មាន​ពេល​មួយ លោក​ជីម(Jim) បាន​ចែក​ចាយ អំពី​បញ្ហា​ដែល​គាត់​កំពុង​តែ​មាន ជា​មួយ​ក្រុម​ការងារ​របស់​គាត់ ដែល​មាន​ដូច​ជា ការ​បាក់​បែក ការ​ថ្កោល​ទោស​គ្នា និង​ការ​យល់​ច្រឡំ។ បន្ទាប់​ពី​ខ្ញុំ​បាន​អង្គុយ​ស្តាប់​គាត់ ដោយ​ចិត្ត​អត់​ធ្មត់ ប្រហែល​១​ម៉ោង ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​អធិស្ឋាន​ទូល​សួរ​ព្រះ​យេស៊ូវ​ថា តើ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​អ្វី ក្នុង​ស្ថាន​ភាព​នេះ។ យើង​ក៏​បាន​អង្គុយ​យ៉ាង​ស្ងាត់​ស្ងៀម​អស់​រយៈ​ពេល​៥​នាទី។ បន្ទាប់​មក រឿង​ដ៏​អស្ចារ្យ​បាន​កើត​ឡើង​។ យើង​ទាំង​ពីរ​នាក់​មាន​អារម្មណ៍​ថា សន្តិ​ភាព​របស់​ព្រះ​បាន​គ្រប​ដណ្តប់​យើង ដូច​ជា​ភួយ​ដ៏​កក់​ក្តៅ។ យើង​ក៏​បាន​បន្ធូរ​អារម្មណ៍​កាន់​តែ​ខ្លាំង ខណៈ​ពេល​ដែល​យើង​បាន​ពិសោធ​នឹង​ព្រះ​វត្ត​មាន និង​ការ​ដឹក​នាំ​របស់​ទ្រង់ ហើយយើង​មាន​ទំនុក​ចិត្ត នៅ​ក្នុង​ការ​បន្ត​ប្រឈម​មុខនឹង​ការ​លំបាក​ទំាង​នោះ។

លោក​ពេត្រុស ស្ថិត​ក្នុង​ចំណោម​សាវ័ក​របស់​ព្រះ​យេស៊ូវ។ គាត់​ត្រូវ​ការ​ព្រះ​វត្ត​មាន​ដ៏​កម្សាន្ត​ចិត្ត​របស់​ទ្រង់។ នៅ​ពេលយប់​មួយ គាត់ និង​សាវ័ក​ដទៃ​ទៀត កំពុង​តែ​ធ្វើ​ដំណើរ​តាម​ទូក​ក្តោង ឆ្លង​កាត់​សមុទ្រ​កាលីឡេ។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​បាន​បក់​បោក​មក។ ភ្លាម​ៗ​នោះ ពួក​គេ​ក៏​បាន​ឃើញ​ព្រះ​យេស៊ូវ​កំពុង​តែ​ដើរ​នៅ​លើ​ទឹក។ ពួក​សាវ័ក​ក៏​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ធានា​ដល់​ពួក​គេ​ថា “ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ”(ម៉ាថាយ ១៤:២៧)។

លោក​ពេត្រុស​ក៏​បាន​ទូល​សូម​ព្រះ​យេស៊ូវ​ដោយ​ចិត្ត​ឆេះ​ឆួល ដើម្បី​ឲ្យ​គាត់​បាន​ដើរ​នៅ​លើ​ទឹក​ជា​មួយ​ទ្រង់​ដែរ។ គាត់​ក៏បាន​បោះ​ជំហាន​ចេញ​ពី​លើ​ទូក ហើយ​ដើរ​ទៅ​រក​ព្រះ​យេស៊ូវ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​ឈប់​ផ្តោត​ទៅ​លើ​ព្រះ​យេស៊ូវ ហើយ​បែរ​ជា​គិត​អំពី​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់​របស់​គាត់ ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន ហើយ​ក៏​បាន​ចាប់​ផ្តើម​លិចចូល​ទៅ​ក្នុង​ទឹក។ គាត់​ក៏​បាន​ស្រែក​ឡើង​ថា “ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង” ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​ជួយ​សង្រ្គោះ​គាត់​ភ្លាម ដោយ​សេចក្តី​ស្រឡាញ់(ខ.៣០-៣១)។

យើង​អាច​ដឹង​ថា ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច ក្នុង​ព្យុះ​នៃ​ជីវិត។ —ESTERA PIROSCA ESCOBAR