ខ្ញុំ​មាន​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​ព្រះ​វិហារ កាល​នៅ​ក្មេង ដែល​ក្នុង​ចំណោម​នោះ ខ្ញុំ​នៅ​ចាំ​ថា មាន​ពេល​មួយ គ្រូ​គង្វាល​ម្នាក់​កំពុងតែ​ដើរ​តាម​ផ្លូវ នៅ​ចន្លោះ​កន្លែង​អង្គុយ​ក្នុង​ព្រះ​វិហារ ដោយ​លើក​ទឹក​ចិត្ត​យើង ឲ្យ​នឹក​ចាំ​អំពី​ទឹក នៃ​បុណ្យ​ជ្រមុជ​ទឹក​ដែល​យើងបាន​ទទួល​។ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​អាច​នឹក​ចាំ​អំពី​ទឹក​យ៉ាង​ដូច​ម្តេច? បន្ទាប់​មក គាត់​ក៏​បាន​ចាប់​ផ្តើម​សាច​ទឹក​ដាក់​យើងម្នាក់​ៗ ដែល​ពេល​នោះ ក្នុង​នាម​ខ្ញុំ​ជា​ក្មេង​តូច​ម្នាក់ ខ្ញុំ​មាន​ចិត្ត​រីក​រាយ ហើយ​ក៏​មាន​ការ​ភាន់​ភាំង​ផង​ដែរ។​

ហេតុ​អ្វី​បាន​ជា​យើង​គួរ​តែ​គិត​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក? ពេល​ដែល​មនុស្ស​ម្នាក់​ទទួល​បុណ្យ​ជ្រមុជ​ទឹក គាត់​បាន​ទទួល​លើស​ពីទឹក។ ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជា​និមិត្រ​រូប​តំណាង​ឲ្យ ការ​ប្រដាប់​កាយ​ដោយ​ព្រះ​គ្រីស្ទ(កាឡាទី ៣:២៧)។ អាច​និយាយ​បានម្យ៉ាង​ទៀត​ថា ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺ​ជា​ការ​អប​អរ​ថា យើង​បាន​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​នៅ​ក្នុង និង​តាម​រយៈ​យើង។​

ជាង​នេះ​ទៅ​ទៀត បទ​គម្ពីរ​នេះ​បាន​ប្រាប់​យើង​ថា បើ​យើង​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ គឺ​មាន​ន័យ​ថា យើង​បាន​រកឃើញ​អត្ត​សញ្ញាណ​ថ្មី​មួយ នៅ​ក្នុង​ទ្រង់។ យើង​ជា​កូន​របស់​ព្រះ(ខ.២៦)។ យើង​ត្រូវ​បាន​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ​វិញ ដោយ​សេចក្តី​ជំនឿ មិន​មែន​ដោយ​សារ​ការ​កាន់​តាម​ក្រឹត្យ​វិន័យ​សញ្ញា​ចាស់​នោះ​ទេ(ខ.២៣-២៥)។ យើង​មិន​មាន​ការ​បែក​បាក់​គ្នា ដោយ​សារ​ភេទ វប្ប​ធម៌ និង​វណ្ណៈ​នោះ​ឡើយ។ យើង​ត្រូវ​បាន​រំដោះ​ឲ្យ​មាន​សេរី​ភាព និង​ចូល​ទៅ​ក្នុង​ការ​រួប​រួម តាម​រយៈ​ព្រះ​គ្រីស្ទ ហើយ​ពេល​នេះ យើង​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់(ខ.២៩)។

ដូចនេះ យើង​មាន​ហេតុ​ផល​ល្អ​ៗ​ជា​ច្រើន ដែល​ត្រូវ​នឹក​ចំា​អំពី​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​អ្វី​ៗ​ដែល​បុណ្យ​ជ្រមុជ​ទឹក​បាន​ធ្វើជា​តំណាង​ឲ្យ។ យើង​មិន​គ្រាន់​តែ​ផ្តោត​ទៅ​លើ​សកម្ម​ភាព​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ផ្តោត​ទៅ​លើ​សេចក្តី​ពិត​ដែល​ថា យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​យេស៊ូវ ហើយ​បាន​ក្លាយ​ជា​កូន​របស់​ព្រះ។ យើង​បាន​រក​ឃើញ​អត្ត​សញ្ញាណ អនាគត និង​សេរី​ភាព​ខាង​វិញ្ញាណ​របស់​យើង ក្នុង​ទ្រង់។—PETER CHIN