អ្នក​លេង​កីឡា​វាយ​កូន​បាល់​គ្រីឃីត​ម្នាក់ បាន​និយាយ​ថា គាត់​នឹង​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លំាង បើ​សិន​ជា​សមាជិក​ក្រុម​របស់​គាត់​បាន​ធ្វើ​ខុស​ច្បាប់​នៃ​ការ​ប្រកួត។ ពេល​នោះ គាត់​កំពុង​តែ​និយាយ​សំដៅ​ទៅ​លើ​កីឡាករ​វាយ​កូន​បាល់​គ្រីឃីត នៅ​ក្នុង​ក្រុម​របស់​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង ដែល​បាន​បំពាន​ច្បាប់​នៃ​ការ​ប្រកួត នៅ​ក្នុង​ការ​ប្រកួត ក្នុង​ឆ្នាំ​២០១៦។ ប៉ុន្តែ ពី​ឆ្នាំ​ក្រោយ​មក កីឡាករ​រូប​នោះត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ធ្វើ​ខុស​ច្បាប់​នៃ​ការ​ប្រកួត ដែល​ស្ទើរ​តែ​ដូច​លើក​មុខ​។

ការ​លាក់​ពុត​របស់​អ្នក​ដទៃ អាច​ធ្វើ​ឲ្យ​យើង​ឈឺចាប់​យ៉ាង​ខ្លាំង ហើយ​មាន​កំហុស​តិច​ណាស់ ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ជាង​នេះ។ ប៉ុន្តែ នៅ​ក្នុង​រឿង​របស់​លោក​យូដា ក្នុង​បទ​គម្ពីរ លោកុប្បត្តិ ជំពូក​៣៨ ការ​លាក់​ពុត​របស់​លោក​យូដា ស្ទើរតែ​ធ្វើ​ឲ្យ​គាត់​បាត់​បង់​ជីវិត។ បន្ទាប់​ពី​កូន​ប្រុស​របស់​គាត់​ពីរ​នាក់ បាន​បាត់​បង់​ជីវិត បន្ទាប់​ពី​ពួក​គេ​ទើប​តែ​បាន​រៀប​ការ​ជា​មួយ​នាង​តាម៉ារ គាត់​ក៏​បាន​បោះ​បង់​ចោល​ភារៈ​កិច្ច នៅ​ក្នុង​ការ​ផ្គត់​ផ្គង់​នាង ដោយ​ស្ងាត់​ៗ(ខ.៨-១១)។ ដោយ​ទាល់​គំនិត នាង​តាម៉ារ​ក៏​បាន​យក​ស្បៃ​របស់​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​បាំង​មុខ​ខ្លួន​ឯង ដើម្បី​ក្លែង​ខ្លួន​ធ្វើ​ជា​ស្រី​ពេស្យា ហើយលោក​យូដា​ក៏​បាន​ទៅ​រួម​ដំណេក​ជា​មួយ​នាង(ខ.១៥-១៦)។

តែ​ពេល​ដែល​លោក​យូដា​បាន​ដឹង​ថា កូន​ប្រសារ​ស្រី​របស់​គាត់​មាន​ផ្ទៃ​ពោះ គាត់​ក៏​មាន​ប្រតិកម្ម​ភ្លាម​ៗ ដោយ​ចង់​សម្លាប់​នាង។ គាត់​ក៏​បាន​ទាម​ទា​ឲ្យ​គេ​នាំ​នាង​ចេញ​ក្រៅ ដើម្បី​ដុត​នាង​សម្លាប់​(ខ.២៤)។ ប៉ុន្តែ នាង​តាម៉ារ​មាន​ភស្តុតាង​ដើម្បី​បញ្ជាក់​ថា លោក​យូដា គឺជា​ឪពុក​របស់​ក្មេង ដែល​នៅ​ក្នុង​ផ្ទៃ​នាង(ខ.២៥)។

លោក​យូដា​អាច​បដិសេធ​ការ​ពិត នៅ​ពេល​នោះ។ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​ទទួល​ស្គាល់​ការ​លាក់​ពុត​របស់​គាត់ ហើយក៏​បាន​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ថែរក្សា​នាង ដោយ​និយាយ​ថា “នាង​សុចរិត​ជាង​គាត់”(ខ.២៦)។

ហើយ​ព្រះ​ជាម្ចាស់​ក៏​បាន​បញ្ចូល​សាច់​រឿង​ដ៏​ងងឹត​របស់​លោក​យូដា និង​នាង​តាម៉ារ ទៅ​ក្នុង​រឿង​នៃ​ការ​ប្រោស​លោះរបស់​ទ្រង់។ កូន​ចៅ​ជំនាន់​ក្រោយ​របស់​នាង​តាម៉ារ(ខ.២៩-៣០) ក៏​បាន​ក្លាយ​ជា​បុព្វ​បុរស​របស់​ព្រះ​យេស៊ូវ(ម៉ាថាយ ១:២-៣)។

ហេតុ​អ្វី​បាន​ជា​រឿង​នៅ​ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ​ជំពូក​៣៨ ត្រូវ​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​ប៊ីប? មូល​ហេតុ​ទី​មួយ គឺ​ដោយ​សារ​រឿង​នេះ ឆ្លុះ​បញ្ចាំង​អំពី​ចិត្ត​របស់​យើង​ដែល​លាក់​ពុត និង​ព្រះ​ទ័យ​របស់​ព្រះ​ជាម្ចាស់ ដែល​មាន​សេចក្តី​ស្រឡាញ់ ព្រះគុណ និង​សេចក្តី​មេត្តា​ករុណា។—TIM GUSTAFSON