នៅ​លើក​ទីមួយ ដែល​សត្វ​ប្រជៀវ​មួយ​ក្បាល​ចូល​ផ្ទះ​របស់​ខ្ញុំ យើង​ក៏​បាន​គិត​ថា វា​បាន​ចូល​ផ្ទះ​យើង​ដោយ​ចៃដន្យ។ ប៉ុន្តែ​ បន្ទាប់​ពី​វា​បាន​ចូល​ផ្ទះ​យើង​ម្តង​ទៀត នៅ​យប់​ទីពីរ ខ្ញុំ​ក៏​បាន​អាន​អត្ថ​បទ ដែល​និយាយ​អំពី​សត្វ​ដ៏​តូច​ទាំង​នោះ ហើយ​ក៏​បាន​ដឹង​ថា ពួក​វា​មិន​ត្រូវ​ការ​ច្រក​ចូល​ធំ ដើម្បី​ចូល​ក្នុង​ផ្ទះ​របស់​មនុស្ស​ឡើយ។ តាម​ពិត ឲ្យ​តែ​ពួក​វា​រក​ឃើញ​ប្រហោង ដែល​មាន​ទំហំ​តូច​ដូច​កាក់ ពួក​វា​នឹង​ចូល​តាម​រន្ធ​នោះ។

ដូច​នេះ ខ្ញុំ​ក៏​បាន​យក​កាវ​បិទ​កញ្ចក់ ទៅ​ដើរ​បិទ​រន្ធ​តូច​ៗ​ទាំង​អស់ ដែល​ខ្ញុំ​ឃើញ​មាន​នៅ​ជុំវិញ​ផ្ទះ។

ក្នុង​បទ​គម្ពីរ បទ​ចម្រៀង​សាឡូម៉ូន ២:១៥ ស្តេច​សាឡូម៉ូន​បាន​លើក​ឡើង អំពី​​ថានិក​សត្វ​ដែល​គួរ​ឲ្យ​រំខាន​មួយ​ទៀត​។ ទ្រង់​បាន​សរសេរ អំពី​គ្រោះ​ថ្នាក់​របស់ “សត្វ​ចចក​តូច​ៗ” ដែល​អាច “បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ”។ ត្រង់ចំណុច​នេះ ទ្រង់​កំពុង​មាន​បន្ទូល​ក្នុង​ន័យ​ធៀប អំពី​ការ​គំរាម​កំហែង ដែល​អាច​ចូល​ទៅ​បំផ្លាញ​ទំនាក់​ទំនង ។ ដែល​ខ្ញុំ​និយាយ​នេះ គឺ​មិន​ចង់​ធ្វើ​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត ដល់​អ្នក​ស្រឡាញ់​សត្វ​ប្រជៀវ ឬ​សត្វ​ចចក​ឡើយ ប៉ុន្តែ ការ​ការពារ​កុំឲ្យ​សត្វ​ប្រជៀវ​ចូល​ផ្ទះ និង​សត្វ​ចចក​ចូល​ចំការ​ទំពាំង​បាយ​ជូរ គឺ​មិន​ខុស​ពី​ការ​ដោះ​ស្រាយ​បញ្ហា​នៃ​អំពើ​បាប ក្នុង​ជីវិត​យើង​នោះ​ឡើយ(អេភេសូរ ៥:៣)។ ដោយ​សារ​ព្រះ​គុណ​ព្រះ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​ក្នុង​យើង បាន​ជា​យើង​មិន​ចាំ​បាច់​ត្រូវ “រស់​នៅ​តាម​និស្ស័យ​សាច់​ឈាម​ទៀត​ឡើយ តែ​តាម​ព្រះវិញ្ញាណ​វិញ”(រ៉ូម ៨:៤)។ ដោយ​អំណាច​នៃព្រះ​វិញ្ញាណ យើង​អាច​ជម្នះ​ការ​ល្បួង ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​បាប។

សូម​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ ដែល​ក្នុង​ព្រះ​គ្រីស្ទ នោះ​យើង​បាន​ក្លាយ​ជា “ពន្លឺ​ក្នុង​ព្រះ​អម្ចាស់” ហើយ​អាច​រស់​នៅ តាម​របៀប​ដែល​ទ្រង់ “សព្វ​ព្រះ​ទ័យ”(អេភេសូរ ៥:៨-១០)។ និយាយ​ឲ្យ​ខ្លី ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​យើង ឲ្យ​ចាប់​សត្វ​ចចក​ខាង​វិញ្ញាណ​ទាំង​នោះ។—DAVE BRANON