន​ដ៏​លឿន។

ស្តេច​សាឡូម៉ូន​បាន​ប្រៀន​ប្រដៅ​បុត្រ​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ឲ្យ​ស្វែង​រក​ប្រាជ្ញា ដោយ​សង្ឃឹម​ថា ប្រាជ្ញា​នឹង​ជួយ​ពួក​គេ​ឲ្យ​មាន​សុវត្ថិ​ភាព នៅ​ផ្លូវ​ប្រកួត​នៃ​ជីវិត។ ប្រាជ្ញា​ជួយ​នាំ​ពួក​គេ ធ្វើ​ដំណើរ​តាម​ផ្លូវ​ដ៏​ទៀង​ត្រង់ ហើយ​ជួយ​ការពារ​មិន​ឲ្យ​ពួក​គេ​ជំពប់​ដួល(សុភាសិត ៤:១១-១២)។ ក្នុង​នាម​ទ្រង់​ជា​បិតា​របស់​ពួក​គេ ទ្រង់​សង្ឃឹម​ថា ពួក​គេ​បាន​អរ​សប្បាយ​នឹង​ជីវិត​ពេញ​បរិបូរ ដែលជៀស​ផុត ពី​ការ​ខូច​ខាត ដែល​កើត​ឡើង​ពី​ការ​រស់​នៅ ដាច់​ឆ្ងាយ​ពី​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់។

ព្រះ​ទ្រង់​ជា​ព្រះ​វរបិតា​ដែល​មាន​ព្រះ​ជន្ម​រស់​នៃ​យើង ដែល​បាន​ប្រទាន​យើង​នូវ​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ សម្រាប់​នាំ​ផ្លូវ​យើង គឺ​ដូច​ជាខ្សែ​បន្ទាត់​ពណ៌​ខៀវ នៅ​កន្លែង​ប្រណាំង​ស្គី។ ទ្រង់​ឲ្យ​យើង​មាន​សេរី​ភាព នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​ជីវិត ហើយ​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ ដែល​ទ្រង់​ប្រទាន សម្រាប់​ដឹក​នាំ​ផ្លូវ​យើង គឺ​ជា​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ស្វែង​រក(ខ.២២)។ ពេល​ណា​យើង​ងាក​ចេញ​ពី​ការ​អាក្រក់ ហើយ​ដើរ​ជា​មួយ​ទ្រង់ ផ្លូវ​របស់​យើង​នឹង​បាន​ភ្លឺ​ឡើង ដោយ​សេចក្តី​សុចរិត​របស់​ទ្រង់ ដោយ​ជួយ​ទប់​ជើង​យើង មិន​ឲ្យ​ជំពប់​ដួល ហើយ​ដឹក​នាំ​យើង ឆ្ពោះ​ទៅ​មុខ ជា​រៀង​រាល់​ថ្ងៃ(ខ.១២,១៨)។​—KIRSTEN HOLMBERG