កាល​ពី​មុន ខ្ញុំ​មាន​ស្នាម​ពណ៌​ខ្មៅ នៅ​លើ​ច្រមុះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ជួប​គ្រូពេទ្យ។ គេ​ក៏​បាន​យក​បំណែក​ជា​លិការបស់​ស្នាម​ពណ៌​ខ្មៅ​នោះ ទៅ​វិភាគ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លទ្ធ​ផល​នៃ​ការ​ពិនិត្យ​ក៏​បាន​បង្ហាញ​ថា ខ្ញុំ​មាន​ជំងឺ​មហារីក​ស្បែក។ វា​ជា​ដំណឹង​ដែល​ខ្ញុំ​មិន​ចង​ឮ។ ទោះ​គេ​អាច​ព្យាបាល​មហារីក​នោះ ដោយ​ការ​វះ​កាត់ ហើយ​វា​មិន​បានគំរាម​កំហែង​ជីវិត​ខ្ញុំ​ក្តី ក៏​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា វា​ប្រៀប​ដូច​ជា​គ្រាប់​ថ្នាំ​ដ៏​ល្វីង​ដែល​ខ្ញុំ​ត្រូវ​តែ​លេប។

ព្រះ​ជា​ម្ចាស់​បាន​បង្គាប់​លោក​អេសេគាល ឲ្យ​ធ្វើ​កិច្ចការ​មួយ ដែល​ពិបាក​ដូច​ការ​លេប​គ្រាប់​ថ្នាំ​ដ៏​ល្វីង។ ទ្រង់​បាន​ឲ្យគាត់​លេប​ក្រាំង​មួយ ដែល​មាន​កត់​ទុក​សុទ្ធ​តែ​ពាក្យ​ទំនួញ ពាក្យ​សោកសៅ និង​សេចក្តី​វេទនា(អេសេគាល ២:១០ ៣:១-២)។ គាត់​ត្រូវ​លេប​វា​ចូល​ទៅ​ក្នុង​ពោះ ហើយ​ថ្លែង​ពាក្យ​ដែល​មាន​ក្នុង​ក្រាំង​នោះ ដល់​ជន​ជាតិ​អ៊ីស្រាអែល ដែលព្រះ​ទ្រង់​បាន​ចាត់​ទុក​ពួក​គេ​ជា “ពួក​មនុស្ស​ដែល​រឹង​ចចេស និង​មាន​ចិត្ត​ខែង”(២:៤)។ គេ​ប្រហែល​ជា​គិត​ថា ក្រាំង​ដែល​មាន​កត់​ទុក​ពាក្យ​សម្រាប់​កែ​តម្រង់  មាន​រស់​ជាតិ​ដូច​ថ្នាំ​​ល្វីង​ដែរ។ តែ​លោក​អេសេគាល​បាន​ពិពណ៌នា​ថា វាមាន​រស់​ជាតិ​ផ្អែម​ដូច​ទឹក​ឃ្មំ នៅ​ក្នុង​មាត់​របស់​គាត់​(៣:៣)។

លោក​អេសេគាល​បាន​ស្គាល់​រស់​ជាតិ នៃ​ការ​កែ​តម្រង់​របស់​ព្រះ។ គាត់​មិន​បាន​គិត​ថា ពាក្យ​ស្តី​បន្ទោស​របស់​ទ្រង់ មានរស់​ជាតិ​ល្វីង​ជូរ​ចត់ ដែល​គួរ​ឲ្យ​ជៀស​វាង​នោះ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​ទទួល​ស្គាល់​ថា អ្វី​ក៏​ដោយ​ដែល​ល្អ​សម្រាប់​វិញ្ញាណ​មនុស្ស គឺ​មាន “រស់​ជាតិ​ផ្អែម”។ ព្រះ​ជា​ម្ចាស់​បាន​ប្រៀន​ប្រដៅ និង​ការ​តម្រង់​យើង ដោយ​សេចក្តី​សប្បុរស និង​ក្តី​ស្រឡាញ់ ដោយ​ជួយ​យើង​ឲ្យ​រស់​នៅ តាម​របៀប​ដែល​ថ្វាយ​ព្រះ​កិត្តិ​នាម និង​គាប់​ព្រះ​ទ័យ​ទ្រង់។​

សេចក្តី​ពិត​ខ្លះ មាន​រស់​ជាតិ​ដូច​ថ្នាំ​ដែល​ល្វីង ដែល​ពិបាក​នឹង​លេប​ចូល តែ​សេចក្តី​ពិត​ខ្លះ​ទៀត មាន​រស់​ជាតិ​ផ្អែម។ បើ​យើង​ចាំ​ថា ព្រះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា នោះ​សេចក្តី​ពិត​របស់​ទ្រង់​នឹង​មាន​រស់​ជាតិ​ផ្អែម ដូច​ទឹក​ឃ្មំ។​ ទ្រង់​ប្រទាន​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​រាល់​គ្នា ដោយ​ប្រទាន​ប្រាជ្ញា និង​កម្លាំង ដើម្បី​អត់​ទោស​ឲ្យ​អ្នក​ដទៃ និង​ងាក​ចេញ​ពី​ការ​និយាយ​ដើម ហើយ​ស៊ូ​ទ្រាំ នៅ​ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។​ ឱ​ព្រះ​អម្ចាស់ សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ដឹងថា ប្រាជ្ញា​ព្រះ​អង្គ គឺ​ជា​ការ​ប្រឹក្សា ដែល​ពិត​ជា​មាន​រស់​ជាតិ​ផ្អែម។—KIRSTEN HOLMBERG