ខ្សែ​ភាព​យន្ត ដែល​មាន​ចំណង​ជើង​ថា លោក​ប៉ុល ជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ បាន​ឆ្លុះ​បញ្ចំាង​ស៊ី​ជម្រៅ អំពី​ការ​បៀត​បៀន​គ្រីស្ទ​បរិស័ទ ក្នុង​សម័យ​ពួក​ជំនុំ​ដំបូង។ ក្នុង​ខ្សែ​ភាព​យន្ត​នេះ សូម្បី​តែ​តួរ​អង្គ​បន្ទាប់​បន្សំ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ដើរ​តាម​ព្រះយេស៊ូវ​មាន​គ្រោះ​ថ្នាក់​ប៉ុណ្ណា។ ពួក​គេ​បាន​ទទួល​រង​ការ​វាយ​ដំ និង​ការ​បៀត​បៀន​ជា​ច្រើន​ទៀត នៅ​ក្នុង​វគ្គ​មួយ​ចំនួន ក្នុង​ខ្សែ​ភាព​យន្ត​នេះ។

ជា​ញឹក​ញាប់ យើង​ជួប​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ ពេល​ដែល​គេ​ដឹង​ថា យើង​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ។ ហើយ​នៅ​តាម​តំបន់​ជា​ច្រើន ​ក្នុង​ពិភព​លោក​នេះ ការ​ដើរ​តាម​ព្រះ​យេស៊ូវ នៅ​តែ​មាន​គ្រោះ​ថ្នាក់។ មនុស្ស​ជា​ច្រើន​ក្នុង​ពួក​ជំនុំ​សព្វ​ថ្ងៃ អាច​ប្រាប់​យើង អំពី​ប្រភេទ​នៃ​ការ​បៀត​បៀន​ដែល​ពួក​គេ​បាន​ជួប​ប្រទះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ចំណោម​យើង អ្នក​ខ្លះ​មាន​ការ​ខឹង​សម្បា​ភ្លាម​ៗ ពេល​ដែល​គេ​ចម្អក​ឲ្យ​សេចក្តី​ជំនឿ​របស់​ខ្លួន ពុំ​នោះ​ទេ​ យើង​សង្ស័យ​ថា គេ​ប្រហែល​ជា​មិន​ដំឡើង​តំណែង​ ឬប្រាក់​ខែ​ឲ្យ​យើង ដោយ​សារ​តែ​ជំនឿ​របស់​យើង​ជា​ដើម។

ជា​ការ​ពិត​ណាស់ ការ​លះ​បង់​ឋានៈ​ក្នុង​សង្គម និង​ការ​លះ​បង់​ជីវិត​របស់​យើង មាន​ភាព​ខុស​គ្នា​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ជា​និច្ច​ជា​កាល ប្រយោជន៍​ផ្ទាល់​ខ្លួន ស្ថេរ​ភាព​ផ្នែក​ហិរញ្ញ​វត្ថុ និង​ការ​ទទួល​ស្គាល់​ក្នុង​សង្គម គឺ​ជា​កត្តា​ជំរុញ​ចិត្ត​ដ៏​ខ្លាំង​ក្លា ​សម្រាប់​មនុស្ស​ជា​ទូទៅ។ ក្នុង​ចំណោម​អ្នក​ជឿ​ព្រះ​យេស៊ូវ នៅ​សម័យ​ដើម​ដំបូង​បំផុត មាន​មនុស្ស​មួយ​ចំនួន ដែល​មាន​បញ្ហា​នេះ។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​បាន​ប្រាប់​យើង​ថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ មុន​ពេល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន នៅ​តែ​បដិសេធ​ទ្រង់​(យ៉ូហាន ១២:៣៧) តែ​ក្នុង​ចំណោម​ពួក​អ្នក​ដឹក​នាំ មាន​មនុស្ស​ជា​ច្រើន​បាន​ទទួលជឿ​​ទ្រង់(ខ.៤២)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ “គេ​មិន​ហ៊ាន​ប្រាប់​ដល់​អ្នក​ណា​សោះ​ថា ពួក​គេ​បាន​ទទួល​ជឿ​ទ្រង់ … ​ព្រោះ គេ​ចូល​ចិត្ត​នឹង​សេចក្តី​សរសើរ​របស់​មនុស្ស ជា​ជាង​សេចក្តី​សរសើរ​របស់​ព្រះ”(ខ.៤២-៤៣)។

សព្វ​ថ្ងៃ​នេះ យើង​នៅ​តែ​ទទួល​រង​សម្ពាធ​សង្គម​(និង​អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៀត) ដែល​ធ្វើ​ឲ្យ​យើង​មិន​ចង់​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ។ ទោះ​យើង​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ ចូរ​យើង​ឈរ​ឲ្យ​មាំ​មួន​ទំាង​អស់​គ្នា ក្នុង​នាម​ជា​អ្នក​ដែលស្វែង​រក​ការ​ទទួល​ស្គាល់​ពី​ព្រះ​ជា​ម្ចាស់ ជា​ជាង​ស្វែង​រក​ការ​សរសើរ​ពី​មនុស្ស។—TIM GUSTAFSON