លោក​ស៊ែមញួល មីលស៍(Samuel Mills) និង​មិត្ត​ភក្តិ​របស់​គាត់​បួន​នាក់ ច្រើន​តែ​ជួប​ជុំ​គ្នា អធិស្ឋាន សូម​ព្រះ​ទ្រង់ចាត់​មនុស្ស​ឲ្យ​កាន់​តែ​ច្រើន ឲ្យ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ។ ថ្ងៃ​មួយ ក្នុង​ឆ្នាំ​១៨០៦ បន្ទាប់​ពី​គាត់​វិល​ត្រឡប់​មកពី​ការ​ជួប​ជុំ​គ្នា​អធិស្ឋាន ពួក​គេ​ក៏​បាន​ជួប​ព្យុះ​រន្ទះ ហើយ​ក៏​បាន​ចូល​ជ្រក​ក្នុង​ជង្រុក​មួយ។ ការ​ជួប​ជុំ​គ្នា​ប្រចាំ​សប្តាហ៍​របស់​ពួក​គេ​នៅ​ពេល​នោះ ក៏​ត្រូវ​បាន​គេ​ហៅ​ថា ការ​ប្រជុំ​អធិស្ឋាន​ក្នុង​ជង្រុក ហើយបានក្លាយជា​ចលនា​បេសក​កម្ម​អន្តរ​ជាតិ​មួយ។ សព្វ​ថ្ងៃ​នេះ វិមាន​នៃ​ការ​ប្រជុំ​អធិស្ឋាន​ក្នុង​ជង្រុក មាន​ទីតាំង​នៅ​មហា​វិទ្យាល័យ​វីលៀម នៅ​សហ​រដ្ឋ​អាមេរិក ជា​ការ​រំឭក​អំពី​ការ​អស្ចារ្យ​​ដែល​ព្រះ​ជា​ម្ចាស់​អាច​ធ្វើ តាម​រយៈ​ការ​អធិស្ឋាន​របស់​យើង។

ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​សប្បាយ​ព្រះ​ទ័យ ពេល​ដែល​កូន​ៗ​របស់​ទ្រង់ ចូល​មក​រក​ទ្រង់ ដោយ​ការ​ទូលសូម​រួមគ្នា​។ ការ​នេះ​គឺ​ដូច​ជា​ការ​ជួប​ជុំ​គ្រួសារ ដែល​ក្នុង​នោះ​ពួក​គេ​មាន​ការ​ចូល​រួម ដោយ​គោល​បំណង​តែ​មួយ ដោយ​ចែក​រំលែក​បន្ទុក​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

សាវ័ក​ប៉ុល​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​បាន​ជួយ​គាត់ តាម​រយៈ​ការ​អធិស្ឋាន​របស់​អ្នក​ដទៃ ក្នុង​អំឡុង​ពេល​នៃ​ការ​រង​ទុក្ខ​ដ៏​ធ្ងន់​ធ្ងរ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ ដោយ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ជួយ​អង្វរ​ជួស​យើង​ខ្ញុំ​ផង”(២កូរិនថូស ១:១០-១១)។ ព្រះ​ជា​ម្ចាស់​បាន​សម្រេច​ព្រះ​ទ័យ​ប្រើ​ការ​អធិស្ឋាន​របស់​យើង ជា​ពិសេស​ការ​រួម​គ្នា​អធិស្ឋាន ដើម្បី​សម្រេច​ព្រះ​រាជ​កិច្ច​ទ្រង់ ក្នុង​ពិភព​លោក។ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា មនុស្ស​ជា​ច្រើន​នឹង​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ការ​ឆ្លើយ​តប ចំពោះ​ការ​អធិស្ឋាន​របស់​មនុស្ស​ជា​ច្រើន​។

ចូរ​យើង​រួម​គ្នា​អធិស្ឋាន ដើម្បី​ឲ្យ​យើង​អាច​អរ​សប្បាយ​ជា​មួយ​គ្នា នៅ​ក្នុង​សេចក្តី​ល្អ​របស់​ព្រះ​ជា​ម្ចាស់។ ព្រះ​វរបិតា​នៃសេចក្តី​ស្រឡាញ់​របស់​យើង កំពុង​តែ​រង់​ចាំ​យើង​ចូល​មក​រក​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​អាច​ធ្វើ​ការ តាម​រយៈ​យើង តាម​របៀប​ដែល​អាច​ឈោង​ចាប់ លើស​ការ​រំពឹង​គិត​របស់​យើង​ទៅ​ទៀត។—POH FANG CHIA