អ្នក​ត្រួត​ពិនិត្យ​របស់​ខ្ញុំ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ក្រុម​កីឡាករ​វាយ​កូន​បាល់​បេសប៊ល​មហា​វិទ្យាល័យ​មួយ ។ ឆ្នាំ​នេះ ពួក​គេ​បាន​ប្រកួត​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​ប្រចាំ​ប្រទេស ដូច​នេះ មិត្ត​រួម​ការងារ​ម្នាក់​ក៏​បាន​ផ្ញើ​សារ​មក​គាត់ ដើម្បី​អប​អរ​សា​ទរ។ ប៉ុន្តែ បញ្ហា​របស់​គាត់​នៅ​ពេល​នោះ គឺ​គាត់​មិន​មាន​ឱកាស​មើល​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​សោះ។ គាត់​ថា គាត់​មាន​អារម្មណ៍​តប់​ប្រមល់​យ៉ាង​ខ្លាំង ពេល​ដែល​គាត់​បាន​ដឹង​អំពី​លទ្ធ​ផល​នៃ​ការ​ប្រកួត ដោយ​មិន​បាន​ទស្សនា​ដោយ​ផ្ទាល់។ ប៉ុន្តែ គាត់​ក៏​បាន​ទទួល​ស្គាល់ថា យ៉ាង​ហោច​ណាស់ ពេល​ដែល​គាត់​បាន​ទស្សនា​ការ​ចាក់​ផ្សាយ​ឡើង​វិញ នូវ​ប្រកួត​នោះ គាត់​នឹង​មិន​មាន​អារម្មណ៍​ភ័យ​អរ ​ពេល​ដែល​ការ​ប្រកួត​ជិត​ដល់​ចុង​បញ្ចប់។ ព្រោះ​គាត់​បាន​ដឹង​រួច​ហើយ​ថា ក្រុម​មួយ​ណា​ឈ្នះ​។

យើង​មិន​ដឹង​ថា ថ្ងៃ​ស្អែក​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ​ទេ។ ថ្ងៃ​ខ្លះ យើង​អាច​មាន​អារម្មណ៍​ថា ធុញ​ទ្រាន់ និង​ហត់​នឿយ តែ​ថ្ងៃ​ខ្លះ យើង​មាន​អារម្មណ៍​ថា សប្បាយ​រីក​រាយ។ តែ​នៅ​មាន​ពេល​ខ្លះ​ទៀត ជីវិត​យើង​អាច​មាន​ការ​លំបាក និង​ឈឺ​ចាប់​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​យូរ​ទៀត​ផង។

ប៉ុន្តែ ទោះ​ជីវិត​យើង​មាន​ការ​ឡើង​ចុះ​ៗ​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ជាប់​នៅ ក្នុង​សន្តិ​ភាព​របស់​ព្រះ យ៉ាង​មាន​សុវត្ថិ​ភាព​។ ព្រោះ​យើង​ដឹង អំពី​ចុង​បញ្ចប់​នៃ​រឿង​ជីវិត​របស់​យើង គឺ​ដឹង​ថា យើង​ជា​អ្នក​ឈ្នះ។

ព្រះ​គម្ពីរ​វិវរណៈ ដែល​ជា​កណ្ឌ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ បាន​បើក​វាំង​នន បង្ហាញ​ឆាក​ឈុត​ចុង​ក្រោយ​នោះ ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​ចង់​ទស្សនា។ សាវ័ក​យ៉ូហាន​បាន​ពិពណ៌​នា អំពី​ឈុត​ឆាក​នៃ​ជ័យ​ជម្នះ​ដែល​គួរ​ឲ្យ​ទស្សនា​បំផុត​នោះ បន្ទាប់​ពី​ការ​ឈ្នះ​សេចក្តី​ស្លាប់ និង​ការ​អាក្រក់​ជា​ចុង​ក្រោយ​(២០:១០,១៤)។ នៅ​ពេល​នោះ ព្រះ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះអង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ(ខ.៣) ហើយ​ទ្រង់​ក៏​បាន​ជូត​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ ក្នុង​ពិភព​លោក ដែល “គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ”(ខ.៤)។

នៅ​ថ្ងៃ​ដ៏​ពិបាក យើង​អាច​តោង​ឲ្យ​ជាប់​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់ ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​នេះ។ នឹង​គ្មាន​ការ​បាត់​បង់ ឬ​ការ​យំយែក​ទៀត​ទេ។​ នឹង​មិន​មាន​ការ​សង្ស័យ ឬ​ការ​ខូច​ចិត្ត​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​បាន​រស់​នៅ​ជុំ​គ្នា​ជា​មួយ​ព្រះ​អង្គសង្រ្គោះ​របស់​យើង អស់​កល្ប​ជា​និច្ច។ តើ​យើង​នឹង​មាន​ការ​អបអរ​ធំ​ប៉ុណ្ណា នៅ​ពេល​នោះ? —ADAM HOLZ