ក្នុង​នាម​ខ្ញុំ​ជា​អ្នក​និពន្ធ​វ័យ​ក្មេង ជា​ញឹក​ញាប់ ខ្ញុំ​បាន​ធ្វើ​ការ​ធា​នា ចំពោះ​ខ្លួន​ឯង ពេល​ដែល​ខ្ញុំ​កំពុង​ចូល​រួម​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​អ្នក​និពន្ធ។ ខ្ញុំ​មើល​ទៅ​ជុំវិញ​ខ្លួន​ខ្ញុំ ឃើញ​សុទ្ធ​តែ​យក្ស​នៅ​ពេញ​ក្នុង​បន្ទប់ គឺ​អ្នក​ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជា​ផ្លូវ​ការ និង​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ។ កាល​នោះ ខ្ញុំ​មិន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជា​ផ្លូវ​ការ ហើយ​ក៏​មិន​មាន​បទ​ពិសោធន៍​ច្រើន​ដែរ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​មាន​នោះ គឺ​ត្រចៀក ដែល​ស៊ាំ​នឹង​ភាសា និង​តុង ព្រម​ទាំង​ការ​លើក​ដាក់​សម្លេង តាម​ព្រះ​គម្ពីរ​ប៊ីប បក​ប្រែ​សម័យ King James។ ​វា​ជា​គ្រឿង​សឹក​ដ៏​ល្អ​ណាស់ ដែល​ខ្ញុំ​ធ្លាប់​តែ​ប្រើ ហើយ​វា​បាន​ជួយ​ដល់​រចនាបថ​នៃ​ការ​និពន្ធ​របស់​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ និង​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ក្តី​សង្ឃឹម​ផង​ដែរ។

យើង​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា ដាវីឌ ដែល​ជា​អ្នក​គង្វាល​វ័យ​ក្មេង មាន​ការ​ពិបាក​យ៉ាង​ណា ពេល​ដែល​គេ​ឲ្យ​គាត់ប្រើ​អាវ​ក្រោះ​របស់​ស្តេច​សូល ដើម្បី​ប្រយុទ្ធ​នឹង​កូលី​យ៉ាត​(១សាំយ៉ូអែល ១៧:៣៨-៣៩)។ អាវ​ក្រោះ​នោះ ធ្វើ​ឲ្យ​គាត់មិន​អាច​ចូល​ប្រយុទ្ធ​បាន ព្រោះ​វា​ធំ​ពេក។ ដាវីឌ​ក៏​បាន​ដឹង​ថា អាវ​ក្រោះ​របស់​មនុស្ស​ម្នាក់ អាច​ធ្វើ​ជា​គុក​សម្រាប់​មនុស្សម្នាក់​ទៀត បាន​ជា​គាត់​ទូល​ស្តេច​សូល​ថា “ទូលបង្គំ​នឹង​ពាក់​គ្រឿង​ទាំង​នេះ​ទៅ​មិន​បាន​ទេ”(ខ.៣៩)។ ដូច​នេះ គាត់​ក៏​បាន​ទុក​ចិត្ត​អ្វី​ដែល​គាត់​ដឹង។ ព្រះ​ទ្រង់​បាន​រៀប​ចំ​ខ្លួន​គាត់ សម្រាប់​ពេល​នោះ​ឯង ដោយ​ប្រទាន​អ្វី​ដែល​គាត់​ត្រូវ​ការ(ខ.៣៤-៣៥)។ ដាវីឌ​ធ្លាប់​តែ​ប្រើ​ខ្សែ​ដង្ហក់ និង​គ្រាប់​គ្រួស ធ្វើ​ជា​គ្រឿង​សឹក​របស់​គាត់ ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រើគ្រឿង​សឹក​នោះ ដើម្បី​នាំ​ក្តី​អំណរ ដល់​ជួរ​ទ័ព​របស់​ពួក​អ៊ីស្រាអែល​នៅ​សម័យ​នោះ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា អ្នក​មិន​ដឹង​ច្បាស់​អំពី​ខ្លួន​ឯង ដោយ​គិត​ថា បើ​សិន​ជា​ខ្ញុំ​មាន​អ្វី ដែល​អ្នក​ដទៃ​មាន នោះជីវិត​ខ្ញុំ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ខុស​ពី​នេះ? សូម​ពិចារណា អំពី​អំណោយ​ និង​បទ​ពិសោធន៍​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក យ៉ាង​ជាក់​លាក់។ ចូរ​ទុក​ចិត្ត​លើ​គ្រឿង​សឹក ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​អ្នក​ចុះ។—JOHN BLASÉ