លោក​អាន់តូនីញ៉ូ ស្ត្រាឌីវ៉ារី(Antonio Stradivari​ ឆ្នាំ១៦៤៤ ដល់ ១៧៣៧) មាន​បុគ្គល​ដ៏​ល្បី​ល្បាញ នៅ​ក្នុង​ពិភព​តន្រ្តី។ ឧបករណ៍​តន្រ្តី​របស់​គាត់ ដែល​មាន​វីយូឡុង សេឡូ និងវ៉ាអូឡា ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ដោយ​សារ​ពួក​វា​ជា​ស្នាដៃ​ដ៏​ល្អ​ឯក ដែល​ជាង​បាន​ផលិត ហើយ​បញ្ចេញ​សម្លេង​ច្បាស់​ល្អ ដែល​សក្តិ​សម​នឹង​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​របស់​ពួក​វា។ ឧទាហរណ៍ ក្នុង​ចំណោម​ឧបករណ៍​ទាំង​នេះ មាន​វីយូឡុង​មួយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា “Messiah-Salabue Stradivarius”។ ក្រោយ​ពេល​ដែលអ្នក​កូត​វីយូឡុង​ម្នាក់ ឈ្មោះ យ៉ូសែប យ៉ៅជីម(Joseph Joachim ឆ្នាំ១៨៣១ ដល់​១៩០៧) បាន​កូត​វីយូឡុង​នេះ​ហើយ គាត់​ក៏​បាន​សរសេរ​ថា “សម្លេង​វីយូឡុង​នេះ ពិត​ជា​ពិសេស​ណាស់។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​វា ម្តង​ហើយ​ម្តង​ទៀត ដោយ​ការ​រួមផ្សំ​នៃ​ភាព​ផ្អែម​ល្ហែម និង​ភាព​ប្រណិត​របស់​វា”។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម្បី​តែ​ឈ្មោះ និង​សម្លេង​នៃ​វីយូឡុង​ដ៏​ល្បីល្បាញ​មួយ​នេះ ក៏​នៅ​តែ​មិន​សក្តិ​សម នឹង​ឲ្យ​យើង​ប្រៀប​ធៀប​វា ជា​មួយ​នឹង​ស្នា​ព្រះហស្ត​របស់​ព្រះ ដែល​អស្ចារ្យ​ជាង​នេះ​ទៀត។ ចាប់​តាំង​ពី​សម័យ​លោក​ម៉ូសេ រហូត​ដល់​សម័យ​ព្រះយេស៊ូវ ព្រះ​លើ​អស់​ទាំង​ព្រះ បាន​បើក​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះ​នាម​ទ្រង់ ដែល​ល្អ​លើស​អស់​ទាំង​នាម។ ដើម្បី​ជា​ប្រយោជន៍​យើង​រាល់​គ្នា ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ប្រាជ្ញា និង​ស្នា​ព្រះ​ហស្ត​ទ្រង់ ត្រូវ​បាន​គេ​ទទួល​ស្គាល់ ឲ្យ​តម្លៃ និង​អប​អរ​សាទរ ដោយ​សម្លេង​តន្រ្តី​ដ៏​ពិរោះ​រណ្តំ​(និក្ខមនំ ៦:១ ១៥:១-២)។

ជាង​នេះ​ទៅ​ទៀត ទ្រង់​បាន​ឆ្លើយ​តប ចំពោះ​ទំនួញ​របស់​រាស្រ្ត​ទ្រង់​ដែល​កំពុង​តែ​វេទនា ដោយ​បង្ហាញ​អំណាច​ចេស្តា​ទ្រង់ ដែល​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​មួយ​ប៉ុណ្ណោះ។​ ក្រោយ​មក​ទៀត ព្រះ​យេស៊ូវ​បន្ទាប​ព្រះ​កាយ ឲ្យ​គេ​យក​ទ្រង់​ទៅ​ឆ្កាង ដើម្បី​សង្រ្គោះ​មនុស្ស​ឲ្យ​រួច​ពី​បាប ហើយ​ទ្រង់​ក៏​បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល ដែល​មាន​តម្លៃ​ដ៏​អស់​កល្ប។ ដែល​ពី​មុន​មក តើ​មាន​នរណា​ខ្លះ​នឹក​ស្មាន​ថា ព្រះ​ទ្រង់​សម្រេច​ព្រះ​ទ័យ​ធ្វើ​ដូច​នេះ? តើ​មាន​នរណា​ខ្លះ ដែល​បាន​នឹក​ស្មាន​ថា សម្លេង​តន្រ្តី​ដ៏​ពិរោះ​អស្ចារ្យ​ ​នឹង​ត្រូវ​បាន​គេ​ប្រគុំ ជា​មួយ​នឹង​ការ​ច្រៀង​សរសើរ​ដំកើង​ព្រះ​នាម​របស់​ទ្រង់ ដែល​បាន​សុគត​ដោយ​ទទួល​ទោស​នៃ​អំពើ​បាប និង​ការបដិសេធន៍​របស់​យើង ដើម្បី​បង្ហាញ​ថា ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា? —MART DEHAAN