អ្នកស្រីបឺរីល ម៉ាខាម(Beryl Markham)បាន​និពន្ធ​សៀវ​ភៅ​មួយ​ក្បាល ដើម្បី​ពិពណ៌នា​ជា​លម្អិត អំពី​ការ​ផ្សាំង​សត្វ​សេះ​មួយក្បាល ដែល​មាន​ភាព​រឹង​ចចេស​យ៉ាង​ខ្លាំង។ ពេល​ដែល​គាត់​ព្យាយាម​កាន់​តែ​ខ្លាំង វា​ក៏​កាន់​តែ​រឹង​ក្បាល។ ទោះ​គាត់​បាន​ប្រើ​វិធី​សាស្រ្ត​អ្វី​ក៏​ដោយ ក៏​គាត់​នៅ​តែ​មិន​អាច​ផ្សាំង​សត្វ​សេះ​ដ៏​មាន​អំណួត​មួយ​ក្បាល​នេះ​បាន​ដដែល។ តែ​ទី​បំផុត គាត់​ក៏​បាន​ឈ្នះ​ចិត្តដ៏​រឹង​ទទឹង​របស់​វា។

តើ​យើង​ដឹង​ទេ​ថា យើង​ក៏​ចាំ​បាច់​ត្រូវ​ផ្សាំង​អណ្តាត​របស់​យើង​ផង​ដែរ? នៅ​ក្នុង​ការ​ផ្សាំង​អណ្តាត​របស់​យើង តើ​យើង​មាន​អារម្មណ៍​ថា​ពិបាក ដូច​អ្នក​ស្រី​បឺរីល​ផ្សាំង​សត្វ​សេះ​របស់​គាត់​ឬ​ទេ? សាវ័ក​យ៉ាកុប​បាន​ប្រៀប​ប្រដូច​អណ្តាត ទៅ​នឹង​ដែក​បង្ខាំងនៅ​ក្នុង​មាត់​សេះ ឬ​ចង្កូត​នាវា​(យ៉ាកុប ៣:៣-៥) តែ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​ពោល​ជា​ពាក្យ​ទំនួញ​ថា “មាន​ទាំង​ពាក្យ​សរសើរ និង​ពាក្យ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ”(ខ.១០)។

ដូច​នេះ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ប្រយុទ្ធ​ឈ្នះ​អណ្តាត​របស់​ខ្លួន​ឯង​បាន? សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​អំពី​របៀប​ផ្សាំង​អណ្តាត​ផង​ដែរ។ ទីមួយ គឺ​ត្រូវ​និយាយ​តែ​ការ​ពិត​(អេភេសូរ ៤:២៥)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ត្រង់​ចំណុច​នេះ យើង​មិន​ចេះ​តែនិយាយ​ការ​ពិត ឲ្យ​តែ​រួច​ពី​មាត់ ដោយ​ឥត​បើ​គិត ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់​នោះ​ទេ។ ព្រោះ​នៅ​ខ​បន្ទាប់ ​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ទៀតថា “មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្តាប់”(ខ.២៩)។ យើង​ក៏​អាច​ដក​ភាព​កខ្វក់​ចេញ​ពី​ពាក្យ​សម្តី​របស់យើង ដោយ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញ​ពី​យើង​រាល់គ្នា(ខ.៣១)។ នេះ​មិន​មែន​ជា​រឿង​ដែល​ងាយ​ស្រួល​ធ្វើ​ទេ បើ​សិន​ជា​យើង​ព្យាយាម​ធ្វើ​វា ដោយ​ពឹង​កម្លាំង​ខ្លួន​ឯង​នោះ។ តែ​អរព្រះ​គុណ​ព្រះ​អង្គ ដែល​យើង​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​នឹង​ជួយ​យើង ឲ្យ​តែ​យើង​ពឹង​ផ្អែក​លើ​ទ្រង់។

ការ​ផ្សាំង​អណ្តាត​គឺ​ជា​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ជាប់​ជា​ប្រចាំ ដើម្បី​ប្រយុទ្ធ​ឲ្យ​ឈ្នះ​ចិត្ត​ខ្លួន​ឯង គឺ​មិន​ខុស​ពី​ការ​ផ្សំាង​សត្វ​សេះ ​ដែល​ត្រូវ​ឈ្នះ​ចិត្ត​របស់​វា​នោះដែរ។ —LINDA WASHINGTON