មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​លេង​កោះ​បាហាម៉ា។ អ្នក​នាំ​ផ្លូវ​ម្នាក់​បាន​ដឹក​នាំ​ដំណើរ​កម្សាន្ត​នេះ​ នៅ​ក្នុង​ឧទ្យាន​ជាតិ​មួយ។ ពេល​នោះ ​ខ្ញុំ​ក៏​បាន​សរសេរ​ខ្វៀក​នៅ​លើ​សៀវភៅ​កត់​ត្រា ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ណែនាំ អំពី​រុក្ខជាតិ​ទាំង​ឡាយ ក្នុង​ព្រៃ​បុរាណ​របស់​កោះ​បាហាម៉ា។​ គាត់​បាន​ប្រាប់​យើង អំពី​ដើម​ឈើ​ដែល​យើង​ត្រូវ​ជៀស​វាង។ គាត់​ថា មាន​ដើម​ឈើ​ពិស​មួយ​ប្រភេទ បញ្ចេញ​រុក្ខ​រស់​ពណ៌​ខ្មៅ ដែល​នាំ​ឲ្យ​មាន​កន្ទួល​រមាស់​ដ៏​ឈឺ​ចាប់។ ប៉ុន្តែ កុំ​បារម្ភ​អី! តាម​ធម្មតា គេ​អាច​រក​ឃើញ​ថ្នាំ​បន្សាប​នៅ​ក្បែរ​ដើម​ឈើនោះ។ គាត់​ថា “គេ​ត្រូវ​ជា​សម្បក​ឈើ​ពណ៌​ក្រហម​របស់​ដើម​ជ័រ​ដែល​នៅ​ក្បែរ​នោះ ហើយ​យក​ទឹក​ដម​របស់​វា​មក​ឈ្លី​ពី​លើ​កន្លែង​កន្ទួល​រមាស់​នោះ។​ កន្ទួល​រមាស់​នឹង​បាត់​ភ្លាម”។

ពេល​ឮ​គាត់​និយាយ​ដូច​នេះ ខ្ញុំ​ស្ទើរ​ជ្រុះ​ខ្មៅ​ដៃ​ពី​ដៃ ដោយ​ការ​ភ្ញាក់​ផ្អើល។ ពី​មុន​មក ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា ខ្ញុំ​អាច​រក​ឃើញ​រឿង​ប្រៀប​ប្រដូច​អំពី​សេចក្តី​សង្រ្គោះ នៅ​ក្នុង​ព្រៃ​ឡើយ។ ប៉ុន្តែ​ ដើម​ជ័រ​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​ជា​ថ្នាំ សម្រាប់​បន្សាប​ជាតិ​ពុល​នៃ​អំពើ​បាប នៅ​គ្រប់​ពេល។ ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា ដូច​សម្បក​ពណ៌​ក្រហម​នៃ​ដើម​ជ័រ​នោះ។

ហោរា​អេសាយ​ដឹង​ថា មនុស្ស​ជាតិ​ត្រូវ​ការ​ការ​ប្រោស​ឲ្យ​ជា។ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​បាប។ កណ្ឌ​គម្ពីរ​អេសាយ​បាន​សន្យា​ថា ការ​ប្រោស​ឲ្យ​ជា​របស់​យើង គឺ​បាន​មក​ពី “មនុស្ស​ទូទុក្ខ” ដែល​បាន​ទទួល​យក​ជម្ងឺ​របស់​យើង​(អេសាយ ៥៣:៣)។ មនុស្ស​ទូទុក្ខ​នោះ គឺ​ជា​អង្គ​ព្រះ​យេស៊ូវ។ យើង​មាន​ជម្ងឺ ប៉ុន្តែ ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ទទួល​យក​ការ​ឈឺ​ចាប់ និង​របួស​ជំនួស​យើង។ ពេល​ណា​យើង​ទទួល​ជឿ​ទ្រង់ យើង​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ពី​ជម្ងឺ​នៃ​អំពើ​បាប(ខ.៥)។ យើង​អាច​ចំណាយ​ពេល​មួយ​ជីវិត ដើម្បី​រៀន​រស់​នៅ​ជា​មនុស្ស​ដែល​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា ដោយ​ទទួល​ស្គាល់​ថា យើង​មាន​បាប ហើយ​បដិសេធ​វា ស្រប​តាមអត្ត​សញ្ញាណ​ថ្មី​របស់​យើង ប៉ុន្តែ ដោយសារ​ព្រះយេស៊ូវ នោះ​យើង​មិន​ចាំ​បាច់​ត្រូវ​ចំណាយ​ពេល​យូរ​ដូច​នេះ​ឡើយ ព្រោះយើងអាច​ទទួល​ការ​ប្រោស​ឲ្យ​ជា និង​ការ​ប្រោស​លោះ​របស់​ទ្រង់ នៅ​ពេល​ណា​ក៏​បាន។ —AMY PETERSON