អាលី(Ali) គឺ​ជា​ក្មេង​ជំទង់​ដែល​មាន​រូប​សម្រស់​ល្អ ឆ្លាត ហើយ​មាន​ដុង​ពី​កំណើត ហើយ​ឪពុក​ម្តាយ​របស់​នាង ក៏​ជា​មនុស្ស​ដែលមាន​ក្តី​ស្រឡាញ់។ ប៉ុន្តែ បន្ទាប់​ពី​នាង​បាន​រៀន​ចប់​ថ្នាក់​វិទ្យា​ល័យ មាន​អ្វី​មួយ​ជំរុញ​នាង​ឲ្យ​សាក​ល្បង​គ្រឿង​ញៀន​ហេរ៉ូអ៊ិន។ ឪពុក​ម្តាយ​របស់​នាង​ក៏​បាន​សង្កេត​ឃើញ​នាង​មាន​ការ​ប្រែ​ប្រួល ហើយ​បាន​បញ្ជូន​នាង ទៅ​មជ្ឈ​មណ្ឌល​នីតិ​សម្បទា បន្ទាប់​ពី​នាង​បាន​ទទួល​ស្គាល់​ផល​ប៉ះ​ពាល់ ដែល​គ្រឿង​ញៀន​មាន​មក​លើ​នាង។ បន្ទាប់​ពី​នាង​បាន​ទទួល​ការ​ព្យាបាល​ហើយ គេក៏​បានសួរ​នាង​ថា តើ​នាង​នឹង​និយាយ​ប្រាប់​មិត្ត​ភក្តិ​របស់​នាង​យ៉ាង​ដូច​ម្តេច​ខ្លះ អំពី​ការ​សាក​ល្បង​គ្រឿង​ញៀន។ នាង​ក៏​បាន​ឲ្យ​យោបល់ថា “ចូរ​គេច​ចេញ ហើយ​រត់​ទៅ​ឲ្យ​ឆ្ងាយ​ពី​វា”។ នាង​បាន​ជំរុញ​ថា “បើ​គ្រាន់​តែ​និយាយ​ថា ទេ គឺ​មិន​ទាន់​គ្រប់​គ្រាន់​ទេ”។

គួរ​ឲ្យ​ស្តាយ​ណាស់ អាលី​ក៏​បាន​វិល​ត្រឡប់​មក​រក​ការ​ញៀន​ថ្នាំ​វិញ ហើយ​ក៏​បាន​បាត់​បង់​ជីវិត ក្នុង​វ័យ​២២​ឆ្នាំ ដោយសារ​កា​រប្រើ​ថ្នាំញៀន​លើស​កំរិត។ ក្នុង​គោល​បំណង ដើម្បី​រារាំង​អ្នក​ដទៃ​កុំ​ឲ្យ​មាន​វាសនា​ដូច​នាង ឪពុក​ម្តាយ​របស់​នាង​ដែល​កំពុង​តែ​មាន​ចិត្តខ្ទេច​ខ្ទំា ក៏​បាន​បង្ហាញ​មុខ នៅ​ក្នុង​កម្ម​វិធី​ពត៌​មាន​ក្នុង​តំបន់ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ស្តាប់​ទាំង​ឡាយ ឲ្យ “រត់​គេច ដើម្បី​អាលី” ដោយ​នៅ​ឲ្យ​ឆ្ងាយ​ពី​ស្ថាន​ភាព ដែល​អាច​ទាញ​នាំ​ពួក​គេ​ឲ្យ​ជួប​គ្រឿង​ញៀន និង​គ្រោះ​ថ្នាក់​ដទៃ​ទៀត។

សាវ័ក​ប៉ុល​បាន​ជំរុញ​កូន​ខាង​វិញ្ញាណ​របស់​គាត់ គឺ​លោក​ធីម៉ូថេ(និង​យើង​រាល់​គ្នា) ឲ្យ​រត់​ចេញ​ពី​ការ​អាក្រក់(២ធីម៉ូថេ ២:២២) ហើយ​សាវ័ក​ពេត្រុស​ក៏​បាន​ដាស់​តឿន​ផង​ដែរ​ថា “អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំមួន”(១ពេត្រុស ៥:៨-៩)។

ក្នុង​ចំណោម​យើង​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ដែល​មាន​ភាព​ស៊ាំ​នឹង​ការ​ល្បួង​ឡើយ។ ហើយ​ជា​ញឹក​ញាប់ ការ​ល្អ​​បំផុត​ដែល​យើង​ត្រូវ​ធ្វើ គឺ​ត្រូវ​គេច​ឲ្យ​ផុត​ពី​កន្លែង ឬ​ស្ថាន​ភាព ដែល​នាំ​ឲ្យ​យើង​ជួប​ការ​ល្បួង ទោះ​ពួក​គេ​មិន​តែង​តែ​អាច​ជៀស​វាង​ក៏​ដោយ។ ប៉ុន្តែ​ យើង​អាច​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​មុន ដើម្បី​ជម្នះ​ការ​ល្បួង ដោយ​មាន​ជំនឿ​រឹង​មាំ ក្នុង​ព្រះ និង​ឈរ​ឲ្យ​ជាប់​ក្នុង​ព្រះ​បន្ទូល ហើយចម្រើន​កម្លាំង តាម​រយៈ​ការ​អធិ​ស្ឋាន។ កាល​ណា​យើង​មាន​ជំនឿ​មាំ​មួន យើង​នឹង​ដឹង​ថា ពេល​ណា​យើង​ត្រូវ​ងាក​បែរ និង​រត់​ទៅ​រក​ព្រះ​អង្គ។—ALYSON KIEDA